ត្រជាក់ធ្លាក់ខ្យល់ គួរកុំរំលងភេសជ្ជៈ៣មុខនេះ ជួយរក្សាស្បែកឱ្យមានសំណើម បាត់ផ្ដាសាយ
យោងតាមរយៈ Debra Jaliman, MD ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកនៅទីក្រុងញូវយ៉ក បាននិយាយថា ការទទួលបានទឹកគ្រប់គ្រាន់អាចធ្វើអោយលំហូរឈាមនៅក្នុងស្បែក និងរាងកាយប្រសើរឡើង។ ជាការពិតណាស់ ទឹកគឺមិនអាចខ្វះបានទេ ទឹកមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជួយថែរក្សាស្បែកជាពិសេសនៅក្នុងរដូវធ្លាក់ខ្យល់នេះជួយឱ្យរក្សាស្បែកកុំឱ្យស្ងួត និងជួយបំបាត់ក្ដៅក្នុងផងដែរ។
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយកភេសជ្ជៈ១ក្រុម ដែលអ្នកគួរផឹកប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ចៀសវាងស្ងួតស្បែក បែកស្រកា ស្បែកជ្រួញជាដើម។
១.ទឹកធម្មតា៖ទឹកធម្មតា ក៏បានទឹកក្ដៅឧណ្ហៗក៏បាន គួរតែផឹកឱ្យបានគ្រប់គ្រាន់។ ព្រោះតែត្រជាក់ធ្លាក់ខ្យល់នេះ ងាយនឹងធ្វើឱ្យស្បែកបាត់បង់ជាតិទឹកច្រើន ងាយស្ងួត ប្រេះ បែកស្រការជាដើម។ ដូច្នេះបើអ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ ២ទៅ២លីត្រកន្លះប្រចាំថ្ងៃ អាចជួយរក្សាស្បែកឱ្យមានសំណើមល្អ ជួយបំបាត់ក្ដៅក្នុង ខ្សោះជាតិទឹកឈឺក្បាលវិលមុខ។
២.ទឹកដូង៖ គឺជាផ្លែឈើធម្មជាតិដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពច្រើន ជាពិសេសជួយបំពេញជាតិទឹកក្នុងខ្លួនរបស់អ្នកគ្រប់គ្រាន់ ជួយរក្សាស្បែករបស់អ្នកឱ្យមានសំណើម ការពារកើតមុន ជាពិសសេសសម្បូរដោយសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយច្រើន។
៣.ទឹកខ្ញី៖ ភេសជ្ជៈនេះគឺមានប្រយោជន៍ច្រើនណាស់សម្រាបសុខភាពរបស់អ្នក។ ជាពិសេសគឺល្អសម្រាប់ខែចុះត្រជាក់ ងាយប្រឈមនឹងក្អក ផ្ដាសាយ ហៀរសំបោរ ឈឺក ជាដើម។ អ្នកឧស្សាហ៍ផឹកឱ្យបានជាប់ ជួយឱ្យស្រួលក្នុងខ្លួន ឆាប់បាត់ផ្ដាសាយ ក្អកលឿន។
ជាចុងក្រោយ នារដូវធ្លាក់ខ្យល់ត្រជាក់ សូមបងប្អូនថែរក្សាសុខភាព ជាពិសេសគឺផឹកទឹកឱ្យបានគ្រប់គ្រាន់ បើមានផ្ដាសាយ អាចឧស្សាហ៍ផឹកភេសជ្ជៈខាងលើបានព្រោះអាចជួយ បំបាត់ផ្ដាសាយ ជួយឱ្យឆាប់ជា ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ៕
អត្ថបទដោយ៖ ធីតា
ឯកសារយោង៖ https://pharmeasy.in/blog/12-best-foods-to-ease-your-cough-and-cold/