តោះ! មុនចូលទៅដល់វិធីធ្វើឱ្យស្បែកមានសំណើម ទន់រលោងដូចកូនង៉ា យើងមកដឹងពីការតេស្តមើលស្បែកខ្លួនឯងសិន ថាកំពុងតែមានស្បែកស្ងួតកម្រិតណា? នៅពេលដែលអ្នកមានស្បែកស្ងួត ខ្វះជាតិទឹក អ្នកនឹងសង្កេតឃើញមានសញ្ញាជាច្រើនកើតឡើងដូចជា ស្ងួតខ្វះសំណើម, រមាស់, មានផ្នត់ៗ, របកផ្នែកខ្លះៗដូចជាបាតដៃ ស្បែកដៃជើងនិងខ្លួន, ករណីខ្លះមានប្រេះ ដូចជាកែងជើង, រមាស់មិនឈប់ រមាស់ពេញខ្លួនទោះបីជាងូតទឹកស្អាតហើយក៏ដោយ, ស្នាមជ្រួញកើនឡើង, ងាយនឹងរបក ឬរបួស, ឈឺស្បែក ទាំងស្បែកក្បាលនិងរាងកាយជាដើម។
ប្រសិនបើអ្នកមានសញ្ញាទាំងនេះ ស្បែករបស់អ្នកកំពុងតែត្រូវការសំណើមខ្លាំងណាស់ ហើយអ្នកចាំបាច់ត្រូវតែបន្ថែមសំណើមឱ្យស្បែក ចៀសវាងយូរៗទៅបង្កជាការរលាកស្បែក, ឆាប់ចាស់លឿន, កើនស្នាមផ្នត់និងជ្រួញខ្លាំង។ ខាងក្រោមនេះគឺជាវិធីចំនួន៦ ដែលHavard Health Publishing បានសិក្សារកឃើញថាវាអាចជួយឱ្យស្បែកមានសំណើម ទន់រលោងឡើងវិញបាន ក្រៅពីការប្រើប្រាស់ឡេផ្តល់សំណើមឱ្យស្បែក។
១. ប្រើម៉ាស៊ីនសំណើមក្នុងរដូវរងា ធ្លាក់ខ្យល់: បើអ្នកមានម៉ាស៊ីនរក្សាសំណើមស្បែក មិនថាដងខ្លួន ឬមុខ អ្នកអាចកំណត់វាប្រហែល៦០% ដែលនេះជាកម្រិតមួយគ្រប់គ្រាន់ដើម្បីផ្តល់សំណើមដល់ស្បែក។ ចំណុចនេះអាចនឹងថ្មីបន្តិចសម្រាប់ប្រទេសកម្ពុជាយើង ប៉ុន្តែកន្លងមកយើងសង្កេតឃើញមានម៉ាស៊ីនផ្តល់សំណើមមុខច្រើនប្រភេទលើទីផ្សារ ដែលបងប្អូនអាចសិក្សាទិញប្រើប្រាស់បាន។
២. ងូតទឹកឱ្យលឿនៗ: កំណត់ខ្លួនឯងឱ្យងូតទឹកត្រឹម ៥ ទៅ ១០នាទី ទៅបានហើយក្នុងអំឡុងពេលស្បែកស្ងួត។ ប្រសិនបើអ្នកងូតទឹកយូរជាងនេះ វាធ្វើឱ្យស្រទាប់ខ្លាញ់ជាច្រើនចេញពីស្បែក ដែលកាន់តែធ្វើឱ្យស្បែកស្ងួត ខ្វះសំណើមថែមទៀត។ ហើយអាចប្រើទឹកក្តៅឧណ្ហៗតិចៗ ល្អជាជាងទឹកក្តៅខ្លាំងព្រោះទឹកក្តៅនឹងធ្វើឱ្យប្រេងធម្មជាតិចេញពីស្បែកអស់មិនខានឡើយ។
៣. កាត់បន្ថយការប្រើប្រាស់សាប៊ូ: ស្បែកស្ងួត ប្រើសាប៊ូច្រើនមិនល្អទេ។ ការលាងជម្រះសាប៊ូ បំបាត់ក្លិន សាប៊ូទឹកអប់ និងផលិតផលអាល់កុលផ្សេងៗទៀត គឺវាអាចកម្ចាត់ប្រេងធម្មជាតិរបស់ស្បែកបាន ធ្វើឱ្យស្បែកកាន់តែស្ងួត សូម្បីតែសាប៊ូដែលបោកខោអាវ បន្ទន់ខោអាវ ដែលយើងពាក់ខោអាវប្រើសាប៊ូខ្លាំងក៏ស្ងួតស្បែកដែរ។
៤. សូមថ្នមស្បែកខ្លះផង: ពេលស្បែកស្ងួត មិនគួរប្រើអេប៉ុងងូតទឹក ច្រាសដុសសម្អាត និងក្រណាត់ជូតសម្ងួតធ្ងន់ៗពេកទេ។ កុំស្បែកខ្លាំងៗ ព្រោះវានឹងធ្វើឱ្យស្បែកកាន់តែស្ងួត អាចបង្កជាការលាកថែមទៀតផង។
៥. កុំអេះ: នៅពេលស្បែកស្ងួត អ្នកនឹងរមាស់ ប៉ុន្តែសូមកុំអេះស្បែកខ្លាំងៗពេក។ អ្នកគួរតែប្រើកញ្ចប់ត្រជាក់ ឬបង្ហាប់ដើម្បីបំបាត់កន្លែងរមាស់នោះវិញ។
៦. មើលខោអាវទូខោអាវ: ប្រសិនបើមានខោអាវពពួកមានរោមចៀម អាគ្រីលីក ឬក្រណាត់ផ្សេងទៀតដែលធ្វើឱ្យស្បែករលាក សូមទុកវា១ផ្នែកសិនទៅ ព្រោះខោអាវទាំងនេះវាអាចធ្វើឱ្យស្បែកអ្នកស្ងួតថែមទៀត។
សម្រាប់តិចនិចខ្លះៗពីចាបបៃតងវិញ សូមណែនាំឱ្យបងប្អូនដែលមានស្បែកស្ងួតព្យាបាលញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណបញ្ចេញជាតិពុល និងគេងឱ្យគ្រប់៦ទៅ៨ម៉ោងក្នុងមួយយប់។ លើសពីនេះ អាចបន្ថែមឡេសុទ្ធដែលជាឡេផ្តល់សំណើមឱ្យស្បែក ឬប្រើប្រេងធម្មជាតិដូចជាប្រេងដូង លាបលើស្បែក ដើម្បីឱ្យស្បែកទន់ៗ រលោងមានសំណើមដូចស្បែកកូនក្មេង៕
អត្ថបទដោយ៖ កញ្ញា លីហួយ