ពិភពលោកកាន់តែរីកចម្រើន ភាពងាយស្រួលកាន់តែកើតមានគ្រប់វិស័យដើម្បីសម្រួលដល់ការរស់នៅ ជាពិសេសគឺវិស័យចំណីរអាហារតែម្តង។ កាលពីជំនាន់បុរាណ មួយថ្ងៃញ៉ាំបាយតែ៣ពេល ម្ហូបបន្លែផ្លែឈើបេះកៀនផ្ទះ រាប់ខែទើបបានបង្អែមញ៉ាំម្តងៗ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរ ប្រែប្រួលអស់ហើយ។ បច្ចុប្បន្ននេះ ម្ហូបពិបាកធ្វើយ៉ាងណាក៏ដោយ ក៏អាចរកទិញបាន ងាយៗបំផុត ទោះមិនបាច់ទៅដល់កន្លែងលក់ម្ហូបក៏អង្គុយបញ្ជាទិញបានតាមទូរស័ព្ទដឹកដល់ទីតាំង។ នេះហើយគឺជាចំណែកមួយដែលជម្រុញឱ្យមនុស្សញ៉ាំច្រើន ឡើងគីឡូលឿន។ នៅពេលដែលឡើងគីឡូ ទើបនឹកឃើញរកដំណោះស្រាយតាមក្រោយ ហើយមួយក្នុងចំណោមដំណោះស្រាយជាច្រើន គឺការញ៉ាំទឹកអង់ទីអុកស៊ីដង់សម្រកគីឡូ។
យោងតាមការសិក្សាពីគេហទំព័រសុខភាព Healthline គេបានឱ្យនិយមន័យទឹកអង់ទីអុកស៊ីដង់ថា ជាប្រភេទភេសជ្ជៈដែលផលិតឡើងដោយគ្រឿងផ្សំមួយឬច្រើន ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ផ្លែឈើ បន្លែ កាហ្វេ ឬតែ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនោះ អាចចូលទៅបន្សាបសមាសធាតុបង្កគ្រោះថ្នាក់ដែលគេស្គាល់ថាជារ៉ាឌីកាល់សេរី។ លើសពីនេះ វាក៏អាចកាត់បន្ថយការខូចខាតអុកស៊ីតកម្មដល់កោសិកា ជួយបន្ថយការរលាក និងការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ។
បន្ថែមពីនេះ យោងតាមការសម្ភាសរវាងចាបបៃតងនឹង វេជ្ជបណ្ឌិត លី សង់គី ដែលជាគ្រូពេទ្យជំនាញដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែក Functional Medicine, Clinical Metal Toxicology & Antidotes និង Lifestyle Intervention ពីក្រៅប្រទេស (ដូចជាប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌា និងហ្វីលីពីន) បានពន្យល់ថាទឹកបន្លែអង់ទីអុកស៊ីដង់ គឺជាទឹកបន្លែស្រស់ដែលផ្សំរូបមន្តដោយសារធាតុអង់ទីអុកស៊ីដង់ចម្រុះ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា “កាលណាដែលអ្នកសម្រកគីឡូ គាត់ជ្រើសរើសយកទឹកបន្លែអង់ទីអុកស៊ីដង់ ជាភេសជ្ជៈប្រចាំថ្ងៃ ពពួកសារធាតុអង់ទីអុកស៊ីដង់សំខាន់ៗនៅក្នុងនោះនឹងចូលទៅ ១. ទាញជាតិខ្លាញ់ចេញពីក្នុងកោសិកាខ្លាញ់ ២. ទាញសារធាតុពុល (toxins) ចេញពីក្នុងកោសិកាខ្លាញ់ និង ៣. ទាញទឹក (water) ចេញពីក្នុងកោសិកាខ្លាញ់មកក្រៅផងដែរ។ ដូចនេះ កាលណាដែលសារធាតុទាំង៣នេះចេញមកក្រៅហើយ វាធ្វើឱ្យខូឡាជែនខ្លាញ់ក្នុងពោះដែលធ្លាប់តែរឹង (rigid collagen of visceral fats) ប្រែមកជាទន់ ហើយអ្នកនឹងសង្កេតឃើញក្បាលពោះទន់ជាងមុន និងកន្លែងផ្សេងៗទៀតដែលធ្លាប់តែរឹង (ដូចជាគល់ភ្លៅ និងដើមដៃ) នឹងទន់បន្តិចម្តងៗ។ ពេលនេះហើយ អ្នកនឹងចាប់ផ្តើមស្រកគីឡូដោយធម្មជាតិ ដោយសម្រកតែជាតិខ្លាញ់អាក្រក់ និងសារធាតុពុលចេញពីកោសិកាខ្លាញ់។”
សម្រាប់អ្នកសម្រកគីឡូ ការផ្លាស់ប្តូររបបអាហារជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ។ បូករួមនឹងភេសជ្ជៈល្អៗជម្រុញការសម្រកគីឡូឱ្យស្រកបានលឿន ព្រមទាំងការហាត់ប្រាណបន្ថែមផងនោះ នឹងជួយឱ្យពួកគាត់មានសុខភាពល្អផង និងស្រកគីឡូផង៕
អត្ថបទដោយ៖ កញ្ញា លីហួយ