ជម្ងឺមហារីកបានក្លាយជាក្ដីកង្វល់មួយសម្រាប់មនុស្សជាតិទាំងមូល ក្នុងនោះក៏មានប្រជាជនខ្មែរយើងមិនតិចទេ ដែលបានកើតជម្ងឺដ៏កាចសាហាវនេះ ។ ជម្ងឺមហារីកជាប្រភេទជម្ងឺស្ងប់ស្ងាត់ ភាគច្រើនគ្មានរោគសញ្ញាធ្វើឲ្យយើងចាប់អារម្មណ៍នោះទេ ទម្រាំកំណត់រោគវិនិច្ឆ័យបាន វាបានឈានដល់កំរិតធ្ងន់ធ្ងរទៅហើយក៏មាន ។ របបចំណីអាហារ និងទម្លាប់នៃការរស់នៅអាចជាមូលហេតុនាំឲ្យកើតជម្ងឺមួយនេះ ។ ថ្ងៃនេះក្រុមការងារ Healthy Cambodia នឹងដកស្រង់ប្រភេទអាហារទាំង៦ ដែលអាចជួយកាត់បន្ថយហានិភ័យ កុំឲ្យកើតជម្ងឺមហារីកដោយដកស្រង់ចេញពី www.medicalnewstoday.com ។
១. ផ្លែប៉ោម៖ មានផ្ទុកសារធាតុ polyphenols ដែលអាចប្រឆាំងនឹងជម្ងឺមហារីក។ ក្រៅពីនេះវាក៏អាចការពារជម្ងឺបេះដូង ការរលាកក្នុង និងការបង្ករោគផ្សេងៗទៀងផងដែរ ។ លទ្ធផលនៃការសិក្សាដែលត្រូវបានចុះផ្សាយ ក្នុងទស្សនាវដ្ដីសុខភាព Food and Drug Analysis បានបង្ហាញថា ផ្លែប៉ោមអាចទប់ទល់នឹងការរីកលូតលាស់នៃកោសិកាមហារីកសុដន់បាន។
២. ផ្លែ Berries៖ មានផ្ទុកវីតាមីនច្រើនប្រភេទ រ៉ែ និងជាប្រភេទអាហារសរសៃផងដែរ ។ ការសិក្សាមួយបានរកឃើញថា សារធាតុ anthocyanin ដែលមាននៅក្នុងផ្លែ blackberries អាចបន្ថយហានិភ័យនៃការកើតជម្ងឺមហារីកពោះវៀន។ ចំណែកការសិក្សាមួយផ្សេងទៀងក៏បានរកឃើញថា ផ្លែ blueberries អាចការពារនៃការរីករាលដាលនៃសុំសាច់មហារីកសុដន់បាន ។
៣. បន្លែ៖ ផ្កាខាត់ណាពណ៌ខៀវ មានផ្ទុកសារធាតុ sulforaphane ដែលមានសមត្ថភាពអាចទប់ទល់ការរីកលូតលាស់នៃកោសិកាមហារីកពោះវៀនបាន ។
៤. ការ៉ុត៖ មានផ្ទុកវីតាមីន K វីតាមីន A សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និង beta-carotene ដែលអាចជួយដល់ប្រព័ន្ធការពាររាងកាយ និងប្រឆាំងជម្ងឺមហារីកបាន។ មានការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ beta-carotene អាចកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីក សុដន់ និងប្រូស្តាតទៀតផង ។ ក្រៅពីនេះក៏មានការសិក្សាផ្សេងទៀតបានបង្ហាញថា ការ៉ុតអាចកាត់បន្ថយនៃការរីករាលដាលនៃជម្ងឺមហារីកក្រពះបានផងដែរ ។
៥. ត្រីមានខ្លាញ់៖ រួមមាន ត្រី salmon , mackerel និង anchovies មានផ្ទុកវីតាមីន B ប៉ូតាស្យូម និង omega-3 ។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំត្រីមានជាតិខ្លាញ់ អាចកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកពោះវៀន និងក្រពេញប្រូស្តាត។
៦. ពពួកសណ្ដែក ៖ រួមមានសណ្ដែកកួរ សណ្ដែកសៀង និងសណ្ដែកដីជាប្រភេទអាហារមានជាតិសរសៃខ្ពស់ អាចជួយកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកពោះវៀន និងជម្ងឺមហារីកសុដន់បាន ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានប្រភេទអាហារណាដែលអាចប្រឆាំងកុំឲ្យកើតជម្ងឺមហារីកបាន១០០%នោះទេ ប៉ុន្តែប្រភេទអាហារដែលបានជម្រាបជូនខាងលើ រួមជាមួយប្រភេទអាហារផ្សេងៗមួយចំនួនទៀត អាចជួយកាត់បន្ថយហានិភ័យកុំឲ្យកើតជម្ងឺមហារីកបានមួយចំនួន ។ ក្រៅពីនេះការពិនិត្យសុខភាពជាប្រចាំ(មួយឆ្នាំឲ្យបានម្ដង ទោះមិនឈឺអ្វីក៏ដោយ) ក៏ជាមធ្យោបាយមួយដើម្បីទទួលបានសុខភាពបានសុខភាពល្អ ៕
អត្ថបទដោយ៖ ហួ ភារ៉ា