ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺជាទម្លាប់សាមញ្ញមួយដែលមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់។ ទឹកគឺមានតួនាទីសំខាន់ណាស់មិនត្រឹមតែជួយបំពេញតម្រូវការរាងកាយទេ វាថែមទាំងមានសមត្ថភាពពិសេសជួយការពារនិងកាត់បន្ថយហានិភ័យកើតជំងឺជាច្រើនផងដែរ។ អ្នកជំនាញសុខភាពភាគច្រើនបានផ្តល់អនុសាសន៍ឱ្យមនុស្សគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាភាពតុល្យភាពក្នុងរាងកាយ និងជួយឱ្យប្រព័ន្ធផ្សេងៗដំណើរការបានល្អ។
១. ផឹកទឹកឱ្យបានគ្រប់គ្រាន់អាចជួយការពារបញ្ហាទល់លាមក៖ ករណីទល់លាមកភាគច្រើនមិនមែនបណ្ដាលមកពីជំងឺពោះវៀនទាំងស្រុងទេ តែអាចបណ្ដាលមកពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងមិនល្អដូចជា ផឹកទឹកមិនគ្រប់គ្រាន់ ញុំាអាហារខ្វះជីវជាតិ អង្គុយឬដេកយូរជាដើម។ នៅពេលរាងកាយខ្វះជាតិទឹក លាមកនឹងស្ងួត រឹង ធ្វើឱ្យពិបាកក្នុងការបញ្ចេញមក។ ផ្ទុយទៅវិញ ប្រសិនបើយើងផឹកទឹកបានគ្រប់គ្រាន់ លាមកនឹងទន់ ងាយធ្វើចលនា ជួយជំរុញសកម្មភាពពោះវៀន និងកាត់បន្ថយការទល់លាមកបានយ៉ាងល្អ។
២. ផឹកទឹកតិចពេកអាចធ្វើឱ្យឈាមក្លាយទៅជាខាប់ខ្លាំង៖ នៅពេលទឹកចូលទៅក្នុងចរន្តឈាមមិនគ្រប់គ្រាន់ ឈាមនឹងក្លាយជាខាប់ ដែលធ្វើឱ្យវាហូរយឺត និងបង្កើនហានិភ័យធ្វើឱ្យកកឈាម។ ស្ថានភាពនេះអាចនាំឱ្យសារធាតុគ្រោះថ្នាក់កកកុញនៅលើជញ្ជាំងសរសៃឈាម បណ្តាលឱ្យកើតជំងឺក្រិនសរសៃឈាម និងបញ្ហាបេះដូងនៅពេលក្រោយ។ ដូច្នេះ ការផឹកទឹកឱ្យបានគ្រប់គ្រាន់អាចជួយរក្សាឈាមឱ្យនៅរាវល្អ ដំណើរស្រួល និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាម។
៣. ផឹកទឹកគ្រប់គ្រាន់ជួយការពារការឆ្លងមេរោគតាមផ្លូវទឹកនោម៖ ទឹកជួយជំរុញការផលិតទឹកនោម និងជួយបញ្ចេញមេរោគ ឬសារធាតុមិនចាំបាច់ចេញពីរាងកាយតាមរយៈការនោម។ ដូច្នេះប្រសិនបើយើងផឹកទឹកតិច បរិមាណទឹកនោមនឹងថយចុះ ហើយទឹកនោមនឹងក្លាយទៅជាខាប់ ដែលជាបរិយាកាសល្អសម្រាប់មេរោគលូតលាស់។ ចូរអ្នកទាំងអស់គ្នាត្រូវតែផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគតាមផ្លូវទឹកនោមបានយ៉ាងមានប្រសិទ្ធភាព។
៤. ផឹកទឹកឱ្យបានច្រើនអាចជួយការពារជំងឺរលាកសន្លាក់ហ្គោដ៖ ជំងឺនេះជាធម្មតាវាបង្កឱ្យមានការឈឺចាប់ខ្លាំង និងប៉ះពាល់ដល់គុណភាពនៃជីវិត។ មូលហេតុសំខាន់នៃជំងឺនេះគឺកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមឡើងខ្ពស់។ នៅពេលអ្នកផឹកទឹកគ្រប់គ្រាន់ រាងកាយអាចបញ្ចេញអាស៊ីតអ៊ុយរិកតាមរយៈទឹកនោមបានល្អប្រសើរជាងមុន ដោយហេតុនេះវាអាចជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិក និងកាត់បន្ថយហានិភ័យនៃការវាយប្រហារដោយជំងឺហ្គោដ ក៏ដូចជាបញ្ហាតម្រងនោមដែលពាក់ព័ន្ធ។
លើសពីនេះទៅទៀត ទឹកក៏មានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពសន្លាក់។ សន្លាក់របស់យើងមានសារធាតុរាវរំអិល ដែលជួយកាត់បន្ថយការកកិត និងជួយឱ្យសន្លាក់ធ្វើចលនាបានរលូន។ សារធាតុរាវនេះមានទឹកជាសមាសធាតុសំខាន់។ ប្រសិនបើរាងកាយខ្វះទឹក ការផលិតសារធាតុរាវរំអិលនឹងថយចុះ ដែលអាចបណ្តាលឱ្យសន្លាក់ឈឺចាប់ រឹង និងងាយខូច។ ដូច្នេះ ការផឹកទឹកគ្រប់គ្រាន់គឺជាវិធីសាមញ្ញមួយក្នុងការថែរក្សាសន្លាក់ឱ្យមានសុខភាពល្អ។
អត្ថបទដោយ៖ សារួ
