ជឿថាមនុស្សភាគច្រើនធ្លាប់តែដឹងថាដើម្បីបំពេញជាតិទឹកក្នុងរាងកាយឱ្យគ្រប់គ្រាន់គឺត្រូវតឹកទឹកឱ្យគ្រប់។ ប៉ុន្តែយោងតាមការចុះផ្សាយរបស់គេហទំព័រ food.ndtv បានបង្ហាញថា ក្រៅពីទឹកធម្មតា ប្រភេទភេសជ្ជៈ ៥មុខខាងក្រោម ជួយបំពេញជាតិបានយ៉ាងល្អសម្រាប់សរីរាង្គទាំងមូល និងថែមទាំងជួយពង្រឹងប្រព័ន្ធភាពសុំា ទប់ស្កាត់ជំងឺថែមទៀតផង។ ភេសជ្ជៈទាំង៥នោះមានដូចជា៖
១. ទឹកលាយជាមួយក្រូចឆ្មារ៖ វេជ្ជបណ្ឌិត Rupali Datta អ្នកឯកទេសខាងអាហារូបត្ថម្ភបានណែនាំថា អ្នកត្រូវតែទទួលទានទឹកលាយក្រូចឆ្មារជារៀងរាល់ថ្ងៃ អាចធ្វើឱ្យអេឡិចត្រូលីតក្នុងសរីរាង្គកាយមានតុល្យភាព។ ទឹកលាយជាមួយនឹងក្រូចឆ្មារ បន្ថែមអំបិលបន្តិច នឹងក្លាយជាភេសជ្ជៈមួយមុខ ជួយពង្រឹងដល់ប្រព័ន្ធភាពសុំារាងកាយប្រចាំថ្ងៃ ជាមួយនឹងវីតាមីន C ដ៏សម្បូរបែប។
២. ទឹកដោះគោស្រស់៖ វត្តមានទឹកដោះគោ ត្រូវបានគេដឹងថា វាមានអត្ថប្រយោជន៍ខ្ពស់ជួយទៅដល់សុខភាពឆ្អឹង ដោយសារវាសម្បូរទៅដោយសារជាតិកាល់ស្យូមខ្ពស់។ ជាមួយគ្នានេះ ទឹកដោះគោស្រស់ ក៏ជាភេសជ្ជៈពិសេសមួយមុខផ្តល់ជាតិទឹក និងប្រឆាំងការខះជាតិទឹកក្នុងសរីរាង្គដែរ។
៣. ទឹកដូង៖ ទឹកដូង ជាភេសជ្ជៈផ្តល់សំណើមដ៏ល្អបំផុតចំពោះរាងកាយមនុស្សគ្រប់វ័យជាមួយនឹងកាឡូរីទាប និងសម្បូរទៅដោយប៉ូតាស្យូម។ ទឹកដូង ក៏ជាប្រភពថាមពលពិសេស ដែលជួយបំពេញជាតិទឹក និងផ្តល់ថាមពលដល់សុខភាពលេងកីឡា ប្រៀបដូចជា ភេសជ្ជៈប៉ូវកម្លាំងធម្មជាតិ។
៤. ទឹកត្រសក់៖ ត្រសក់ ត្រូវបានគេដឹងថាមានជាតិទឹកប្រមាណជាង ៩០% និងជាបន្លែមួយដែលផ្តល់ជាតិទឹកច្រើនជាងគេដល់អ្នកទទួលទាន។ ការធ្វើទឹកត្រសក់ផឹកជាប្រចាំ មិនត្រឹមតែជួយបំពេញជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងអាចបន្សាបជាតិពុល បន្សុទ្ធឈាមតាមធម្មជាតិផងដែរ។
៥. ទឹកគ្រាប់ជីរ៖ ទឹកគ្រាប់ជីរ ជាភេសជ្ជៈផ្តល់ជាតិទឹក រក្សាកម្រិតសីតុណ្ហភាពក្នុងខ្លួន និងប៉ូវកម្លាំងធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់អ្នកទទួលទាន ជាពិសេសចំពោះអ្នកមានអាការក្តៅក្នុង៕
អត្ថបទដោយ៖ មឿន គន្ធា