បើអ្នកចេះរបៀបញ៉ាំអាហារឱ្យបានត្រឹមត្រូវនោះ អ្នកគ្មានថ្ងៃកើតជំងឺទឹកនោមផ្អែមនោះទេ។ ការញ៉ាំបានល្អវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ នៅខាងក្រោមនេះជាក្បួនញ៉ាំអាហារល្អបំផុតដើម្បីការពារអ្នកពីជំងឺទឹកនោមផ្អែម។ បើអ្នកមានជំងឺទឹកនោមផ្អែមក៏ជួយការពារជាតិស្ករកុំឱ្យលើសក្នុងសរសៃឈាមផងដែរ។
មុនអ្នកហូបអាហារណាមួយសូមអ្នកគិតបន្តិចសិនដើម្បីឱ្យអារហារដែលអ្នកហូបប្រាកដថាវាល្អដល់សុខភាព។ មានដូចជាបន្លែ ដំឡូងជ្វា... ដើម្បីការពារអ្នកពីជំងឺកើតមុនជំងឺទឹកនោមផ្អែម។
១. ញ៉ាំអាហារសម្បូរជាតិសរសៃច្រើន៖ ជាតិសរសៃជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយអ្នកគួរកំណត់កម្រិតជាតិស្ករក្នុងអាហារផងដែរ។ ការញ៉ាំបែបនេះជួយរក្សាលំនឹងជាតិស្ករក្នុងឈាម។ បើអ្នកញ៉ាំសម្បូរជាតិស្ករឬជាតិផ្អែមៗ វាធ្វើឱ្យអ្នកឆាប់អស់កម្លាំង ហើយងាយកើតជំងឺទឹកនោមផ្អែមលឿនបំផុត។ អាហារសម្បូរជាតិសរសៃមានដូចជា សណ្តែក ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិទាំងមូលផងដែរ។
២. ញ៉ាំគិតលើទំហំ៖ ការញ៉ាំគិតពីទំហំតូចៗ ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកបានល្អប្រសើរ។ ពេលអ្នកញ៉ាំអាហារណាមួយគួរមើលទំហំកាឡូរីសិនថា វាមានច្រើន ឬមានតិច។ ចូរអ្នកកាត់អាហារមានកាឡូរីច្រើនចេញ។ របៀបហូបបែបនេះ គឺថាពេលអ្នកហូបអាហារមានអារម្មណ៍ថាឆ្អែតហើយ គឺបញ្ឃប់ការញ៉ាំតែម្តង វាជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមានកម្រិត។
៣. ញ៉ាំសាច់គ្មានខ្លាញ់ និងប្រភពប្រូតេអ៊ីនមានសុខភាពល្អ៖ មានដូចជាទឹកសណ្តែក ទឹកដោះគោជូរ(គ្មានជាតិស្ករច្រើន) ស៊ុត សាច់មាន់ ត្រីសាម៉ុន ត្រីធូណា និងសាច់ជ្រូកគ្មានខ្លាញ់។ អាហារបែបនេះវាល្អដល់ចរន្តឈាមដើរស្រួល។
៤. ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ទឹកជាជម្រើសដ៏ល្អបំផុតជំនួសភេសជ្ជៈមានជាតិស្ករ ទឹកផ្លែឈើ ឬភេសជ្ជៈប៉ូវកម្លាំង។ ពេលអ្នកផឹកបន្ថែមស្លឹកក្រូចឆ្មា ឬស្លឹកជីអង្កាមពីរបីចំណិតទៅក្នុងទឹកចម្រោះ ដើម្បីបង្កើនរសជាតិ និងកាត់បន្ថយជាតិស្ករក្នុងឈាមមានប្រសិទ្ធភាព។ ជាពិសេសឈាមរបស់អ្នកត្រូវការជាតិទឹកជាងភេសជ្ជៈប៉ូវកម្លាំង។
៥. អ្នកមានជំងឺទឹកនោមផ្អែមគួរតែរក្សាលំហាត់ប្រាណជាប្រចាំ។ សូម្បីតែអ្នកមិនទាន់មានជំងឺទឹកនោមផ្អែមក៏ដោយ គួរតែធ្វើលំហាត់ប្រាណបញ្ចុះជាតិស្ករក្នុងឈាមដែរ។ ជាពិសេសពេលអ្នកហូបអាហាររួច គួរដើរបន្តិចចំនួន ៥នាទីដើម្បីបញ្ចុះជាតិស្ករក្នុងឈាមបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព