បើអ្នកចង់បានជីវិតរស់នៅសុខស្រួល និងចំណូលកើននោះ អ្នកគួរតែដាក់ចិត្តដាក់កាយរៀនសូត្រពីមហាសេដ្ឋីលោក Bill Gates ជាសហគ្រិនម្នាក់ដែលមានមនុស្សការគោរពស្រឡាញ់ច្រើនបំផុតនៅសម័យរបស់យើងនេះ។ ទម្រាំតែជោគជ័យ និងមានទ្រព្យសម្បត្តិដូចជាសព្វថ្ងៃនេះ គាត់មានក្បួនរបៀបរស់នៅ និងរបៀបធ្វើការងារផងដែរ។
១. ចេះគិតពីអនាគតឱ្យច្រើន៖ អនាគតរបស់អ្នកស្ថិតលើគំនិត និងការប្តេជ្ញាចិត្តលើការងាររបស់អ្នកធ្វើវាឱ្យសម្រេចបានផល។ នេះជារបៀបលោក Bill Gatesប្រកាន់ខ្ជាប់ខ្លួនជាមួយក្តីស្រមៃគិតពីអនាគតផងដែរ។ គាត់ជាបុគ្គលម្នាក់មានចិត្តប្រកួតប្រជែង ដើម្បីអនាគត។ លោក Bill Gates អាចរចនាអនាគតបានល្អបែបនេះ ព្រោះតែគាត់រៀបចំចក្ខុវិស័យអនាគត គិតពីអនាគត និងខំធ្វើការតាមក្តីស្រមៃ លទ្ធផលចេញមកគឺក្រុមហ៊ុន Microsoft មានតម្លៃរាប់ពាន់លានដុល្លារ។ ក្រុមហ៊ុនគាត់ត្រូវតែមានគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីរីកលូតលាស់នាពេលអនាគត។
២. ពេលវេលាមានតម្លៃកាត់ថ្លៃមិនបានទេ៖ ពេលវេលាពិតជាធនធានដ៏សំខាន់បំផុតសម្រាប់កសាងមុនជំនួញ និងអនាគតរបស់មនុស្សគ្រប់គ្នា និងលោក Gates ។ គាត់បាននិយាយថា ទោះបីខ្ញុំមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏ខ្ញុំមិនអាចទិញពេលវេលាឱ្យត្រឡប់ថយក្រោយបានដែរ។ ដូចនេះ កុំខ្ជះខ្ជាយម៉ោងធ្វើការរបស់អ្នក អ្នកត្រូវគិតឱ្យឆ្លាតអំពីរបៀបដែលអ្នកកំពុងចំណាយពេលជាប្រចាំថ្ងៃ”។ ចំណូលនិងក្តីសុខក្នុងជិវិត អាស្រ័យលើអ្នកចេះប្រើពេលវេលា។
៣. គិតច្នៃប្រឌិតផលិតឱ្យឡូយ៖ ពិភពលោករបស់យើងមានការផ្លាស់ប្តូរជានិច្ច បើខ្លួនអ្នកមិនរីកចម្រើន និងសមត្ថភាពខ្សោយនោះ ពិភពលោកនឹងដួលអ្នកមិនខានឡើយ។ បើចង់ឱ្យជំនួញ និងជីវិតអ្នករីកចម្រើននោះ អ្នកត្រូវតែចេះគិតច្នៃប្រឌិតលើជំនាញឱ្យពូកែ និងផលិតឱ្យល្អលើសគេ ទើបមានទិញចំណូលកើនឡើង។ នេះជារបៀបលោក Bill Gates រីកចម្រើនក្នុងពិភពជំនួញ។ គាត់តែងតែផ្តោតលើការច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីឱ្យក្រុមហ៊ុន Microsoft រីកចម្រើនជានិច្ច ។ លោក Bill Gates បាននិយាយថា នៅក្នុងក្រុមហ៊ុនយើងអាចធ្វើដំណើរទៅមុខបានលឿនអាស្រ័យលើពួកយើងចេះច្នៃប្រឌិតគំនិតថ្មីៗ និងប្រកាន់ខ្ជាប់លើកិច្ចការរបស់ខ្លួនតាមតួនាទីនេះឯង។
៤. បរាជ័យជាឱកាសរៀនសូត្រ ដើម្បីកែប្រែឱោ្យប្រសើរឡើង៖ កំហុសអាចដើរតួជាមេរៀនដល់យើងទាំងអស់គ្នា ឱ្យរីកចម្រើន បើយើងចេះរៀនសូត្រពីវានោះ។ ព្រោះក្នុងដំណើរជីវិត ឬអាជីកម្មនោះ មានកំហុសច្រើនយើងមើលមិនឃើញទេ។ សម្រាប់លោក Bill Gates គាត់បានឆ្លងកាត់កំហុសច្រើនណាស់ ដើម្បីជំនួសឱ្យការអង្គុយមិនសប្បាយចិត្ត គាត់ត្រូវតែរៀនពីកំហុសទាំងអស់នេះ ដើម្បីឱ្យអនាគតរីកចម្រើនបានលឿន។ លោក Gates និយាយថា យើងគួរតែអបអរភាពជោគជ័យ ប៉ុន្តែពេលបរាជ័យ យើងត្រូវរៀនពីវា ធ្វើជាមេរៀនដ៏មានតម្លៃ ក្នុងការដំណើរទៅមុខទៀត៕
អត្ថបទដោយ៖ ទ្រ សុភាព

