ផ្លូវចិត្តនិងរាងកាយ មានចំណងជាប់ទាក់ទងគ្នា ហេតុនេះការការពារនិង ព្យាបាលគឺត្រូវយកចិត្តទុកដាក់ទាំង២។ថ្ងៃនេះយើងនឹងនាំអារម្មណ៍ទាំងអស់គ្នាទៅស្គាល់ពីប្រភេទវីតាមីន ដែលជំនួយទាំងរាងកាយ ពិសេសមានគុណសម្បត្តិល្អសម្រាប់អ្នកដែលមានភាពតានតឹងក្នុងអារម្មណ៍ឬ ស្ថិតក្នុងការមានវិបត្តិធ្លាក់ទឹកចិត្តដែលដកស្រង់ពីHealthline។
វីតាមីនមានសារៈសំខាន់ចំពោះមុខងាររាងកាយជាច្រើន។ ការស្រាវជ្រាវបានបង្ហាញថាវីតាមីនពីរមានប្រយោជន៍ជាពិសេសសម្រាប់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តមានដូចជា៖
១.វីតាមីនប៊ី(vitamin B)៖ ក្នុងនោះមានមានវីតាមីនប៊ី១២ (B12)និងវីតាមីនប៊ី៦ (B6) មានសារៈសំខាន់ចំពោះសុខភាពខួរក្បាល។ នៅពេលដែលកម្រិតវីតាមីនប៊ីរបស់អ្នកទាបហានិភ័យរបស់អ្នកក្នុងការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តអាចមានឱកាសខ្ពស់។តើអ្នកអាចទទួលបានវីតាមីននេះ ពីណាមក?
តាមប្រភពដដែលបានបង្ហាញថាមីតាមីនប៊ីមានផ្ទុកនៅក្នុង៖
+ចំពោះវីតាមីនប៊ី១២:វីតាមីនប៊ី ១២ ហៅថា cobalamin ជួយគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ។ វាក៏ដើរតួក្នុងការលូតលាស់និងការបង្កើតកោសិកាឈាមក្រហមផងដែរ។ស្ថានភាពផ្លូវចិត្តដូចជាវង្វេងស្មារតី ទឹកចិត្តនិងការបម្រែបម្រួលរាយកាយមួយចំនួនអាចបណ្តាលមកពីកង្វះវីតាមីន ប៊ី១២ ហើយការខូចខាតផ្នែកសរសៃប្រសាទពេលខ្លះមិនអាចត្រឡប់វិញបានទេ។វីតាមីននេះមានប្រភពពី៖
-ថ្លើមគោ
-ពពួកសាច់គ្រប់ប្រភេទ
-ឈីស
-ស៊ុត
-ទឹកដោះគោ
-ក្រុមលៀស
+ចំពោះវីតាមីនប៊ី៦: អាចហៅថា pyridoxine ជួយឱ្យបម្លែងអាហារទៅជាថាមពល ថែមទាំងប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគថែមទៀត ព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំមួយផ្នែកដែរ។ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូនត្រូវការវាដើម្បីជួយឱ្យខួរក្បាលទារកមានការលូតលាស់ល្អ។វីតាមីននេះមានប្រភពពី៖
-បន្លែប្រភេទម្សៅ ដូចជាដំឡូង ពោត ល្ពៅជាដើម
-ពពួកផ្លែឈើ លើកលែងតែប្រភេទក្រូច
-ពពួកសាច់
២.វីតាមីនឌី(vitamin D)៖រាងកាយផលិតវីតាមីនឌីតាមធម្មជាតិនៅពេលដែលប៉ះត្រូវពន្លឺព្រះអាទិត្យ។ អ្នកក៏អាចទទួលបានវាតាមរយៈអាហារនិងថ្នាំបំប៉នមួយចំនួនដើម្បីធានាបាននូវកម្រិតវីតាមីនគ្រប់គ្រាន់នៅក្នុងឈាមរបស់អ្នក។វីតាមីននេះមានសារសំខាន់សម្រាប់សុខភាពខួរក្បាលបេះដូងនិងឆ្អឹង និងធ្វើឱ្យរាងកាយធន់នឹងជំងឺមួយចំនួនផងដែរ។
ចំពោះអាហារដែលផ្ដល់វីតាមីនឌីមាន ត្រីសាលម៉ុន សាឌីន ស៊ុតពណ៌លឿង បង្កង ទឹកដោះគោ (មានការការពារ)
ធញ្ញជាតិ ទឹកដោះគោជូរ ទឹកក្រូច។
បញ្ហាធ្លាក់ទឹកចិត្តអាចមានឱកាសកើតលើបុគ្គលគ្រប់រូប តែវាអាចស្ថិតក្នុងកម្រិតផ្សេងគ្នា។ក្នុងនោះក្រៅពីការគេងឱ្យបានគ្រប់គ្រាន់ ការហាត់ប្រាណជាប្រចាំ និងបង្កើនទំនាក់ទំនងល្អៗ ការទទួលយកវីតាមីនដែលបានរៀបរាប់ខាងលើ ក៏ជួយទប់ស្កាត់និងរួមចំណែកព្យាបាលបញ្ហាបាក់ទឹកចិត្តផងដែរ ហេតុនេះសូមអនុវត្តន៍និងមើលថែសុខភាពផ្លូវចិត្តតាមវិធីនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីរាងកាយនិងសុខភាពផ្លូវចិត្តមានភាពរឹងមាំ។
អត្ថបទសុខភាពផ្សេងទៀត៖ ចេញពីផ្ទះមិនរួច! វិធីងាយៗទាំងនេះអាចជួយគ្រប់គ្រងសម្ពាធឈាមដោយមិនបាច់ប្រើថ្នាំ
អត្ថបទកែសម្រួលដោយ៖ ភោគ ម៉ារី (Phoak Mary)