ចង់ស្អាតមិនមែនប្រាកដថាត្រូវតែប្រើផ្លូវកាត់ បញ្ជូលគីមីទើបស្អាតបាននោះទេ។ អាហារនៅជុំវិញខ្លួនរបស់អ្នកមួយចំនួន ក៏អាចជួយឱ្យសម្រស់អ្នកស្អាត ក្មេងជាងវ័យបាន រួមទាំងសុខភាពល្អការពារជំងឺបានថែមទៀត។ ស្រឡាញ់សម្រស់ចង់ក្មេងបានយូរ មិនភ័យកើតជំងឺបេះដូង ទឹកនោមផ្អែម លើសឈាមទាំងក្មេង គួរប្តូរពីទទួលទានភេសជ្ជៈកំប៉ុង ជំនួសដោយផឹកភេសជ្ជៈធម្មជាតិទាំង៣នេះ។ ផឹក១បានប្រយោជន៍២ ប៉ូវទាំងសុខភាព ប៉ូវទាំងសម្រស់។
ទឹកល្ពៅ ៖ ផ្លែល្ពៅសម្បូរដោយ វីតាមីន A វីតាមីនC ប៉ូតាស្យូម ជាតិកាកសរសៃ មានកាឡូរីទាបផងដែរ នេះបើផ្អែកតាមherbeauty។ បងប្អូនអាចធ្វើល្ពៅមកស្ងោ ដោយលាយជាមួយអំបិល និងស្ករក្នុងបរិមាណតិចបំផុត ទទួលទានជាប្រចាំផ្ដល់ផលល្អដល់សុខភាព និងស្បែក សម្រួលដល់ការបន្ទោបង់ផងដែរ។ម្យ៉ាងវិញទៀត អាចយកល្ពៅស្ងោ ទៅក្រឡុកជាមួយ ទឹកដោះគោស្រស់ក៏បាន។
ទឹកក្រូច ៖ យោងតាមherbeauty ដដែល បានឱ្យដឹងថា ផ្លែក្រូចសម្បូរដោយជាតិវីតាមីនC ជួយឱ្យស្បែកភ្លឺថ្លា ភ្លឺរលោង ពន្យាភាពចាស់ ។ សម្រាប់សុខភាពវិញទទួលទានផ្លែក្រូចឬទឹកក្រូចស្រស់ជាប្រចាំ ជួយកាត់បន្ថយការឡើងសម្ពាធឈាម កាត់បន្ថយជំងឺសរសៃឈាមខួរក្បាល និងការពារមហារីផងដែរ។ បន្ថែមពីនោះក្រូចសម្បូរដោយជាតិកាកសរសៃ អាចជួយសម្រួលដល់ការរំលាយអាហារ កាត់បន្ថយជំងឺក្រពះពោះវៀន។ ផ្លែក្រូចក៏អាចយកទៅច្នៃជាទឹកក្រូចច្របាច់ក៏បាន ទទួលទានសាច់ក្រូចស្រស់ៗ ឬយកទៅក្រឡុកបញ្ជូលគ្នាជាមួយផ្លែឈើផ្សេងទៀតក៏បាន។
ប័រក្រឡុក៖ ផ្លៃប័រជាផ្លែឈើមួយប្រភេទដែលបានគុណសម្បត្តិមហាសាលសម្រាប់សុខភាព។ផ្លែប័រ ពោរពេញទៅដោយ វីតាមីន C, E, K និង B6 ដែលជួយធ្វើឱ្យស្បែករលោងស្អាត។ អាចយកផ្លែប័រក្រឡុកជាមួយទឹកដោះគោឆៅ ឬទឹកដោះគោសស្រស់ទទួលទានជារាងរាល់ថ្ងៃអាចជួយឱ្យសម្រក់គីឡូបាន។ គួរចៀសវៀងការបន្ថែមស្ករ ឬទឹកដោះគោខាប់ច្រើន ព្រោះសារជាតិផ្អែមនិងធ្វើឱ្យបងប្អូនងាយនិងលើសគីឡូ។
ភេសជ្ជៈទាំង៣ខាងលើនេះ សុទ្ធសឹងថាជាភេសជ្ជៈធម្មជាតិ ដើម្បីកុំឱ្យបាត់អត្ថប្រយោជន៍របស់វា គួរកុំបន្ថែមជាតិស្ករពីលើ។ ចង់ក្មេង ចង់ស្អាត ចង់បានសុខភាព គ្មានជំងឺ លោកអ្នកគួរទទួលទានផ្លែឈើធម្មជាតិ អាចយកវាច្នៃចេញជាភេសជ្ជៈជំនួសឱ្យភេសជ្ជៈកំប៉ុង និងភេសជ្ជប៉ូវកម្លាំងមួយចំនួនបាន៕
អត្ថបទដោយ៖ Senghong