ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ធកោះពេជ្រ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ក្រសួងបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខ១១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។
ដោយឡែកយោងតាមគណនីហ្វេសប៊ុក Pisey Tun បានបង្ហោះសារកាលពីម្សិលមិញយ៉ាងដូច្នេះថា៖ «នៅតែមិនអស់ចិត្ត អាណិតប្អូនខ្ញុំណាស់ មន្ទីរពេទ្យ កែសម្ផស្សគ្លីនិកបូរិន នៅកៅះពេជ្រ បានធ្វើការវះកាត់កែសម្ផស្សប្អូនខ្ញុំធ្វើអោយស្លាប់ សូមក្រសួងសុខាភិបាលមេត្តាពិនិត្យលើរឿងនេះផង គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ ឬគាត់ចង់បានលុយ ផេករបស់គាត់បាន Block ឆែកមិនឃើញ ក្រោយកើតហេតុ សូមបងប្អូនដែលស្រលាញ់គាត់ជួយស៊ែរផង» ៕
អត្ថបទដោយ៖ ស្រីណុច