ប្រេងឆា គឺជាគ្រឿងផ្សំមួយប្រភេទសម្រាប់យកមកចម្អិនអាហារ និងប្រើប្រាស់លើមុខម្ហូបផ្សេងៗទៀត ប៉ុន្តែយ៉ាងណាក្ដីកន្លងមកនេះយើងបានកត់សម្គាល់ឃើញថា មានការប្រើប្រាស់ប្រេងខុសក្បួនខ្នាត ដែលជាហេតុនាំឱ្យមានការគួរព្រួយបារម្ភជាខ្លាំង ជាពិសេសចំណីអាហារតាមដងផ្លូវ គឺសម្បូរណាស់។
ដូច្នេះមានប្រេងឆា ២ប្រភេទដែលត្រូវបានអ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ ដែលអ្នកគួរជៀសវាងប្រើប្រាស់វារួមមាន៖
១‑ប្រេងឆាដែលត្រូវបានប្រើក្នុងចៀនម្តងហើយម្តងទៀត
ព្រោះតែដើម្បីសន្សំប្រាក់ និងការចំណាយផ្សេងៗ ស្ត្រីមេផ្ទះជាច្រើនតែងតែរក្សាទុកប្រេងដែលនៅសល់បន្ទាប់ពីប្រើប្រាស់ក្នុងការចៀនរួច យកមកប្រើប្រាស់ម្តងទៀត។ មិនតែប៉ុណ្ណោះ ប្រភេទប្រេងដែលត្រូវបានចៀនច្រើនដងមិនត្រឹមតែជួយកាត់បន្ថយគុណភាពខ្លាញ់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់រសជាតិម្ហូបអាហារទៀតផង។
ជាមួយគ្នានេះ ប្រេងដែលប្រើរួចយកមកប្រើឡើងវិញនៅក្នុងសីតុណ្ហភាពខ្ពស់ នោះសមាសធាតុគីមីក្នុងប្រេងនឹងត្រូវបំលែង ហើយបំបែកទៅជាសារធាតុដែលបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យកើតមានហានិភ័យនៃការកើតជំងឺមហារីកបេះដូង។
លើសពីនេះទៀតយោងតាមអ្នកជំនាញផ្នែក សុវត្ថិភាពចំណីអាហារ បង្ហើបថានៅពេលប្រើប្រេងចៀនម្តងហើយម្តងទៀតនោះប្រេងនឹងបាត់បង់សារធាតុចិញ្ចឹម ព្រោះវីតាមីនក្នុងប្រេងត្រូវបានបំផ្លាញ។ លើសពីនេះទៅទៀតសំណល់នៃអាហារដែលមាននៅក្នុងប្រេង ដែលមិនអាចមើលឃើញនឹងភ្នែកក៏ជាភ្នាក់ងារបង្កឱ្យមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំងផងដែរ។
២‑ប្រេងឆាដែលរក្សាទុករយៈពេលយូរ ហើយយកមកប្រើវិញ
ដងប្រេងឆាធំៗ នៅតែជាជម្រើសតែមួយគត់សម្រាប់ក្រុមគ្រួសារងាយស្រួលក្នុងការប្រើប្រាស់ ព្រោះថាវាទទួលបានច្រើន ហើយជួយកាត់បន្ថយការចំណាយជាងការទិញដបតូចៗល្មម។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ បន្ទាប់ពីបានការប្រើប្រាស់ប្រេងឆាអស់រយៈពេលយូរមកហើយ មាត់ដបអាចប្រឡាក់ទៅដោយ សារធាតុកខ្វក់ បាក់តេរី និងផ្សិត។ ដូច្នេះអ្នកត្រូវបិទមាត់ដបឱ្យជិត ជៀសវាងការកើតមានបាក់តេរីលើមាត់ដប។
ហើយលើសពីនេះទៀតសោតប្រេងចម្អិន ជាធម្មតាត្រូវបានផលិតចេញពីធញ្ញជាតិដូចជា សណ្ដែកដី ពោត គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅជាដើម។ ដូច្នេះនៅពេលដែលប្រេងរក្សាទុកក្នុងរយៈពេលយូរ ដែលមាត់ដបប្រេងប៉ះនឹងបរិយាកាសសើម ហើយងាយស្រួលក្នុងការផលិតនៅបាក់តេរី Aflatoxin បណ្ដាលឱ្យប៉ះពាល់សុខភាពជាខ្លាំង។
ហើយបាក់តេរី Aflatoxin ត្រូវបានផលិតចេញពីផ្សិត ដែលវាអាចបំផ្លាញកោសិកា ថ្លើម តម្រងនោមកាត់បន្ថយភាពធន់របស់រាងកាយ ប៉ះពាល់ដល់បំពង់រំលាយអាហារជាដើម។
ដូច្នេះនៅពេលចម្អិនអាហារ មិនថាស្ត្រីមេផ្ទះ ឬអ្នកលក់ទេ មុនពេលចម្អិនអាហារ ត្រូវចេះថ្លឹងថ្លែងបរិមាណប្រេងក្នុងការចម្អិន កុំខ្ជះខ្ជាយក្នុងការប្រើប្រាស់ និងមិនត្រូវយកប្រេងដែលប្រើរួចយកមកប្រើម្ដងទៀតនោះទេ៕
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍