ការហាត់ប្រាណ គឺជាសកម្មភាពរាងកាយមួយដែលល្អបំផុតសម្រាប់អ្នកស្រឡាញ់រូបរាង ចង់កសាងសាច់ដុំ ឬចង់បានរាងដូចក្តីប្រាថ្នា ដែលមិនត្រឹមតែផ្តល់នូវរូបរាងតែម្យ៉ាងនោះទេ ថែមទាំងអស់ជួយឱ្យសុខភាពល្អជារួម ការពារជំងឺស្រាល រហូតដល់ជំងឺធ្ងន់ៗដូចជាមហារីកជាដើម។ យ៉ាងណាមិញ នរណាៗក៏ដឹងថា ការហាត់ប្រាណជាសកម្មភាពដ៏ល្អបំផុតមួយពិតមែន ប៉ុន្តែបើរបបអាហារមិនល្អក៏មិនទទួលបានអត្ថប្រយោជន៍ខ្ពស់នោះទេ។ ដើម្បីទទួលបានលទ្ធផលទាំងរូបរាង និងសុខភាព អ្នកត្រូវមានរបបអាហារល្អៗអមជាមួយនឹងការហាត់ប្រាណ។
តាមការឱ្យដឹងពី Healthline មានរបបអាហារ៣ក្រុមដែលអ្នកហាត់ប្រាណមិនគួររំលង ក្រោយហាត់ប្រាណរួចដើម្បីបំពេញសារធាតុគ្លុយកូសឱ្យខ្លួនឯង កសាងសាច់ដុំ និងថាមពលឡើងវិញ។
របបអាហារទី១. ពពួកអាហារថាមពល (Carbs): ពពួកអាហារប្រភេទនេះ អាចរកបាននៅក្នុងផ្លែឈើមួយចំនួនដូចជា ម្នាស់ គីវី ប៊ឺរី ចេក, ដំឡូងជ្វា, ទឹកដោះគោសូកូឡា, Oatmilk និងនំបុ័ងស្រូវសាឡីជាដើម។
របបអាហារទី២. ពពួកអាហារប្រូតេអ៊ីន: ប្រូតេអ៊ីនភាគច្រើនមាននៅក្នុងសាច់សត្វ, បន្លែ, ឬពពួកម្សៅប្រូតេអ៊ីន, ស៊ុត, យ៉ាអ៊ួ, ស្ពៃក្តោប, សាលម៉ុន, សាច់មាន និងត្រីធូណាជាដើម។
របបអាហារទី៣. ពពួកអាហារសម្បូរខ្លាញ់ល្អ: ខ្លាញ់មិនមែនសុទ្ធតែអាក្រក់នោះទេ ពិតណាស់ពពួកខ្លាញ់ឆ្អែតញ៉ាំទៅធ្វើឱ្យលើសខ្លាញ់ ធាត់លើសគីឡូជាដើម។ ប៉ុន្តែពពួកខ្លាញ់ល្អ ខ្លាញ់មិនឆ្អែត ពិតជាល្អសម្រាប់អ្នកហាត់ប្រាណ ដែលខ្លាញ់ប្រភេទនេះភាគច្រើនមាននៅក្នុង ផ្លែប័រ, គ្រាប់ធញ្ញជាតិ, ផ្លែឈើក្រៀមជាដើម៕
អត្ថបទដោយ៖ កញ្ញា លីហួយ