ជំងឺមេរោគក្នុងក្រពះគឺកើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយរបស់មនុស្សម្នាក់ចុះខ្សោយ ញ៉ាំរបបអាហារមិនបានត្រឹមត្រូវ និងកង្វះជាតិម៉ាញេស្យូមនៅក្នុងខ្លួន។ មេរោគក្រពះគឺជាប្រភេទជំងឺឆ្លង ហើយមិនមែនកើតតែចំពោះមនុស្សពេញវ័យនិងមនុស្សចាស់ប៉ុណ្ណោះទេ កុមារតូចតូចៗក៏អាចកើតជំងឺនេះបានដែរ។
ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ medicalnewstoday វេជ្ជបណ្ឌិត Satyaki Saikia ឯកទេសផ្នែកក្រពះពោះវៀនបានបញ្ជាក់ច្បាស់ៗថា ជាតិម៉ាញេស្យូម និងជាតិសរសៃគឺមាននាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពក្រពះពោះវៀន ជួយទប់ស្កាត់ការឆ្លងមេរោគចូលទៅក្នុងក្រពះនិងពោះវៀន ថែមទាំងជំនួយទៅដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អថែមទៀតផង។
ដូច្នេះដើម្បីបង្កើនកម្រិតជាតិម៉ាញេស្យូមក្នុងរាងកាយឱ្យគ្រប់គ្រាប់ ទប់ស្កាត់មេរោគ និងលាងសម្អាតមេរោគក្នុងក្រពះពោះវៀនឱ្យបានស្អាត វេជ្ជបណ្ឌិតណែនាំឱ្យបង្កើតទម្លាប់ញ៉ាំអាហារ៥មុខខាងក្រោមឱ្យបានរាល់ថ្ងៃ៖
១. ខ្ញី៖ គឺជារុក្ខជាតិម៉ើមដែលគេចាក់ចូលជាបន្លែមួយប្រភេទមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ក្នុងម៉ើមខ្ញីគឺវាមានផ្ទុកជាតិម៉ាញេស្យូម ជាតិសរសៃជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារ ទប់ស្កាត់បាក់តេរីមេរោគ និងសម្អាតជាតិកង្វក់មេរោគចេញពីក្រពះបានយ៉ាងល្អផងដែរ។ ខ្ញីគឺគេណែនាំឱ្យញ៉ាំនៅពេលព្រឹកជាមួយទឹកក្តៅក្រោយអាហាររាល់ព្រឹក។
២. ផ្លែប៉ោម៖ ប៉ោមជាផ្លែឈើម្យ៉ាងដែលមានផ្ទុកជាតិសរសៃច្រើនជំនួយដល់ប្រព័ន្ធរំលាយអាហារ ដេញជាតិអាស៊ីត មេរោគចេញពីក្រពះ។ ផ្លែប៉ោមគេណែនាំឱ្យញ៉ាំ១ផ្លែរៀងរាល់ព្រឹកមុនអាហារក៏បានក្រោយអាហារក៏បានល្អបំផុត។
៣. ប្រទាលកន្ទុយក្រពើ៖ ការសិក្សាបានរកឃើញថា សាច់របស់ប្រទាលកន្ទុយក្រពើមានផ្ទុកជាតិសរសៃ និងរំអិល ដែលមាននាទីជួយរារាំងការលូតលាស់របស់មេរោគនិងបាក់តេរី ថែមទាំងទប់ស្កាត់មេរោគកុំឱ្យចូលក្នុងក្រពះបានថែមទៀតផង។ ក្រទាលកន្ទុយក្រពើនេះអ្នកអាចញ៉ាំស្រស់ក៏បាន ឬយកទៅចម្អិនធ្វើជាភេសជ្ជៈក៏បានញ៉ាំនៅពេលព្រឹកនិងល្ងាចល្អបំផុត។
៤. ពន្លកខាត់ណាខៀវ៖ ពន្លកផ្កាខាត់ណា គឺជាកូនដើមផ្កាខាត់ណាដែលមានអាយុត្រឹម៥ទៅ៦ថ្ងៃដំបូងមុនក្លាយទៅជាដើមខាត់ណា ។ ពួកវាផ្ទុកនូវសារធាតុគីមីដែលមានផ្ទុកស្ពាន់ធ័រខ្ពស់ខ្លាំងហៅថា sulforaphane ។ Sulforaphane ត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងការបន្សាបជាតិពុល។
ការស្រាវជ្រាវបានរកឃើញថាការទទួលទានពន្លកខាត់ណាខៀវ 14 ទៅ 56 ក្រាម ពីរដងក្នុងមួយថ្ងៃ ជួយជម្រះមេរោគក្រពះ ទប់ស្កាត់បាក់តេរីបានយ៉ាងល្អ។
៥. ខ្ទឹមស៖ ខ្ទឹមសគឺជាថ្នាំប្រឆាំងនឹងការរលាកធម្មជាតិ ហើយថែមទាំងមានលក្ខណៈសម្បត្តិអង់ទីប៊ីយ៉ូទិកធម្មជាតិទៀតផង។ ការទទួលទានខ្ទឹមសទាំងឆ្អិន និង ឆៅ អាចជួយសម្លាប់ បាក់តេរី Helicobacter pylori ដែលជាបាត់តេរីបង្កមេរោគក្រពះ។ ការសិក្សាឆ្នាំ 2016 បានរកឃើញថា ការទទួលទានខ្ទឹមស 2 កំពឹស (ប្រហែល 3 ក្រាម) ក្នុង១ថ្ងៃជួយប្រឆាំងមេរោគក្រពះបានល្អបំផុត។
បន្ថែមពីលើនេះទៀត មនុស្សគ្រប់រូបត្រូវសម្គាល់អាការខ្លួនឯង ប្រសិនបើអ្នកមានរោគសញ្ញា៖ ឈឺពោះ អស់កម្លាំង ការក្រហាយទ្រូង ចង្អោរ លាមកប្រែពណ៌ រាគ ភាពស្លេកស្លាំង ថយចុះឬបាត់បង់ចំណង់អាហារ...នេះជាសញ្ញាមេរោគក្នុងក្រពះ។ ដូច្នេះត្រូវប្រញាប់រកវិធីដោះស្រាយ និងបង្កើតទម្លាប់ញ៉ាំអាហារទាំង៥ខាងលើឱ្យបានរាល់ថ្ងៃ៕
អត្ថបទដោយ៖ មឿន គន្ធា