យោងតាមការឱ្យដឹងរបស់AKP ភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះលោកជំទាវ ឱ វណ្ណឌីណបានឱ្យដឹងថា អ្វីដែលយើងបារម្ភទៀតនោះគឺវីរុសនេះវានឹងវិវត្តទៅជាបែបណាទៀត ហើយអាចបំប្លែងទៅជាប្រភេទដែលនឹងនាំឱ្យមានមហន្តរាយធំជាងនេះ។ ជាងនេះទៅទៀតវីរុសពពួកបំប្លែងថ្មីនេះ រួមមានដែលតា បានចរាចរសកម្មរួចហើយនៅរាជធានី-ខេត្តចំនួន ២៣ ដែលមានចំនួនសរុប ៩៩៩ករណី គិតត្រឹមថ្ងៃ២១ ខែសីហា ឆ្នាំ២០២១ និងកូវីដអាល់ហ្វាវិញបានចរាចរគ្រប់រាជធានី-ខេត្តទូទាំងប្រទេសនិងបានបំប្លែងខ្លួនថ្មីទៀតរួចទៅហើយ។
ក្នុងឱកាសបន្តបេសកកម្មមនុស្សធម៌សម្តេចតេជោនៅទូទាំងប្រទេស ដើម្បីនាំយកថវិកា និងអំណោយជូនដល់លោកតាលោកយាយអាយុ ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា យើងត្រូវរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ ចាប់ពីពេលនេះទៅ ព្រោះថាយើងមិនអាចលុបវាបានទេ ពេលមកដល់ដំណាក់កាលនេះហើយនោះ។
ហេតុដូច្នេះហើយ លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវដ៏ទទូចថា ៖ “ការចាក់វ៉ាក់សាំងនៅតែជាឧបករណ៍ដ៏សំខាន់បំផុត ដើម្បីទប់ទល់ជាមួយនឹងវីរុសកូវីដ-១៩ ប៉ុន្តែក៏ត្រូវតែអនុវត្តព្រមគ្នាជាមួយនឹងវិធានការ ០៣ការពារ និង០៣កុំ ជាដាច់ខាតផងដែរ”៕