ឈប់បារម្ភរឿងបញ្ហានោមញឹក! បើស្រី្តគ្រប់រូបចេះប្រើវិធីសាស្រ្តទាំង៤នេះបានត្រឹមត្រូវ
ធ្លាប់លឺបងប្អូនប្រជាពលខ្មែរយើង ជាពិសេសនារីៗតែម្តង ច្រើនជួបបញ្ហាជំងឺរលាក លើផ្លូវបង្ហូរទឹកនោម ហើយមានស្រ្តីខ្លះ អាចកើតជំងឺនេះ ២ទៅ៣ដង ក្នុងមួយឆ្នាំៗ។ តើអ្វីជាជំងឺ រលាកផ្លូវបង្ហូរទឹកនោម? តើជំងឺនេះ មានរោគសញ្ញាគួរឲ្យកត់សម្គាល់អ្វីខ្លះ? អាចព្យាបាល និងការពារបានទេ? ថ្ងៃនេះ Healthy Cambodia នឹងសាកល្បងឆ្លើយនឹងសំនួរខាងលើ។
យោងតាមគេហទំព័រ mayoclinic.org ជំងឺរលាកផ្លូវបង្ហូរទឹកនោម អាចកើតឡើងលើ តម្រងនោម បំពង់បង្ហូរនោម ប្លោកនោម និងបង្ហួរនោម។ មេរោគអាចមានប្រភពពី ផ្លូវលាមក(រន្ធគូទ) និងប្រដាប់ភេទផ្នែកខាងក្រៅ ។ មេរោគទាំងនេះ អាចជ្រៀតចូលតាម រន្ធបង្ហួរនោម ហើយរាលដាលដល់ប្លោកនោម ឬតម្រងនោមផងដែរ។ ស្រ្តីគឺងាយ កើតជំងឺនេះ ជាងបុរស នេះព្រោះតែ រន្ធបង្ហួរនោមស្រ្តីខ្លី ហើយវានៅជិតផ្លូវលាមក និងប្រដាប់ភេទ ។
រោគសញ្ញាទូទៅ៖ អ្នកជំងឺមានអារម្មណ៍ថាចង់ឈឺនោមភ្លាមៗ នោមហាក់មិនអស់ នោមចេញច្រូចៗ នោមញឹក មានអារម្មណ៍ថាក្រហាយពេលនោមម្ដងៗ ទឹកនោមប្រែជាល្អក់ ទឹកនោមមានក្លិនឆួលខ្លាំង ឆ្អេះខ្លាំង ។ ចំពោះស្រ្តី អាចឈឺត្រង់អាងត្រគាក។ ករណីធ្ងន់ធ្ងរ អ្នកជំងឺមានក្ដៅខ្លួន(លើសពី៣៨អង្សា) នោមមានឈាម មានខ្ទុះ ស្ទះនោម ឬគ្មានទឹកនោម។
ក្រៅពីនេះ នៅមានរោគសញ្ញាជាក់លាក់មួយចំនួនដូចជា៖ អ្នកជំងឺឈឺខ្នង ឈឺចង្កេះ ក្ដៅខ្លួន(លើសពី៣៨អង្សារ) រងាញាក់ និងក្អួតចង្អោរ(ករណីមានការបង្ករោគលើតម្រងនោម) អ្នកជំងឺ អាចមានអារម្មណ៍តឹងណែនម្ដុំឆ្អឹងអាងត្រគៀក នោមញឹក ឈឺខ្លាំងពេលនោមម្ដងៗ (ករណីមានការបង្ករោគលើប្លោកនោម) ។ អ្នកជំងឺមានអារម្មណ៍ថា ក្រហាយ ឈឺផ្សា ពេលនោមម្ដងៗ និងកម្លាំងទឹកនោមបាញ់ចេញចុះខ្សោយ(ករណីបង្ករោគនៅបង្ហួរនោម) ។
ការព្យាបាល៖ ជំងឺរលាកផ្លូវបង្ហូរទឹកនោម អាចត្រូវបានព្យាបាល ឲ្យជាសះស្បើយ ។ ករណីស្រាល អ្នកជំងឺអាចប្រឹក្សាជាមួយគ្រូពេទ្យជំនាញ និងញ៉ាំថ្នាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ។ ប៉ុន្តែករណីធ្ងន់ធ្ងរ អ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
វិធីបង្ការ៖មានវិធីសាស្រ្តមួយចំនួន ដែលអាចបង្ការកុំឲ្យកើតជំងឺរលាកផ្លូវបង្ហូរទឹកនោម៖
១. ធ្វើអនាម័យ៖ ត្រូវទម្លាប់ធ្វើអនាម័យក្រោយបន្ទោបង់រួច ត្រូវជូតសម្អាត ឬលាងសម្អាត ពីមុខទៅក្រោយ ឲ្យបានស្អាតល្អ ។
២. ធ្វើអនាម័យ លើប្រដាប់បន្តពូជខាងក្រៅ៖ ត្រូវទម្លាប់ប្ដូរខោក្នុងឲ្យបានទៀតទាត់ ជាពិសេសចំពោះស្រ្តី ត្រូវទម្លាប់ប្ដូរសំឡីអនាម័យ ឲ្យបានទៀងទាត់ កុំឲ្យលើសពី៦ម៉ោង ។
៣. កុំទម្លាប់ទប់នោមយូរៗពេក៖ ការធ្វើបែបនេះ អាចផ្ដល់ឱកាសដល់មេរោគ អាចជ្រៀតចូលតាមរន្ធបង្ហួរនោម និងអាចបង្ករោគបាន ។
៤.ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ការញ៉ាំទឹកបានគ្រប់គ្រាន់ ជួយបន្ថយហានិភ័យ នៃការបង្ករោគ លើផ្លូវបង្ហូរទឹកនោមបាន ។
ជំងឺរលាកផ្លូវបង្ហូរទឹកនោម អាចត្រូវបានព្យាបាល ឲ្យជាសះស្បើយ ប៉ុន្តែការទុកបណ្ដោយ មិនព្យាបាល ឲ្យបានត្រឹមត្រូវ វាគឺជារឿងគ្រោះថ្នាក់ ដល់អាយុជីវិត ជាពិសេសបើមានការ បង្ករោគលើតម្រងនោម ។ ករណីមានរោគសញ្ញា គួរឲ្យសង្ស័យ សូមប្រញាប់ប្រឹក្សាជាមួយ គ្រូពេទ្យជំនាញ ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យបាលឲ្យបានត្រឹមត្រូវ ៕
អត្ថបទដោយ៖ ហួ ភារ៉ា