ជីវិតជាមហាសេដ្ឋីតើរាល់ថ្ងៃBill Gates រវល់ប៉ុណ្ណាទៅ? តាមរយៈប្រភព region10 បានបញ្ជាក់ពីទម្លាប់ មានប្រសិទ្ធភាពខ្ពស់ក្នុងជីវិត គាត់តែងធ្វើ បណ្ដាលឱ្យគាត់ក្លាយជាមហារសេដ្ឋីលំដាប់ពិភពលោករហូតដល់សព្វថ្ងៃ។ ជាការពិតណាស់ មហាសេដ្ឋី Bill Gates គាត់មានទម្លាប់អស្ចារ្យ៥យ៉ាងល្អសម្រាប់ជីវិតរស់នៅ និងល្អសម្រាប់អនាគត ទម្លាប់ល្អនោះគួរតែយកគម្រូតាម។
ទម្លាប់ទាំង៥នោះមានដូចជា៖
១.គាត់រៀនរហូត៖ មហាសេដ្ឋីម្នាក់នេះគឺគាត់ចូលចិត្តរៀន រៀនមិនចេះឈប់ឡើយ រៀនពីអ្វីៗថ្មីៗ ហើយគាត់ជាមនុស្សម្នាក់ចូលចិត្ត និងស្រឡាញ់ការអានបំផុត។ ទម្លាប់នៃការអាននេះ ធ្វើឱ្យគាត់កាន់តែខ្លាំងនិងដឹងស្ទើរតែគ្រប់រឿង។ ត្រឡប់មកវិញទម្លាប់នៃការអាននេះ យើងគ្រប់គ្នាគួរតែបណ្ដុះគម្រូទម្លាប់អាចសៀវភៅឱ្យបានច្រើន។
២.គាត់ចូលចិត្តគេង៖ គេងគឺជារឿងសំខាន់ក្នុងជីវិត មហាសេដ្ឋីBill Gates គាត់ក៏ចូលចិត្តការគេងដូចគ្នា ជាទូទៅគាត់គេង៧ម៉ោងក្នុង១ថ្ងៃ។ ពីព្រោះគេងគ្រប់ជួយឱ្យខួរក្បាលមានសុខភាពល្អ រួមទាំងសុខភាពទូទៅដូចគ្នា។
៣. ផ្ដល់កិត្តិយកឱ្យអ្នកដទៃ៖ គាត់បាននិយាយថា ការរកស៊ីគឺសំខាន់ អ្វីដែលសំខាន់មួយទៀតគឺផ្ដល់កិត្តិយក និងឱ្យតម្លៃទៅដល់ដៃគូដែលរកស៊ីជាមួយគ្នា នោះអាជីវកម្មយើងិងល្អទៅមុខជាង រកស៊ីជាមួយគ្នាតែមិនផ្ដល់កិត្តិយសរវាងគ្នានិងគ្នា។
៤.គាត់ផ្ដោតលើអ្វីដែលគាត់កំពុងធ្វើ៖ គាត់ជាមនុស្សដែលផ្ដោតខ្លាំងលើអ្វីដែលគាត់កំពុងតែធ្វើ។ មានន័យថាទោះបីជាគាត់ត្រូវធ្វើកិច្ចជាប្រចាំថ្ងៃច្រើនប៉ុណ្ណាក៏ដោយ ក៏ការងារដែលគាត់កំពុងធ្វើនោះត្រូវតែល្អ និងមានប្រសិទ្ធភាព គុណភាព។ ចំណុចនេះគឺជាចំណុចល្អមួទៀត ដែលអ្នកធ្វើការច្រើន គួរតែយកតម្រូតាម ការងារច្រើនប៉ុណ្ណា បើយើងដាក់ចិត្តធ្វើឱ្យល្អ នោះលទ្ធផលល្អ មិនធ្វើឱ្យយើងស្រ្តេសលើសដើមនោះឡើយ។
៥.គាត់ជឿជាក់លើខ្លួនឯង៖ គាត់បាននិយាយថា ការយល់ស្រប ការទទួលយកគំនិតអ្នកដទៃមិនខុសនោះទេ តែអ្វីដែលពិសេសមួយសម្រាប់ខ្លួនឯងគឺ ត្រូវជឿជាក់លើខ្លួនឯង អ្នកត្រូវស្តាប់ខ្លួនឯងជាមុនសិន បើទោះបីជា ពិភពលោកទាំងមូលកំពុងប្រាប់អ្នកថាអ្នកខុស។
ជាចុងក្រោយទម្លាប់ល្អៗទាំង៥នេះ របស់មហាសេដ្ឋី Bill Gates គាត់តែមានជាប់ខ្លួនជានិច្ច អ្នកជំនាន់ក្រោយគួរតែយកគម្រូតាម ឬក៏សាកអនុវត្តខ្លះមើល ថាតើមានប្រសិទ្ធភាព និងបានជាប្រយោជន៍សម្រាប់ជីវិតរបស់អ្នកដែរឬទេ?
អត្ថបទដោយ៖ ប៉ែត ធីតា

