មុនលើផ្ទៃមុខជាផលរំខានដែលគួរឱ្យស្អប់ ស្របពេលរឿងមិនអាចបញ្ចប់ បន្ទាប់ពីមុខអស់មុខសស់ស្នាមគួរឱ្យខ្លាច។ បញ្ហាមួយនេះ ត្រូវបានចោទឡើងពាសពេញពិភពលោកជាពិសេសសម្រាប់យុវវ័យដែលទើបតែពេញវ័យ បែរជាត្រូវរងទុក្ខទោរម្នេញដោយសារបញ្ហា មុនស្នាម កើតមានឥតឈប់ឈរ ស្ទើរមិនហ៊ានដើរចេញក្រៅផ្ទះសូម្បីមួយជំហ៊ាន។
ដោយឡែក តើអ្នកដឹងទេថា បញ្ហាមុនស្នាមនេះ មិនមែនកើតមានដោយសារតែការរងសម្ពាធពីបរិយាកាសខាងក្រៅតែមួយមុខនោះទេ? ព្រោះថា របបអាហារដែលអ្នកកំពុងតែទទួលជាប្រចាំថ្ងៃក៏ជាផ្នែកធំមួយដែលធ្វើឱ្យកោសិកាស្បែកឆាប់រងនូវផលប៉ះទង្គិចផងដែរ ប្រសិនបើអ្នកញ៉ាំអាហារមួយចំនួនទាក់ទិនទៅនឹង សារធាតុខ្លាញ់ ស្ករ លើសលប់។
យោងតាមប្រភពចេញផ្សាយ healthline.com បានចែករំលែកនូវប្រភេទអាហារចំនួន ៧មុខ ជួយកម្ចាត់នូវស្នាមមុនលើស្បែកមុខយ៉ាងមានប្រសិទ្ធភាពបំផុត៖
១. ខាត់ណាដើម៖ មានជាតិសរសៃខ្ពស់ ផ្ទុកកាឡូរីទាបសម្បូរទៅដោយ វីតាមីន A, B-6, C,K ម៉ង់ហ្គាណែស កាល់ស្យូម ទង់ដែង ប៉ូតាស្យូម និងម៉ាញ៉េស្យូម។
ប្រសិទ្ធភាព៖ មានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែក្នុងខាត់ណាដើមជួយកាត់បន្ថយការឡើងសម្ពាធឈាមដែលជាគន្លឹះក្នុងការជួយសម្រួលដល់កោសិកាស្បែកដែលងាប់។ វីតាមីន C ក៏ជួយជំរុញការបង្កើតខូឡូជែនជ្រាបចូលទៅជួសជុលផ្សះស្នាមមុន ជាំ និងប្រហោងបានយ៉ាងឆាប់រហ័ស។
២. ដំឡូងជ្វារ៖ ដំឡូងមួយប្រភេទនេះត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវចំណីអាហាររកឃើញថា សម្បូរទៅដោយ សារធាតុ Retinol និង Beta-carotene។
ប្រសិទ្ធភាព៖ សារធាតុ Retinol បំប្លែងទៅជាវីតាមីនA ដែលមានសមត្ថភាពប្រឆាំងនឹងការកកើតមុន និងបំបាត់ភាពជ្រីវជ្រួញ។ ហើយវត្តមាន Retinol ត្រូវបានគេជ្រើសយកជាសារធាតុសំខាន់បំផុតខ្វះមិនបានសម្រាប់ដាក់នៅក្នុងផលិតផលថែរក្សាសម្ផស្សលក់នៅលើទីផ្សារ។ ចំណែកឯ Beta-carotene នឹងប្រែទៅជាវីតាមីនA ដែលមានលក្ខណៈសម្បត្តិដើរតួជារបាំងការពារស្បែកប្រឆាំងនឹងការប្រែពណ៌ ការរលាករោលនិងរន្ធញើសស្ទះដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។
៣. ក្រូចឆ្មា៖ ក្រូចឆ្មាត្រូវបានគេដឹងយ៉ាងច្បាស់ថា សម្បូរទៅដោយវីតាមីន C វីតាមីន B-6, អាស៊ីត pantothenic, ទង់ដែង និងម៉ង់ហ្គាណែស...។
ប្រសិទ្ធភាព៖ សមាសធាតុនៅក្នុងក្រូចឆ្មាអាចជួយ បង្កើនផលិតកម្មខូឡូជែន រារាំងរ៉ាឌីកាល់សេរី កម្ចាត់ចោលនៅសារអាតុកខ្វក់កកជាប់នៅក្នុងស្បែកមុខ និងពន្យាភាពចាស់។
៤. ល្ពៅ៖ ល្ពៅមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនA វីតាមីនC វីតាមីនE វីតាមីន B2 ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស ប៉ូតាស្យូម និងបេតាការ៉ូទីន...។
ប្រសិទ្ធភាព៖ សារធាតុស័ង្កសី និងអាស៊ីតអាល់ហ្វាអុ៊កស៊ី(alpha hydroxy acids) ដែលមាននៅក្នុងល្ពៅអាចធ្វើឱ្យស្បែកទន់រលោង ម៉ត់ និងស្តារនូវតុល្យភាព pH ឡើងវិញ។ សារធាតុទាំង២ខាងលើនេះត្រូវបានគេរកឃើញជាច្រើននៅក្នុងផលិតផលគ្រឿងសម្អាង។
៥. ល្ហុង៖ អត្ថប្រយោជន៍នៃផ្លែល្ហុងគឺសម្បូរទៅដោយ វីតាមីន A, C, K វីតាមីន B រួមទាំងសារធាតុ folate។
ប្រសិទ្ធភាព៖ វីតាមីននិងសារធាតុរ៉ែរបស់ផ្លែល្ហុង ចូលទៅជួសជុលនូវកោសិកាងាប់លើស្បែក ផ្តល់សំណើបដល់ស្បែក អាចជួយលុបបំបាត់ការលេចចេញនូវស្នាមមុន សរសៃក្រហម និងស្នាមជ្រីវជ្រួញ។
៦. ផ្កាខាត់ណា ស៖ ផ្កាខាត់ណាស មានផ្ទុកនូវជាតិសរសៃFiber វីតាមីន B6, C, K, folate ផូស្វ័រ ម៉ាញ៉េស្យូម...។
ប្រសិទ្ធភាព៖ សារធាតុអាស៊ីតអាមីណូដែលមាននៅក្នុងផ្កាខាត់ណាស គេហៅថាអ៊ីស្ត្រូឌីន មានសមត្ថភាព ការពារកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ធ្វើឱ្យខូចស្បែក។
៧. ត្រីសាលម៉ុន៖ ត្រីសាលម៉ុនមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន វីតាមីន B ប៉ូតាស្យូម សេលេញ៉ូម និងអាស៊ីតខ្លាញ់អូមេហ្គា៣។
ប្រសិទ្ធភាព៖ អូមេហ្គា ៣ ការពារស្បែកពីការបំផ្លាញ ដោយពន្លឺព្រះអាទិត្យកាត់បន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺមហារីកស្បែក និងស្នាមអុជខ្មៅដែលបណ្តាលមកពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរ៕