អ្វីៗប្រែប្រួលទៅតាមធម្មជាតិ និងពេលវេលារបស់វា សុខភាពឆ្អឹងរបស់អ្នកក៏ដូចគ្នា បើមិនឆាប់ថែរក្សាឱ្យបានល្អទេ អ្នកអាចនឹងប្រឈមបញ្ហាលឿនទោះជាមិនទាន់ដល់វ័យចាស់ក៏ដោយ។ មិនមែនតែមនុស្សចាស់ទេ សូម្បីមនុស្សវ័យក្មេងមួយចំនួន ក៏តែងតែរអ៊ូលើកឡើងពីការចុកខ្នង ចុកចង្កេះ ឈឺឆ្អឹង ឈឺឆ្អែងផងដែរ។ ផ្អែកតាមប្រភព webmd ម៉ាសឆ្អឹងរបស់មនុស្សនឹងចូលដល់កម្រិតពេញលេញនៅចន្លោះពាក់កណ្ដាល២០ទៅ៣០ឆ្នាំ ហេតុនេះគួរតែដឹងនិងថែរក្សាសុខភាពឆ្អឹងរបស់អ្នកឱ្យហើយ កុំឱ្យឆាប់មានបញ្ហានៅថ្ងៃមុខ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ បើចង់បានឆ្អឹងរឹងមាំ៖
-រក្សាជាតិកាល់ស្យូម៖ កាល់ស្យូមជាសារធាតុចាំបាច់ ដែលធ្វើឱ្យឆ្អឹងរឹងមាំ ក្រាស់ល្អ កាលណាជាតិកាល់ស្យូមក្នុងរាងកាយចុះទាប វានឹងទាញយកកាល់ស្យូមពីឆ្អឹងមកប្រើប្រាស់ បាត់បង់កាន់តែច្រើន ឆ្អឹងនឹងឆាប់ពុកផុស បង្កើនឱកាសបែកបាក់។ ចំពោះអាហារគួរញ៉ាំបង្កើនកាល់ស្យូម មានដូចជាទឹកដោះគោ តៅហ៊ូ សណ្ដែកសៀង ពពួកត្រី ពិសេសត្រីសាលម៉ុនជាដើម។
- វីតាមីនD ៖ វីតាមីនដំណើរការជាមួយកាល់ស្យូម បើគ្មានវីតាមីនD អ្នកមិនអាចស្រូបយកជាតិកាល់ស្យូមពីអាហារបានដែរ។ វានឹងបង្ខំឱ្យរាងកាយវាយឆ្មក់គ្រោងឆ្អឹងដើម្បីទទួលបានសារធាតុចិញ្ចឹម នោះធ្វើឱ្យឆ្អឹងរបស់អ្នកចុះខ្សោយ។ កម្រិតវីតាមីន D ធម្មតាសម្រាប់មនុស្សពេញវ័យគឺស្មើនឹង ឬលើសពី 20 ng/ml ។ តិចជាង 12 ng/mL មានន័យថាអ្នកខ្វះវីតាមីន D។ ដើម្បីទទួលបានវីតាមីនD អ្នកអាចស្រូបយកវាពីពន្លឺព្រះអាទិត្យនៅពេលព្រឹក អាហារដែលជាប្រភពវីតាមីនD គឺពពួកត្រី សាល់ម៉ុន ធូណា ត្រីផ្សេងៗទៀត គ្រាប់អាល់ម៉ុន សណ្ដែងសៀង អូត(oats) ស៊ុត និងសាច់។
- ផឹកស្រាឱ្យមានកម្រិត៖ ការផឹកស្រាខ្លាំងអាចនាំឱ្យមានការដួលកាន់តែច្រើន ក៏ធ្វើឱ្យឆ្អឹងងាយបំបែកដោយការរំខានដល់កោសិកាលូតលាស់ឆ្អឹងដែលហៅថា osteoblasts។ ការផឹកស្រាខ្លាំងមានន័យថា ១៥កំប៉ុងឬច្រើនជាងនេះក្នុងមួយសប្តាហ៍សម្រាប់បុរស និង ៨កំប៉ុងឬច្រើនជាងនេះសម្រាប់ស្ត្រី ឬចាប់ពី១កែវក្នុង១ថ្ងៃសម្រាប់ស្ត្រី និងចាប់ពី២កែវក្នុង១ថ្ងៃសម្រាប់បុរសគឺបានប៉ះពាល់ដល់សុខភាពឆ្អឹងរបស់អ្នក។ ហេតុនេះអ្នកគួរតែកាន់បន្ថយឬឈប់ទទួលទានតែម្ដង ដើម្បីឱ្យរឹងមាំ។
- កាត់បន្ថយជាតិស្ករ៖ រាងកាយការជាតិស្ករបន្ថែមពីភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកំប៉ុង និងអាហារកែច្នៃផ្សេងទៀតទេ។ ជាតិស្ករបន្ថែមច្រើនពេកអាចប៉ះពាល់ដល់សុខភាពឆ្អឹងរបស់អ្នកព្រោះវា៖
● ធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិកាល់ស្យូម និងម៉ាញេស្យូមដែលពង្រឹងឆ្អឹងទៅតាមលាមក។
● រារាំងពោះវៀនរបស់អ្នកពីការទទួលយកជាតិកាល់ស្យូមគ្រប់គ្រាន់។
● ផ្លាស់ប្តូរសារធាតុចិញ្ចឹមសំខាន់ៗពីរបបអាហាររបស់អ្នក។
- ពង្រឹងតុល្យភាពឆ្អឹង៖ លំហាត់ប្រាណដែលត្រូវធ្វើជាប្រចាំថ្ងៃ ដើម្បីឱ្យឆ្អឹងមានតុល្យភាព រឹងមាំល្អ មិនងាយពុកផុយ មានដូចជាការរត់ ការដើរ ការរាំ ការឡើងជណ្ដើរ ជាដើម។ ជាមួយគ្នានេះផងដែរ លោកវេជ្ជបណ្ឌិត សេង សំណាង បានណែនាំថា លំហាត់ប្រាណ២របៀបដែលធ្វើឱ្យចង្កេះនិងឆ្អឹងខ្នងរឹងមាំ គឺការហែលទឹកនិងយោគៈ(យូហ្គា) ២របៀបនេះមិនផ្ដល់សម្ពាធខ្លាំងដល់ឆ្អឹង វាអាចជួយឱ្យកាន់តែរឹងមាំបាន។ ចៀសវាងការហាត់ដោយដើរឬរត់ច្រើនពេក ងាយប៉ះពាល់ដល់គន្លាក់ជង្គង់ មិនមែនថាមិនឱ្យហាត់សោះទេ មិនមែនលំហាត់ប្រាណទាំងនេះមិនល្អទេ ហាត់បាន តែកុំច្រើនឬយូរលើសលប់ពេក។ ហោចណាស់ក្នុង១ថ្ងៃ គួរហាត់ឱ្យបាន២០ ទៅ ៣០នាទីបានហើយ។
ជារួមមកវិញ ចង់បានឆ្អឹងដែលមានសុខភាពល្អ រឹងមាំ មិនងាយពុកផុយ ឆាប់បាក់ អ្នកត្រូវតែរក្សាជាតិកាល់ស្យូម វីតាមីនD កាត់បន្ថយឬឈប់ទទួលទានគ្រឿងស្រវឹង កាត់បន្ថយការទទួលទានជាតិស្ករ និងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕