ក្រុមហ៊ុនយក្សធំជាងគេរបស់អាមេរិកដែលផលិតនិងលក់យន្តហោះនិងយន្តចំបាំងទូទាំងពិភពលោក គឺ Boeing បានបញ្ឈប់បុគ្គលិកចំនួន ៦.៧៧០ នាក់ កាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយ
ការងារសរុបចំនួន ១៦,០០០ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុគនៃការធ្វើដំណើរតាមផ្លូវអាកាសក្នុងកំឡុង
ពេលរាតត្បាត Covid-19 នេះបើតាមសេចក្តីរាយការណ៍ពី CNN Business នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នាយកប្រតិបត្តិលោក Dave Calhoun បាននិយាយនៅក្នុងសារមួយទៅកាន់និយោជិកកាលពីថ្ងៃពុធថា
“យើងបានឈានដល់ពេលអកុសលនៃការចាប់ផ្តើមបញ្ឈប់ការងារដោយអចេតនា”។ ខណៈដែលក្រុមហ៊ុន Boeing កាលពីថ្ងៃពុធ បានជូនដំណឹងដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារនៅចុងខែកក្កដា។ អ្នកនាំពាក្យក្រុមហ៊ុន Boeing នៅថ្ងៃដដែលបានប្រាប់ CNN ថាមុនពេលបញ្ឈប់ការងារ បុគ្គលិកក្រុមហ៊ុន Boeing ចំនួន ៥.៥២០ នាក់បានទទួលយក buyout package ដោយស្ម័គ្រចិត្ត។
សូមជម្រាបថា ក្រុមហ៊ុន Boeing បានបង្ហើបពីការកាត់បន្ថយការកាត់បន្ថយការងារចំនួន ១៦,០០០ ដែលស្មើនឹងប្រហែល ១០ ភាគរយនៃបុគ្គលិក ហើយស្ទើរតែទាំងអស់ធ្វើការនៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានបន្តថានឹងមានការបញ្ឈប់ការងារជាច្រើនទៀតនៅប៉ុន្មានខែខាងមុខ។
គួរបញ្ជាក់ថា Boeing និង គូរប្រជែងធំ Rival Airbus បានជួបប្រទះការពន្យារពេលនិងការលុបចោលការបញ្ជាទិញ
យន្ដហោះរបស់ខ្លួន ដោយសារការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសនៅជុំវិញពិភពលោក ដែលនេះធ្វើ
អោយក្រុមហ៊ុនទាំងពីរបង្ខំចិត្តកាត់បន្ថយផលិតកម្មយ៉ាងហោចណាស់ពីរបីឆ្នាំខាងមុខ។
ជាមួយគ្នានេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ដែលបានដាំក្បាលចុះកាលពីប៉ុន្មានខែមុន ក្នុងថ្ងៃនេះបាន
កើនឡើង ១ ភាគរយភ្លាមៗបន្ទាប់ពីចេញផ្សាយសេចក្តីប្រកាសនេះ។ លោក Calhoun បាននិយាយកាល
ពីថ្ងៃពុធថា “ក្រុមហ៊ុននឹងធ្វើការកែតម្រូវផែនការអាជីវកម្មរបស់យើងឱ្យបានជាប់លាប់រហូតដល់ការរីករាល
ដាលនៃជំងឺរាតត្បាតសកលបញ្ឈប់ការវាយលុកទីផ្សារ" ។ ទោះយ៉ាងណា លោកបានហៅការងើបឡើងវិញ
នោះថា “ពន្លកបៃតង” ដែលឧស្សាហកម្មរបស់ក្រុមហ៊ុននឹងត្រលប់មកវិញ ប៉ុន្តែវាត្រូវការពេលច្រើនឆ្នាំដើម្បី
ត្រលប់ទៅរកអ្វីដែលទើបតែមានកាលពី ២ ខែមុន” ។
ក្នុងកាលៈទេសៈដូចគ្នានេះដែរ Airbus ក៏បានព្រាងទុកបុគ្គលិកចំនួន ៦០០០ នាក់នៅអឺរ៉ុបកាលពីខែមេសា ប៉ុន្តែគេនៅមិនទាន់ប្រកាសអំពីការកាត់បន្ថយការងារជាអចិន្ត្រៃយ៍នៅឡើយទេ។ នាយកប្រតិបត្តិជាច្រើននៅ
ទូទាំងឧស្សាហកម្មនេះបានព្រមាននិយោជិកពីផែនការកាត់បន្ថយប្រតិបត្តិការនាពេលអនាគត។
មិនខុសពី Boeing ទេ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅជុំវិញពិភពលោកក៏កំពុងកាត់បន្ថយការងារ
ឬធ្វើផែនការដូចគ្នានេះដែរ។ យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានហាមឃាត់មិនឱ្យធ្វើ
ការបញ្ឈប់ការងារបុក្គលិកដោយមិនស្ម័គ្រចិត្តទេ រហូតដល់ខែតុលា ក្រោមលក្ខខណ្ឌថវិកាសង្គ្រោះរបស់
រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ឧស្សាហកម្មនេះ៕
ប្រភព CNN Business
ប្រែសម្រួលដោយ ហៃ សុចិន្តា