ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទី។
បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរដែលត្រូវបានបុព្វបុរសខ្មែរយើងកសាងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់លាស់គួរឲ្យស្ញប់ស្ញែង។
ទន្ទឹមជាមួយគ្នានេះផងដែរ ផ្អែកលើប្រភពព័ត៌មានរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសុំភ្លើង “ព្រះអាទិទេពកីឡា”ដើម្បីដុតភ្លើងគប់នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ។
គួរជម្រាបដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីព្រឹក និងខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។
បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត៕
អត្ថបទដោយ៖ Senghong