គ្មាននរណាចង់មានមុខ រាងកាយ ស្បែកចាស់ជាងវ័យនោះទេ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃបើហ៊ានតែប្រហែសមិនយកចិត្តទុកដាក់ឱ្យបានច្រើនទេ កុំថាឡើងចាស់តែសម្រស់ សូម្បីតែសុខភាពក៏ឆាប់ចាស់ ងាយរងនឹងជំងឺផ្សេងៗផងដែរ។ ជាក់ស្តែងទម្លាប់៣ខាងក្រោមនេះ ដែលវេជ្ជបណ្ឌិតជំនាញបានបង្ហាញនៅក្នុង Eat This, Not that នឹងធ្វើឱ្យអ្នកមានផ្ទៃមុខ និងសម្រស់បាក់ ឆាប់ចាស់លឿនបំផុត។
ញ៉ាំជាតិស្ករ របស់ផ្អែមៗច្រើនពេក: ការញ៉ាំអាហារដែលមានជាតិស្ករច្រើនពេកអាចធ្វើឱ្យអ្នកចាស់លឿនទាំងសរីរាង្គខាងក្នុងនិងខាងក្រៅ ហើយជះឥទ្ធិពលអវិជ្ជមានលើអ្វីៗគ្រប់យ៉ាងក្នុងជីវិតចាប់ពីខួរក្បាលរហូតដល់ស្បែក។ អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំជាតិស្ករច្រើន នឹងធ្វើឱ្យមានស្នាមជ្រីវជ្រួញច្រើន ព្រោះជាតិស្ករអាចរបំផ្លាញសារធាតុខូឡាជែននិងអេឡាស្ទីន ដែលជាប្រូតេអ៊ីនរក្សាស្បែកឱ្យនៅក្មេង។ បណ្ឌិតសភាសើស្បែកអាមេរិកនិយាយថា "របបអាហារដែលមានជាតិស្ករច្រើនឬកាបូអ៊ីដ្រាតចម្រាញ់ផ្សេងទៀតអាចបង្កើនល្បឿននៃភាពចាស់បានយ៉ាងលឿនជាហេតុធ្វើឱ្យអ្នកឆាប់ចាស់" ។
ស្ត្រេស តានតឹងច្រើន: លោកJeanette Kimszal, RDN, NLC អ្នកជំនាញផ្នែកអាហាររូបត្ថម្ភនៅ Root Nutrition & Education មានប្រសាសន៍ថា “ភាពតានតឹងរ៉ាំរ៉ៃអាចធ្វើឱ្យអ្នកចាស់លឿន។ ការប៉ះពាល់ពីភាពតានតឹងអាចបង្កើតឱ្យមានការថប់បារម្ភ និងការគេងមិនលក់។” ដូចនេះបើមិនចង់ចាស់មានជំងឺជាប់ខ្លួនអាចប្រើបច្ចេកទេសគ្រប់គ្រងស្ត្រេស ដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ និងការអនុវត្តការសម្រាកដូចជាការគិតសមាធិ និង ការដកដង្ហើមជ្រៅៗ អាចជួយបាន។
គេងមិនគ្រប់គ្រាន់: អ្នកវិទ្យាសាស្ត្រនៅ UCLA បានរកឃើញថា ការគេងមិនលក់ត្រឹមតែមួយយប់អាចជាធ្វើឱ្យកោសិការបស់មនុស្ស ចាស់ទៅកាន់តែលឿន។ ប្រហែលជាមិនមែនរឿងគួរឱ្យភ្ញាក់ផ្អើលទេ ក្នុងអំឡុងពេលគេងប្រព័ន្ធនិងកោសិកាសំខាន់ៗជាច្រើនរបស់រាងកាយជួសជុលឡើងវិញនូវកោសិកាដែលបានខូចឬបាត់បង់។ ហើយការគេងដែលមានគុណភាពខ្សោយឬគេងមិនគ្រប់គ្រាន់ ក៏បានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃមួយចំនួនរួមមានទាំងជំងឺបេះដូង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺវង្វេង៕
អត្ថបទដោយ៖ កញ្ញា លីហួយ