យោងតាមសេចក្ដីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។
ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។
គួរឱ្យដឹងផងដែរថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ៕
អត្ថបទដោយ៖ Senghong