រឿងរ៉ាវដែលអាក្រក់បំផុតសម្រាប់សុខភាពរបស់មនុស្សស្រី គឺពាក់ព័ន្ធទៅនឹងរោគទ្វារមាសរុំារ៉ៃ បង្កជាក្លិនមិនល្អ ធ្លាក់ស-ល-។ បញ្ហាទាំងអស់នេះប្រសិនណាបើទុកឱ្យនៅដោយមិនព្រមព្យាបាល ឬបង្ការទុកទេ នោះនឹងអាចវិវត្តន៍ចូលទៅស្ថានភាពកាន់តែអាក្រក់ ឬអាចធ្លាក់ចូលក្នុងជំងឺរោគស្ត្រីកាចៗមួយចំនួនទៀតរួមមាន៖ មហារីកស្បូន គីសមាត់ស្បូន ឬដៃស្បូន មហារីក្រពេញអូវែ...ជាដើម។
យ៉ាងណាមិញ ក្នុងលក្ខខណ្ឌការពារប្រសើរជាងព្យាបាល ថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង នឹងដកស្រង់នូវក្រុមអាហារចំនួន៦មុខល្អបំផុតសម្រាប់ថែរក្សាសុខភាពទ្វារមាស ដោយដកស្រងចេញពីប្រភព healthshots ៖
១. យ៉ាអួ៖ នៅក្នុងយ៉ាអ៊ួ ត្រូវបានរកឃើញនូវប្រភេទបាក់តេរីល្អម្យ៉ាងដែលហៅថា ប្រូបាយអូតិច មានលក្ខណៈពិសេសក្នុងការចូលរួមចំណែកថែរក្សាទ្វារមាសឱ្យកាន់តែប្រសើរ ជួយរក្សាកម្រិត pH ទ្វារមាស ដើម្បីបង្ការកុំស្ងួត ឡើងរមាស់ និងក្លិនមិនល្អ។ សម្រាប់យ៉ាអ៊ួស្ត្រីគ្រប់រូបអាចទទួលទានម្តងក្នុងថ្ងៃ ពេលល្ងាច ក្នុងបរិមាណ១៥០មីលីក្រាម ក៏អាចជួយសុខភាពទ្វារមាសពីបញ្ហារលាករុំារ៉ៃ និងកាត់បន្ថយបញ្ហារោគធ្លាក់សបានដូចគ្នា។
២. ផ្លែក្រូច៖ ក្រូចថ្លុង ក្រូចឆ្មារ ក្រូចក្រហម...ផ្ទុកទៅដោយសារជាតិវីតាមីនCដ៏សម្បូរបែប។ ដោយប្រភេទវីតាមីននេះ នឹងចូលទៅកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងទ្វារមាសបានរហូតដល់ពាក់កណ្តាល ដោយសារតែវត្តមានអាស៊ីត ascorbic។ វីតាមីន C នៅក្នុងផ្លែក្រូច អាចជួយទប់ស្កាត់ការឆ្លងមេរោគកើតឡើងម្តងទៀត និងការហូរទឹករំអិលទ្វារមាសច្រើនខុសប្រក្រតីផងដែរ។
៣. ស៊ុត៖ ប្រភពវីតាមីនDដ៏ល្អ ដែលមាននៅក្នុងសុទ្ធលឿង នឹងជួយជំរុញដល់ការលូតលាស់ និងភាពខុសគ្នានៃកោសិកា epithelial ទ្វារមាស ធ្វើឱ្យ pH របស់ទ្វារមាសមានភាពប្រសើរឡើង និងកាត់បន្ថយ ភាពស្ងួតនៃទ្វារមាសចំពោះស្ត្រីអស់រដូវ ដោយលក្ខណៈស្ងួតនេះធ្វើឱ្យងាយកើតបញ្ហារលាក។
៤. ត្រី៖ សារជាតិអូមេហ្គា៣ ដែលមាននៅសាច់ត្រី បង្គា គ្រាប់ធញ្ញជាតិ ប្រេងអូលីវ... នៅជួយការពារកុំឱ្យកើតជំងឺមហារីកស្បូនបាន។ អាស៊ីតខ្លាញ់អូមេហ្គា 3 អាចបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ដែលអាចជួយការពារភាពស្ងួតរបស់ទ្វារមាស បង្កើនជាតិទឹកដល់ស្បែក និងកាត់បន្ថយបញ្ហាជំងឺរោគស្ត្រីរុំារ៉ៃមួយចំនួន។
៥. ផ្កាខាត់ណាខៀវ៖ សារធាតុ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទមានផ្ទុកនៅក្នុងផ្កាខាត់ណាខៀវ និងសារជាតិចិញ្ចឹមគួបផ្សំមួយចំនួនទៀត នឹងចូលទៅជួយជួសជុលនូវកោសិកាខូចខាតមួយចំនួនដែលមាននៅក្នុងទ្វារមាស ទប់បញ្ហាស្ងួត កម្ចាត់បាក់តេរីមិនល្អ និងថែមទាំងអាចជួយ បង្ការកុំឱ្យជំងឺមហារីកក្រពេញអូវែបានមួយផ្នែកទៀត។
៦. តែបៃតង៖ តែបៃតង ត្រូវបានគេរកឃើញនូវសមត្ថភាពពិសេសក្នុងការជួយជំរុញបាក់តេរីដែលមានប្រយោជន៍នៅក្នុងស្បូន ធ្វើឱ្យមានតុល្យភាពអ័រម៉ូន ក៏ដូចជាពង្រឹងជញ្ជាំងស្បូន។ ការទទួលទាននៅតែបៃតងជាប្រចាំថ្ងៃ សម្រាប់ស្ត្រីគឺអាចចៀសឆ្ងាយពីការកើតនូវបញ្ហាជំងឺរលាករុំារ៉ៃ និងបញ្ហារោគស្ត្រីដទៃទៀត៕
ប្រភពបន្ថែម៖ timesofindia.indiatimes
អត្ថបទដោយ៖ ប៉ាវ ភក្តី