សម្រាប់អ្នកមានជំងឺលើសឈាមអ្នកអាចគ្រប់គ្រងសម្ពាធឈាមឱ្យនូវថេរបានដោយខ្លួនឯង ក្នុងករណីកម្រិតស្រាលដោយបង្កើតទម្លាប់ល្អៗក្នុងការរស់នៅ។ ក្នុងនោះដោយគ្រាន់តែអ្នកមានទម្លាប់ល្អក្នុងការរស់នៅ និងចេះជ្រើសរើសរបបអាហារដែលគួរញុំា អ្នកនឹងអាចគ្រប់គ្រងសម្ពាធឈាមអ្នកដោយមិនបាច់ប្រើប្រាស់ថ្នាំឡើយដោយធ្វើតាមវិធីខាងក្រោមនេះបាន។
១. ថែរក្សាទម្ងន់
សម្ពាធឈាមកើនឡើងនៅពេលទម្ងន់បស់អ្នកប្រែប្រួលទៅជាឡើងខ្លាំង។ ការលើសទម្ងន់ក៏អាចបណ្តាលឱ្យមានការរំខានដល់ការដកដង្ហើមដែលបង្កើនសម្ពាធឈាមរបស់អ្នក។ ហេតុនេះប្រសិនបើអ្នកចង់គ្រប់គ្រងសម្ពាធឈាមអ្នកមិនឱ្យកើនឡើង សូមអ្នកព្យាយាមកុំឱ្យទម្ងន់របស់អ្នកកើនឡើងបន្ដទៀត។ ខណៈនៅផ្ទះអ្នកអាចហាត់ប្រាណបន្ដិចបន្តួចដោយខ្លួនឯង ឬដើរចុះដើរឡើងៗបាន។
២. ញុំាអាហារសុខភាព
ការបរិភោគរបបអាហារដែលសម្បូរទៅដោយ គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាបអាចបន្ថយសម្ពាធឈាមរបស់អ្នកបានរហូតដល់ ១១ មីលីក្រាម។ ស្របពេលនេះអ្នកត្រូវទទួលអាហារណាដែលផ្ដល់នូវជីវជាតិ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីឱ្យរាងកាយមានភាពរឹងមាំបន្ថែម។
៣. កាត់បន្ថយជាតិអំបិល
ការកាត់បន្ថយជាតិសូដ្យូម(អំបិល)នៅក្នុងរបបអាហាររបស់អ្នកអាចធ្វើអោយសុខភាពបេះដូងរបស់អ្នកមានភាពប្រសើរឡើង និងកាត់បន្ថយសម្ពាធឈាម។ ការញុំាអាហារដែលសម្បូរដោយជាតិប្រៃខ្លាំង វាជាហានិភ័យលេខមួយដែលធ្វើសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់។ អាហារដែលអ្នកគួរចៀសវាងកុំឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងមានដូចជា គ្រឿងផ្អាប់ អាហារដែលមានជាតិខ្លាញ់ខ្ពស់ មី អាហារកែច្នៃ...។
៤. កាត់បន្ថយស្រ្ដេស
ភាពតានតឹងរ៉ាំរ៉ៃអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។ ការស្រាវជ្រាវជាច្រើនបានឱ្យដឹងថាសម្ពាធឈាមកើនឡើងខ្ពស់អាចបណ្ដាលមកពីបញ្ហាតានតឹងផ្នែកផ្លូវអារម្មណ៍របស់អ្នក។ ហើយសូម្បីតែការស្ដ្រេសម្ដងម្ដាលក៏អាចរួមចំណែកដល់ជំងឺលើសឈាមដែរ។ ហេតុនេះប្រសិនបើមិនចង់ឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់អ្នកគួររៀនគ្រប់គ្រងផ្លូវចិត្តឱ្យបានល្អ កុំឱ្យមានភាពតានតឹងខ្លាំងពេក។
ក្រៅវិធីខាងលើដែលជួយអ្នកមិនឱ្យមានសម្ពាធឈាមកើនឡើងហើយ ករណីដាច់ខាតសូមអ្នកគួចៀសវាងឱ្យនូវការផឹកស្រា នឹងការជក់បារី។ ព្រោះការផឹកស្រា និងជក់បារីនេះក៏ជាកត្តាចម្បងដែលនាំឱ្យអ្នកមានជំងឺលើសសម្ពាធផងដែរ។
អត្ថបទដោយ៖ ភី សៅឌី