ភាគច្រើនមនុស្សវ័យចាប់ពី៣០ឆ្នាំឡើងទៅជាវ័យមួយដែលមានតួនាទីនិងបន្ទុកច្រើនក្នុងដៃ ត្រូវរ៉ាប់រងទាំងគ្រួសារ សម្ពាធពីការងារជាដើម ងាយអូសទាញចិត្តឱ្យស្រ្តេស គិតច្រើន រ៉ាំរ៉ៃយូរងាយប្រឈមជាមួយជំងឺសរសៃប្រសាទម្យ៉ាងឈ្មោះ Alzheimer ។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពីគេហទំព័រ everydayhealth បានឱ្យដឹងថា ជំងឺ Alzheimer គឺជាជំងឺភ្លេចភ្លាំង វង្វេង ដែលពាក់ព័ន្ធជាមួយប្រព័ន្ធប្រសាទ ខូចប្រព័ន្ធប្រសាទ បណ្តាលឱ្យបាត់បង់ការចងចាំ និងការភ្លេចភ្លាំង។ បច្ចុប្បន្ន ជំងឺនេះបានប៉ះពាល់ដល់ជនជាតិអាមេរិកប្រមាណជា ៥.៨ លាននាក់។ តាមការពិសោធន៍ឃើញថា ជំងឺវង្វេង ភ្លេចភ្លាំង នេះគឺជាជំងឺដ៏កាចសាហាវទី៦ ដែលបានសម្លាប់ប្រជាជនជាច្រើននាក់រៀងរាល់ឆ្នាំ។ ភាគច្រើន មនុស្សដែលប្រឈមមុខជាមួយជំងឺនេះជាក្រុមមនុស្សដែលពូកែស្រ្តេស គិតច្រើន ធ្វើឱ្យប៉ះពាល់ប្រព័ន្ធប្រសាទ បណ្តាលឱ្យពួកគេមានអាការវង្វេង ភ្លេចភ្លាំងច្រើន ងាយកើតទៅលើមនុស្សវ័យចាប់ពី៣០ឆ្នាំឡើងទៅ។
យ៉ាងណាមិញ ចំពោះអ្នកដែលមានបញ្ហាផ្លូវចិត្ត ស្រ្តេសច្រើន ភ្លេចភ្លាំង ស្ពឹកខួរក្បាល គឺត្រូវងាកមកផ្តោត និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើរបបអាហារប្រចាំថ្ងៃ។ ការញ៉ាំអាហារបានត្រឹមត្រូវ គឺចំណែកធំមួយដែលជួយសម្រួលទៅដល់រាងកាយ ផ្លូវចិត្ត និងអារម្មណ៍របស់អ្នក។ គ្រប់អាហារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ខុសៗពីគ្នា ប៉ុន្តែចំពោះអ្នកមានបញ្ហាស្រ្តេសច្រើន គួររបៀបចំកាលវិភាគញ៉ាំអាហារទៅតាមរបៀប តាមថ្ងៃខាងក្រោម៖
ថ្ងៃទី១
អាហារពេលព្រឹក៖ ចេក១ផ្លែ និងទឹកផ្លែឈើក្រឡុក១កែវ
អាហារថ្ងៃត្រង់៖ សាឡាត់ ឬស្ងោទ្រូងមាន់
អាហារពេលល្ងាច៖ អាចញ៉ាំទៅតាមចំណូលចិត្តរបស់អ្នក
ថ្ងៃទី២
អាហារពេលព្រឹក៖ ផ្លែប័រក្រឡុក១កែវ
អាហារថ្ងៃត្រង់៖ សាំងវ៉ិច នំបុ័ងស្រូវសាលី
អាហារពេលល្ងាច៖ សាច់មាន់ ជាមួយខាត់ណាខៀវ អាចចម្អិនទៅតាមចំណូលចិត្ត។
ថ្ងៃទី៣
អាហារពេលព្រឹក៖ ចេក១ផ្លែក្រូចច្របាច់១កែវ
អាហារថ្ងៃត្រង់៖ សាំងវ៉ិច ជាមួយសាច់ទ្រូងមាន់
អាហារពេលល្ងាច៖ សាច់គោ សាឡាដ ស្ពៃក្តោប អាចចម្អិនតាមចំណូលចិត្ត
ថ្ងៃទី៤
អាហារពេលព្រឹក៖ ទឹកដោះគោជូរ១កែវ និងគ្រាប់អាល់ម៉ុន១៥គ្រាប់
អាហារថ្ងៃត្រង់៖ ខាត់ណា សាឡាដ ការ៉ុត ម្ទេសប្លោក ផ្សិត ប៉េងប៉ោះ សណ្តែកសៀង ប្រេងអូលីវ គ្រឿងផ្សំទាំងនេះអ្នកអាចយកទៅចម្អិនទៅតាមមុខម្ហូបដែលអ្នកចូលចិត្ត។
អាហារពេលល្ងាច៖ អចាញ៉ាំជាប្រភេទសាច់ ជាមួយផ្លែទំពាំងបាយជូរ។
ថ្ងៃទី៥
អាហារពេលព្រឹក៖ Oatmeal ជាមួយផ្លែ blueberries
អាហារថ្ងៃត្រង់៖ សាច់មាន់ដុតប្រេងអូលីវ ញ៉ាំជាមួយសាឡាត់ ខាត់ណា ប៉េងប៉ោះ ត្រសក់
អាហារពេលល្ងាច៖ ត្រីសាម៉ុង ជាមួយប្រូខូលី
ថ្ងៃទី៦
អាហារពេលព្រឹក៖ នំសាំងវ៉ិចបន្លែមួយដុំ ទឹកក្រូចច្របាច់១កែវ
អាហារថ្ងៃត្រង់៖ ទ្រូងមាន់ស្ងោ
អាហារពេលល្ងាច៖ ស៊ុបបន្លែគ្រប់មុខ
ថ្ងៃទី៧
អាហារពេលព្រឹក៖ នំបុ័ងស្រូវសាលី ជាមួយពងមាន់ និងផ្លែប័រ
អាហារថ្ងៃត្រង់៖ សាឡាត់ ជាមួយផ្លែស្ត្របឺរី
អាហារពេលល្ងាច៖ ត្រីសាល់ម៉ុងស្រស់
អាហារគ្រប់មុខខាងលើ ជាក្រុមអាហហារសម្បូរដោយជាតិសរសៃខ្ពស់ កាឡូរីទាប វីតាមីនស៊ី សារធាតុflavonoidsជាសារធាតុអុកស៊ីតកម្ម វីតាមីនE ប្រូតេអ៊ីន អាស៊ីតmonounsaturated ទៅបង្កើនសមត្ថភាពខួរក្បាល ជួយឱ្យខួរក្បាលមានសុខភាពល្អ ជួយបន្ថយសម្ពាធឈាម ជួយបំបាត់ភាពតានតឹងនៅក្នុងខ្លួន បន្ថយការភ្លេចភ្លាំងច្រើន ការពារជំងឺសរសៃប្រសាទ និងកាត់បន្ថយហានិភ័យ Alzheimer បានយ៉ាងល្អផងដែរ។
អត្ថបទដោយ៖ មឿន គន្ធា