តម្រងនោមគឺជាអង្គភាពសំខាន់ ដែលមានតួនាទីច្រោះកាកសំណល់ សម្របសម្រួលសារធាតុរាវ និងថែរក្សាតុល្យភាពសារធាតុរ៉ែនៅក្នុងរាងកាយ។ តែតម្រងនោមក៏ងាយរងការវាយប្រហារខ្លាំងដែរបើយើងមិនបានយកចិត្តទុកនឹងការពារវាឱ្យបានល្អ។ យោងតាម vnexpress.net ខាងក្រោមនេះគឺជាជំងឺសំខាន់ ៤ ប្រភេទ ដែលអ្នកគួរដឹងព្រោះវាជាជាមូលហេតុចម្បងធ្វើឱ្យតម្រងនោមអ្នកខូចដោយមិនដឹងខ្លួន៖
១. ជំងឺអូតូអ៊ុយមីន៖ ជំងឺអូតូអ៊ុយមីន គឺជាជំងឺដែលបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំរបស់ មនុស្ស បំផ្លាញជាលិកាក្នុងខ្លួនរបស់ពួកគេ បណ្តាលឱ្យមានការរលាក ហើយអាចបណ្តាលឱ្យមានភាពមិនប្រក្រតីនៅក្នុងសរីរាង្គពាសពេញរាងកាយ។ ការរលាករ៉ាំរ៉ៃនេះក៏រំខានដល់តុល្យភាពកាល់ស្យូម អាស៊ីតអ៊ុយរិក និងសារធាតុរ៉ែផ្សេងៗ ដែលជាលក្ខខណ្ឌសម្រាប់ការបង្កើតគ្រួសក្នុងតម្រងនោម។ តែបើយើងធ្វើរោគវិនិច្ឆ័យដឹងបានលឿន និងព្យាបាលទាន់ពេលវេលា អាចជួយពន្យារការខ្សោយតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព។
២. ជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុធំបំផុតមួយនៃជំងឺតម្រងនោមរ៉ាំរ៉ៃ។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់រយៈពេលយូរ អាចបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោម ធ្វើឱ្យសមត្ថភាពច្រោះកាកសំណល់ថយចុះ។ នៅពេលតម្រងនោមចុះខ្សោយ ប្រូតេអ៊ីននឹងចាប់ផ្តើមលេចចូលទៅក្នុងទឹកនោម ហើយរាងកាយក៏បញ្ចេញសារធាតុដូចជា កាល់ស្យូម អុកស៊ីឡាត និងអាស៊ីតអ៊ុយរិកច្រើនជាងមុន។ ជាមួយនឹងការថយចុះនៃស៊ីត្រាត ដែលជាសារធាតុរារាំងការកើតគ្រួស នេះធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតគ្រួសក្នុងតម្រងនោមជាងមនុស្សធម្មតា។
៣. សម្ពាធឈាមខ្ពស់៖ សម្ពាធឈាមខ្ពស់នឹងដាក់សម្ពាធខ្លាំងលើសរសៃឈាម និងជាលិកាទន់ៗនៅក្នុងតម្រងនោម។ យូរទៅ វាអាចបង្កឱ្យកើតស្លាកស្នាម និងធ្វើឱ្យរបាំងច្រោះខូចខាត។ លទ្ធផលគឺប្រូតេអ៊ីនលេចចូលទឹកនោម និងលំហូរឈាមទៅកាន់តម្រងនោមត្រូវបានកាត់បន្ថយ។ នៅពេលតម្រងនោមខ្សោយ តុល្យភាពសារធាតុរ៉ែនឹងប្រែប្រួល ធ្វើឱ្យកម្រិតកាល់ស្យូមក្នុងទឹកនោមកើនឡើង និងបង្កើនហានិភ័យនៃការកើតគ្រួស។ គ្រួសក្នុងតម្រងនោមអាចបង្កឱ្យរលាក និងធ្វើឱ្យសម្ពាធឈាមកាន់តែខ្ពស់ បង្កើតជាវដ្តអវិជ្ជមានមួយ។ ដូច្នេះ ការគ្រប់គ្រងសម្ពាធឈាមគឺជាចំណុចសំខាន់ក្នុងការការពារតម្រងនោម។
៤. ជំងឺតម្រងនោមពីកំណើត ឬតាមហ្សែន៖ មនុស្សមួយចំនួនកើតមកមានបញ្ហាតម្រងនោម ឬជំងឺហ្សែនដូចជា តម្រងនោមប៉ូលីស៊ីស្ទីក (Polycystic kidney disease) រោគសញ្ញា Alport ឬការស្ទះតម្រងនោមពីកំណើត។ ស្ថានភាពទាំងនេះអាចធ្វើឱ្យតម្រងនោមចុះខ្សោយតាំងពីវ័យក្មេង និងបណ្តាលឱ្យប្រូតេអ៊ីនលេចចូលទឹកនោមបានឆាប់ជាងមនុស្សធម្មតា។ ការបង្ហូរទឹកនោមមិនល្អ ការឆ្លងមេរោគញឹកញាប់ និងការលូតលាស់ជាលិកាមិនប្រក្រតី អាចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតគ្រួសក្នុងតម្រងនោម។ អ្នកដែលមានជំងឺតម្រងនោមពីកំណើត ត្រូវការត្រួតពិនិត្យសុខភាពជាបន្តបន្ទាប់ពេញមួយជីវិត។
ជំងឺទាំងនេះអាចបំផ្លាញតម្រងនោមដោយស្ងៀមស្ងាត់ ប្រសិនបើយើងមិនបានរកឃើញទាន់ពេលវេលា។ ការត្រួតពិនិត្យសុខភាពជាប្រចាំ ការគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាម ក៏ដូចជាការយកចិត្តទុកដាក់ចំពោះរោគសញ្ញាខុសប្រក្រតីតូចៗ គឺជាគន្លឹះសំខាន់ក្នុងការការពារតម្រងនោមឱ្យនៅមានសុខភាពល្អ៕
អត្ថបទដោយ៖ សារួ
