បើយោងតាមប្រភព Kenh14 បានឱ្យដឹងថា បន្លែ០៣ប្រភេទដែលមានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល និងផ្ដល់ភាពត្រជាក់បានយ៉ាងល្អដល់រាងកាយ ជាពិសេសមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន ហើយមានតម្លៃសមរម្យងាយស្រួលក្នុងការទិញនៅផ្សារ។ បន្លែចំនួន០៣ខាងក្រោមនេះងាយស្រួលរកទិញ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។
១.ជីថ្ពាល់ត្រី
ជីថ្ពាល់ត្រី គឺជាបន្លែមួយប្រភេទត្រូវបានគេនិយមញុំាជាមួយ បាញ់ឆែវ ទឹកគ្រឿង និងត្រីអាំងទឹកអំពិលទុំ ហើយជីថ្ពាល់ត្រីនេះក៏អាចជាឱសថដ៏ល្អសម្រាប់សុខភាពដែរ។ បើយោងតាមការសិក្សាជាច្រើនបានឱ្យដឹងថា ជីថ្ពាន់ត្រីមានផ្ទុកសារធាតុ decanoyl-acetaldehyde ដែលជាសារធាតុសកម្មស្រដៀងទៅនឹងថ្នាំអង់ទីប៊ីយោទិច។ ដូច្នេះ រុក្ខជាតិនេះមានប្រសិទ្ធភាពប្រឆាំងបាក់តេរី ផ្សិត និងប៉ារ៉ាស៊ីត។ លើសពីនេះ វាមានផ្ទុកសារធាតុចិញ្ចឹមសម្រាប់សុខភាពជាច្រើន នៅក្នុងជីថ្ពាល់ត្រីដូចជា វីតាមីនB, វីតាមីនA, កាល់ស្យូម, ប្រូតេអ៊ីន, ជាតិសរសៃ, ជាតិដែក,និងប៉ូតាស្យូម។ល។
ជាការពិតណាស់ ជីថ្ពាល់ត្រីបានផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់រាងកាយមនុស្សដូចជា ព្យាបាលមុន, ព្យាបាលជំងឺទឹកនោមផ្អែម, បន្សាបជាតិពុល, បញ្ចុះទឹកនោម, បង្កើនភាពធន់នឹងជំងឺផ្សេងៗ, ព្យាបាលជំងឺរលាកសួត, និងជំងឺឆ្លងនានា ហើយបន្លែនេះមានអត្ថប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការបន្សាបជាតិពុលក្នុងរាងកាយ ជម្រះកំដៅ និងត្រជាក់ដល់ថ្លើម។
២.ត្រចៀកក្រាញ់
ត្រចៀកក្រាញ់ត្រូវបានគេប្រើជាយូរមកហើយសម្រាប់ធ្វើជាឱសថដ៏មានតម្លៃសម្រាប់ ជំងឺថប់អារម្មណ៍ និងការបាត់បង់ការចងចាំ។ ត្រចៀកក្រាញ់សម្បូរទភដោយសមាសធាតុអាស៊ីត asiatic ដែលគ្រប់គ្រងសកម្មភាពនៃអាស៊ីត gamma-aminobutyric ដែលមានសមត្ថភាពកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង ហើយវាព្យាបាលជំងឺធ្លាក់ទឹកចិត្ត គេងមិនលក់ និងអស់កម្លាំងយូរ។
ត្រចៀកក្រាញ់មានសមត្ថភាពជួយដល់តម្រងនោម និងថ្លើម កម្ចាត់កាកសំណល់តាមបំពង់រំលាយអាហារ និងផ្លូវទឹកនោម ការពារសារធាតុពុលមិនឲ្យកកកុញក្នុងរាងកាយ។ លើសពីនេះ ត្រចៀកក្រាញ់សម្បូរជាតិសរសៃ ជួយឱ្យរាងកាយបន្សុទ្ធ និងកម្ចាត់ជាតិខ្លាញ់ដែលបង្កគ្រោះថ្នាក់ ធ្វើឱ្យរាងកាយមានសុខភាពល្អ និងរក្សាតុល្យភាពបរិមាណសារធាតុក្នុងរាងកាយ។
បន្ថែមពីលើការប្រើប្រាស់ខាងលើ ត្រចៀកក្រាញ់ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា ជួយព្យាបាលជម្ងឺភ្លេចភ្លាំង ជួយកាត់បន្ថយការថប់បារម្ភ និងស្ត្រេស ធ្វើអោយឈាមរត់បានស្រួល កាត់បន្ថយការហើម កាត់បន្ថយការគេងមិនលក់ លើកកម្ពស់ការព្យាបាលរបួស និងកាត់បន្ថយស្លាកស្នាម ជួយកាត់បន្ថយការឈឺសន្លាក់ ឈឺចាប់ ការពារជំងឺឃ្លង់ និងមហារីក។ល។
៣.ស្លឹកងប់
ស្លឹកងប់ដែលត្រូវបានគេស្គាល់តាមវិទ្យាសាស្រ្តថា Sauropus androgynus ត្រូវបានដាំដុះនៅតំបន់ត្រូពិច និងអាមេរិកកណ្តាលសម្រាប់ធ្វើជាអាហារ។ នៅក្នុងនោះស្លឹកងប់មិនត្រឹមតែជាអាហារពេញនិយមរបស់មនុស្សជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានវាក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។
ស្លឹកងប់មានវីតាមីនប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែស្រដៀងនឹងសារធាតុដែលមាននៅក្នុងបន្លែទូទៅ។ លើសពីនេះទៀត ស្លឹកងប់មានផ្ទុកនូវសារធាតុរ៉ែសំខាន់ៗភាគច្រើន រួមទាំងសម្បូរទៅដោយជាតិសូដ្យូម ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិដែក ម៉ាញ៉េស្យូម ទង់ដែង ស័ង្កសី ម៉ង់ហ្គាណែស និង cobalt ដែលចាំបាច់សម្រាប់ដំណើរការលំហាត់ប្រាណដ៏ល្អប្រសើរនៃប្រព័ន្ធប្រចាំថ្ងៃ៕