ជំងឺរលាកច្រមុះរុំារ៉ៃ គឺជាការរលាកទៅលើភ្នាក់ផ្លូវដង្ហើមផ្នែកខាងលើ មានរយៈពេលលើសពី១២សប្ដាហ៍ ខុសពីការរលាកច្រមុះស្រួចស្រាល ដែលមានរយៈពេលត្រឹមតែ២ទៅ៣ថ្ងៃឬក៏ឈានដល់៤សប្ដាហ៍ក៏បាត់ទៅវិញហើយ ជំងឺរលាកច្រមុះរុំារ៉ៃ មានរោគសញ្ញាសំខាន់ៗធំៗដូចជា ហៀរសំបោរ ឈឺក្បាល តឹងច្រមុះឆួលច្រមុះ កណ្ដាស់ …ជាដើម។
ជាការពិតណាស់ យោងតាមរយៈការចែកររំលែករបស់វេជ្ជបណ្ឌិត យូ ប៊ូហ៊ាង បម្រើការនៅមន្ទីរពេទ្យមិត្តភាព កម្ពុជាចិន ជាអនុប្រធានផ្នែក ត្រចៀកច្រមុះបំពង់ក វេជ្ជបណ្ឌិតបានជំនាញព្យាបាលរយៈពេល៧ឆ្នាំមកហើយ បានធ្វើការចែករំលែក មកកាន់ក្រុមការងារចាបបៃតង ទាក់ទងនិងជំងឺរលាកច្រមុះរុំារ៉ៃ នឹងបានប្រាប់ពីវិធីការពាររួមទាំងកត្តាដែលនាំឱ្យមានជំងឺរលាកច្រមុះរុំារ៉ៃឡើងមក ។ លោកវេជ្ជបណ្ឌិតបានរៀបរាប់ថា ប្រសិនណា អ្នកមានប្រតិកម្មជាមួយក្រុមអាហារដែលនាំឱ្យរលាកច្រមុះគួរតែចៀសវាង បើមានប្រតិកម្មនិងបរិយាកាសដូចជា កន្លែងដែលមានធូលីច្រើនគួរតែចៀសឆ្ងាយ ព្រោះអាចបង្កឱ្យអ្នកមានបញ្ហាច្រមុះ ឬក៏ពាក់ម៉ាសដើម្បីការពារខ្លួន គឺអាចជួយអ្នកការពារជំងឺរលាកច្រមុះបានច្រើន។
ម្យ៉ាងវិញទៀត កុំព្យាយាមទៅទិញថ្នាំលេបផ្ដេសផ្ដាសព្រោះអាចនឹងនាំឱ្យអាការជំងឺកាន់តែអាក្រក់ជាងមុន ដូច្នេះប្រសិនណាមានបញ្ហាសុខភាពណាមួយត្រូវ មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឱ្យបានត្រឹមត្រូវ ដូចជាជំងឺរលាកច្រមុះជាដើម កុំចូលចិត្តទៅផ្សំថ្នាំលេបគ្មានការណែនាំពីគ្រូពេទ្យជំនាញ។ ព្រោះការផ្សំថ្នាំលេបខ្លួនឯងគឺ អាចប្រឈមប៉ះពាល់សុខភាពនៅពេលញុំា ព្រោះថ្នាំគឺជាអាវុធមុខ២ ប្រើត្រូវជួយសុខភាពប្រើខុសនាំគ្រោះដល់ជីវិតវិញមិនខានឡើយ។ តែប្រសិនណាអ្នកប្រើប្រាស់ថ្នាំ ដោយចេញពីការណែនាំរបស់វេជ្ជបណ្ឌិត គឺមានសុវត្តិភាពខ្ពស់ ព្រោះពេទ្យមានជំនាញ ដឹងពីបរិមាណថ្នាំដែលត្រូវផ្សំឱ្យអ្នកលេប ដឹងថាអ្នកគួរប្រើប្រាស់ថ្នាំកម្រិតប៉ុន្មានត្រឹមត្រូវនិងមិនប៉ះពាល់សុខភាព ហើយអាចជាសះស្បើយពីជំងឺ។ មួយវិញទៀតប្រសិនណាអ្នកដឹងថាខ្លួនឯងបានបញ្ហាអាឡែហ្ស៊ីជាមួយអាហារអ្វីត្រូវតែចៀសវាងក្រុមអាហារទាំងនោះ ដើម្បីការពារជំងឺរលាកច្រមុះរុំារ៉ៃឡើងមក។
មួយវិញទៀត យោងតាមរយៈគេហទំព័រ MAYOCLINIC បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យរលាកច្រមុះដូចជា៖
-អាកាសធាតុ៖ ការប្រែប្រួលអាកាសធាតុ ឬក៏សំណើមអាចធ្វើឱ្យមានបញ្ហាច្រមុះដូចគ្នា គឺអាចនាំឱ្យហើមស្រទាប់ខាងក្នុងនៃច្រមុះបណ្ដាលឱ្យហៀរសំបោរជាដើម។
-អាហារនិងភេសជ្ជ៖ ក្រុមអាហារនិងភេសជ្ជៈមួយចំនួនអាចនាំឱ្យមានបញ្ហារលាកច្រមុះឡើងមក ដូចជាគ្រឿងស្រវឹង អាហារហឹរ អាហារក្ដៅៗញុំាភ្លាម ក៏អាចនាំឱ្យមានបញ្ហាហើមស្រទាប់ច្រមុះខាងក្នុងនាំឱ្យមានបញ្ហាហៀរសំបោរ រលាកច្រមុះឡើងមកដូច្នេះប្រសិនណាអ្នកដឹងខ្លួនថាពេលញុំាអាហារទាំងនេះ មានបញ្ហាគួរតែចៀសវាងឬកាត់បន្ថយការញុំា។
ជំងឺឆ្លង៖ ការរលាកច្រមុះក៏អាចកើតមានឡើងដោយសារ ការឆ្លងជំងឺផ្សេងៗដូចជា ជំងឺគ្រុនផ្ដាសាយ ការផ្លាស់ប្តូរអរម៉ូនជាដើម ក៏អាចនាំឱ្យមានបញ្ហារលាកច្រមុះឡើងមកបាន។
ចំពោះការព្យាបាលជំងឺរលាកច្រមុះ៖
វេជ្ជបណ្ឌិតបានរៀបរាប់ថា គឺព្យាបាលអាស្រ័យលើស្ថានភាពជំងឺ ប្រសិនណារលាកច្រមុះធម្មតា គឺត្រូវប្រើប្រាស់ថ្នាំដើម្បីព្យាបាល តែជំងឺរលាកច្រមុះករណីខ្លះក៏ត្រូវការព្យាបាលដោយការវះកាត់ផងដែរ គឺវះកាត់ដើម្បីជួយឱ្យអ្នកជំងឺស្រួលក្នុងការដកដង្ហើម ចៀសវាងផលរំខាន ដូចជាឆួល ច្រមុះជាដើម ក្នុងករណីអ្នកជំងឺប្រើថ្នាំមិនបាត់។ វិធីព្យាបាលវះកាត់១ទៀត គឺព្យាបាលក្នុងករណីអ្នកជំងឺមាន បញ្ហារចនាសម្ព័ន្ធក្នុងប្រហោងឆ្អឹងថ្ពាល់ ឬក៏អ្នកដែលដាំបង្គោលធ្មេញ ហើយដាំប៉ះនិងឆ្អឹងថ្ពាល់ជាហេតុតម្រូវឱ្យគ្រូពេទ្យធ្វើការវះកាត់។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតក៏បានណែនាំពីឧបករណ៍ទំនើបៗមាន ទាក់ទងនិងការព្យាបាលផ្នែក ត្រចៀកច្រមុះបំពង់កគឺប្រភេទ ENT endoscopy ដើម្បីយកមកព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឱ្យបានធូរស្បើយលឿន ប្រើពេលព្យាបាលលឿន មានប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យព្យាបាលសុទ្ធតែមានជំនាញច្បាស់លាស់។ មានម៉ាស៊ីនឆ្លុះមើលពីរចនាសម្ព័ន្ធក្នុងច្រមុះ ដើម្បីឱ្យគ្រូពេទ្យងាយស្រួលកំណត់រោគសញ្ញានៃជំងឺ និងដឹងពីស្ថានភាពជំងឺច្បាស់លាស់ គួរព្យាបាលដោយប្រើថ្នាំលេបឬក៏វះកាត់ ៕
អត្ថបទដោយ៖ ប៉ែត ធីតា