នៅក្នុងចេក១ផ្លែមានផ្ទុកប៉ូតាស្យូមប្រហែល ៤៦៧ មីលីក្រាម។ ប៉ូតាស្យូមមានសារៈសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាម បេះដូង ជួយពន្លូតឆ្អឹង ខួរក្បាល...។ លើសពីនេះទៀត ចេកក៏មានផ្ទុកនៅសារធាតុខូឡាជែនពិសេស វីតាមីនសម្បូរបែបដូចជា វីតាមីនអា វីតាមីនប៊ី វីតាមីនស៊ី ជាតិដែក មាននាទីជំនួយដល់ស្បែក និងសក់ខ្លាំងបំផុត។
ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ stylecraze គេបានសិក្សារកឃើញថា ចេកទុំជាផ្លែឈើនៃសម្រស់ ជួយសម្រស់បានច្រើនយ៉ាង ជួយបណ្តុះខូឡាជែនឱ្យស្បែក ផ្តល់វីតាមីនគ្រប់គ្រាន់ ប្រសិនបើអ្នកចេះញ៉ាំទៅតាមការណែនាំខាងក្រោម៖
១. ជួយឱ្យស្បែកសភ្លឺថ្លាពីខាងក្នុង៖ ផ្លែចេកផ្ទុកនូវបរិមាណវីតាមីន C ដ៏ល្អ ដែលជួយរក្សាស្បែកឱ្យភ្លឺថ្លា និងក្មេងជាងវ័យ។ របៀបស្រូបជាតិខូឡាជែនពីចេក៖
· យកចេកទុំមួយផ្លែ មកកិនអោយម៉ត់ រួចលាយជាមួយនឹងទឹកឃ្មុំកន្លះស្លាបព្រាបាយ លាបលើមុខទុកចោល ២០ ទៅ ២៥ នាទី សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ។ ម៉ាសបិទមុខនេះមានប្រយោជន៍សម្រាប់ស្បែក ជួយសម្អាតជាតិខ្លាញ់ និងជាតិប្រេងចេញពីស្បែក ជួយរក្សាសំណើម។
២. ប្រឆាំងភាពចាស់៖ សារធាតុចិញ្ចឹមក្នុងផ្លែចេកជួយប្រឆាំងភាពជ្រីវជ្រួញ និងរក្សាស្បែកក្មេងជាងវ័យ។ វិធីប្រើផ្លែចេកប្រឆាំងភាពចាស់៖
· កិនផ្លែបឺរ១ចំហៀង និងចេកមួយផ្លែចូលគ្នា រួចលាបលើមុខ លើស្បែកខ្លួន ទុកវានៅលើស្បែករបស់អ្នករយៈពេល ២០ នាទីហើយលាងទឹកចេញ ។ ស្បែករបស់អ្នកនឹងប្រែជាទន់ និងក្មេងជាងវ័យ។ វីតាមីន E ក្នុងផ្លែប័រ ផ្សំជាមួយសារធាតុចិញ្ចឹមក្នុងផ្លែចេក ប្រឆាំងរ៉ាឌីកាល់សេរី និងជួសជុលការខូចខាត។
៣. ជួយជម្រុះកោសិកាស្បែកងាប់៖ អ្នកអាចយកសំបកចេកដើម្បីខាត់ស្បែក វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមិនត្រឹមតែជួយជម្រុះកោសិកាស្បែកដែលងាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យស្បែករបស់អ្នកដុះឡើងនូវកោសិកាថ្មីបានលឿនទៀតផង។ របៀបធ្វើ៖
· ស្ក្រាប់ខ្លួន សូមកិនចេក២ផ្លែ ជាមួយផ្លែស្ត្របឺរី៤ទៅ៥ផ្លែ លាយស្ករស៣ស្លាបព្រាបាយ លាបនៅលើស្បែកខ្លួន ទុកចោលរយៈពេល១៥នាទីលាងទឹកចេញ។
៤. ជួយសុខភាពសក់ សក់ដុះលឿន៖ ផ្លែចេកមានជាតិអាស៊ីតហ្វូលិក ដែលធ្វើឲ្យសក់របស់អ្នកភ្លឺរលោង មានសំណើម គល់សក់រឹងមាំមិនងាយជ្រុះ។ របៀបប្រើប្រាស់ផ្លែចេកចំពោះសក់៖
· សម្រាប់សក់ទន់៖ លាយចេកទុំជាមួយផ្លែបឺរ ហើយបន្ថែមទឹកដោះគោដូងចូលទៅក្នុងល្បាយ។ លាបលើសក់របស់អ្នក ហើយរង់ចាំពី ១៥ ទៅ ២០ នាទីលាងទឹកចេញ រួចកក់សាប៊ូដែលអ្នកប្រើប្រចាំ។
· ជួយឱ្យគល់សក់រឹងមាំ ដុះលឿន៖ កិនផ្លែចេកទុំលាយជាមួយទឹកដោះគោជូរ។លាបលើស្បែកក្បាល ដល់ចុងសក់ទុកចោលរយៈពេល១៥នាទីរួចលាងទឹកចេញ កក់សក់ជាមួយសាប៊ូធម្មតា។
មួយវិញទៀត បើតាមការសិក្សាដដែល គេណែនាំឱ្យញ៉ាំចេកទុំក្នុង១ថ្ងៃឱ្យបាន២ផ្លែ ដើម្បីជួយសុខភាពខាងក្នុងរបស់អ្នក ជួយសម្រស់ បំពេញជាតិវីតាមីន សារធាតុចិញ្ចឹមផ្សេងៗដល់រាងកាយឱ្យគ្រប់គ្រាន់៕
អត្ថបទដផយ៖ គន្ធា