មនុស្សជាច្រើនតែងយល់ថា បញ្ហាមុនភាគច្រើនកើតមកពីហ្សែន និងតំណពូជ ឬអរម៉ូនប្រែប្រួល។ ប៉ុន្តែផ្ទុយទៅវិញ កត្តាសំខាន់បំផុតដែលនាំឱ្យមុខកើតមុន និងមានស្នាមអុចខ្មៅ គឺមកពី ការញ៉ាំអាហារខុស ប្រើប្រាស់ផលិតផលខុស លាងសម្អាតមុខបានស្អាតល្អជាដើម។ ដូច្នេះដើម្បីការពារស្បែកមុខរបស់អ្នកកុំឱ្យមានមុខ និងស្នាមអុចខ្មៅ អ្នកត្រូវអនុវត្តទម្លាប់ខាងក្រោមឱ្យបានជាប្រចាំ៖
១. កាត់បន្ថយញ៉ាំអាហារហឹរ មីកញ្ចប់ និងអាហារបំពង៖ កញ្ញា Eve Tang ធ្លាប់បានប្រាប់មកចាបបៃតងថា អាហារហឹរ មីកញ្ចប់ និងអាហារបំពងជាអាហារដែលធ្វើឱ្យមុខរបស់យើងកើតមុនបានលឿនបំផុត។ ការញ៉ាំហឹរធ្វើឱ្យរន្ធញើសរបស់យើងបើក បញ្ចេញញើស ជាពិសេសញើសដែលចេញពីក្បាល ហើយហូរចុះមកកាន់ផ្ទៃមុខ បង្កឱ្យមានការកកស្ទះនៅត្រង់ចំណុចគល់រោម ដែលជាភ្នាក់ងារបង្កទៅជាខ្លាញ់ និងវិវត្តកើតទៅជាមុនបានយ៉ាងលឿន។
លើសពីនេះ អាហារដែលមានសារជាតិហឹរមួយចំនួន មានផ្ទុកអាស៊ីតលីកូពីន ដែលអាចធ្វើឲ្យស្បែករបស់អ្នករលាក និងឡើងស្នាមខ្មៅផងដែរ។ បើយើងនៅតែបន្តញ៉ាំវារាល់ថ្ងៃ មុននៅលើមុខរបស់យើងនឹងគ្មានថ្ងៃបាត់នោះទេ ទោះជាយើងខំទៅទិញផលិតផលថ្លៃៗល្អៗយ៉ាងណាមកប្រើក៏មិនអាចជួយបានដែរ។
២. ផឹកទឹកក្តៅឧណ្ហៗ១កែវរៀងរាល់ព្រឹក៖ អត្ថប្រយោជន៍នៃការផឹកទឹកនៅពេលព្រឹកជួយបណ្តេញជាតិពុលចេញពីខ្លួន ជួយឱ្យស្បែកមានសំណើម បំពេញជាតិទឹកក្នុងខ្លួន និងជាចំណែកមួយធ្វើឱ្យស្បែកមុខរបស់យើងមិនងាយកើតមុនផងដែរ។
៣. លាបឡេផ្តល់សំណើម៖ មុខដែលកើតមុនខ្លាំង និងមុខប្រតិកម្មគឺគេមិនណែនាំឱ្យប្រើប្រាស់ Skin care ច្រើនមុខនោះទេ។ ជម្រើសដ៏ល្អគឺយើងជ្រើសប្រើតែផលិតផលណាដែលជួយផ្តល់សំណើមមកដល់មុខរបស់យើងបានហើយ។
៤. ការពារកម្តៅថ្ងៃ៖ ស្បែកមុខ ជាប្រភេទស្បែកដែលស្តើងនិងងាយរងជាមួយកម្តៅថ្ងៃជាងស្បែកខ្លួន។ ជាពិសេសបើស្បែករបស់យើងកំពុងតែមានមុនស្រាប់ នៅពេលដែលត្រូវកម្តៅថ្ងៃខ្លាំងធ្វើឱ្យមានប្រតិកម្ម និងកើតជាស្នាមអុចខ្មៅបន្ថែមមកទៀត៕
អត្ថបទដោយ៖ មឿន គន្ធា