យើងបានមើលឃើញយ៉ាងច្បាស់ពីយុវជនខ្មែរមួយចំនួន មានខួរក្បាលមិនសូវល្អទាំងការគិត ទាំងអារម្មណ៍ និងការរៀនសូត្រជាដើម។ ងាយស្រួលណាស់ គ្រាន់តែយុវជនខ្មែរយើងអនុវត្តតាមទម្លាប់ទាំង៥ នេះ មិនកើតជំងឺស្រ្តេស តានតឹងអារម្មណ៍ និងខួរក្បាលចុះខ្សោយនោះទេ។
១. កុំផឹកគ្រឿងស្រវឹង៖ការផឹកស្រាច្រើនពេក គឺជាកត្តាហានិភ័យចំបងធ្វើឱ្យអ្នកកើតជំងឺវង្វេងព្រោះវាបំផ្លាញ់កោសិកាខួរក្បាល។ ប្រសិនបើអ្នកមិនអាចចៀសបានពីផឹកគ្រឿងស្រវឹង អ្នកគួរផឹកតែពីរកែវបានហើយក្នុងមួយថ្ងៃ។ ហើយចាំកាត់បន្ថយ រួចកាត់ផ្តាច់តែម្តង។ មានយុវជនខ្មែរមួយភាគអាយុក្រោម១៨ឆ្នាំចេះផឹកស្រា អស់ជាច្រើនឆ្នាំខួរក្បាលពួកគាត់ងាយចុះខ្សោយគិតយឺតៗ ផងដែរ។
២. អាហារបំពង និងសាច់ខ្លាញ់៖ មានយុវជនរបស់យើងមួយចំនួនចូលចិត្តរបបអាហារដែលមានជាតិខ្លាញ់ច្រើន រួមទាំងអាហារបំពង ជាតិផ្អែម និងសាច់ដែលមានជាតិខ្លាញ់ច្រើន ត្រូវចំណាយពេលយូរក្នុងការរំលាយ។ ការញ៉ាំអាហារទាំងនេះនៅពេលយប់ជ្រៅអាចរួមចំណែកដល់ការចាល់អាស៊ីត និងបញ្ហារំលាយអាហារផ្សេងទៀត ដែលបណ្តាលឱ្យគុណភាពនៃការគេងធ្លាក់ចុះ។ កាលណារាងកាយរបស់អ្នកមិនបានគេងឬសម្រាកបានគ្រប់គ្រាន់ ខួរក្បាលរបស់អ្នកក៏ធ្លាក់ចុះខ្សោយទៅតាមនោះដែរ។ នេះយោងតាមការឱ្យដឹងពីគេហទំព័រ verywellhealth។
៣. លេងទូរស័ព្ទច្រើន៖ បើយុវជនខ្មែរញៀននឹងទូរស័ព្ទខ្លាំងនោះ មានអ្វីកើតឡើង? គឺជំងឺស្រ្តេសនិងធ្លាក់ទឹកចិត្ត។ វេជ្ជបណ្ឌិជនជាតិបារាំងស្រាវជ្រាវរកឃើញថា អ្នកតែងចំណាយពេលលេងទូរស័ព្ទរយៈពេល ៣ទៅ៤ម៉ោងឡើងទៅ ធ្វើឱ្យអរម៉ូនប្រែប្រួលលឿនឆាប់ខឹង ឆាប់ស្រ្តេស និងពិបាកគ្រប់គ្រងលើខ្លួនឯង”។ តាមលោកស្រី Yalda Safai ជាវេជ្ជបណ្ឌិតផ្នែកវិកលចរិតនៅទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា ការផ្លាស់ប្តូរទម្លាប់ប្រើទូរស័ព្ទច្រើន អ្នកត្រូវចេះគ្រប់គ្រងពេលវេលាដោយការដាក់វិន័យលើខ្លួនឯង ដើម្បីកាត់បន្ថយអារម្មណ៍ផ្លូវចិត្ត និងខួរក្បាលដែរ។
៤. កុំចៀសវាងទម្លាប់អានសៀវភៅ៖ បើយុវជនខ្មែរអានសៀវភៅកាន់តែច្រើន ខួរក្បាលគិតក៏លឿន និងផ្លូវចិត្តក៏រឹងមាំដែរ។ ពេលអ្នកអានសៀវភៅច្រើនដូចជាអ្នកបញ្ចូលទិន្នន័យសំខាន់ៗ ចូលក្នុងខួរក្បាល ហើយពេលអ្នកគិតត្រឡប់ទៅលើរឿងណាមួយ គិតបានលឿនជាងអ្នកពុំសូវបានអានច្រើន។ មានបុគ្គលដូចជា លោក Bill Gates លោក Jeff Bezos និងលោកWarren Buffett សុទ្ធតែអ្នកបង្វឹកខួរក្បាលចេញពីការអានសៀវភៅយ៉ាងជក់ចិត្តជក់អារម្មណ៍បំផុត។
៥. ធ្វើលំហាត់ប្រាណ៖ បើយុវជនយើងខ្វះការលំហាត់ប្រាណ រាងកាយខ្សោយ ខួរក្បាលក៏ខ្សោយ ហើយខ្សោយការគិតទៀត។ ការស្រាវជ្រាវពីសាកលវិទ្យាល័យ Parthenope នៃទីក្រុង Naples (ប្រទេសអ៊ីតាលី) បង្ហាញថា ការធ្វើលំហាត់ប្រាណបង្កើនលំហូរឈាមទៅកាន់ខួរក្បាល បង្កើនការចងចាំ និងមានភាពធូរស្បើយ។ យើងអាចនិយាយថា ការហាត់ប្រាណជាថ្នាំបំបាត់ស្ដ្រេសដ៏មានប្រសិទ្ធភាព។ អ្នកគ្រប់គ្នាគួរតែហាត់ប្រាណឱ្យបាន១៥០នាទីក្នុងមួយសប្ដាហ៍ ដើម្បីថែរក្សាសុខភាពខួរក្បាល និងការពារបេះដូងរបស់អ្នកទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព