ជំងឺមហារីកឈាម អាចកើតឡើងនៅពេលដែល ខួរឆ្អឹងបានផលិតកោសិកាគ្រាប់ឈាមស ដែលមានលក្ខណៈខុសប្រក្រតី មិនអាចការពាររាងកាយ ដូចគ្រាប់ឈាមធម្មតា ហើយពួកវា នឹងអាចឆ្លងចូលចរន្តឈាម និងទៅកាន់សរីរៈមួយចំនួនដូចជា ថ្លើម និងខួរក្បាលផងដែរ។
យោងតាមគេហទំព័រ kidshealth.org មានជំងឺមហារីកឈាម២ប្រភេទ ដែលភាគច្រើនគេសង្កេតឃើញកើតមានចំពោះក្មេង និងមនុស្សជំទង់ញឹកញាប់ជាងគេ ។
១. ប្រភេទទី១៖ ជំងឺមហារីកឈាម acute lymphoblastic leukemia (ALL) កើតឡើង នៅពេលដែល រាងកាយអ្នកជំងឺបានបង្កើត គ្រាប់ឈាមសដែលមានឈ្មោះថា lymphocyteច្រើនជ្រុល ។ កោសិកាទាំងនេះ អាចជាប្រភេទ កោសិកា B-cells ឬT-cells ។
២. ប្រភេទទី២៖ ជំងឺមហារីកឈាម acute myeloid leukemia(AML) កើតឡើងនៅពេលដែលរាងកាយ បានបង្កើតកោសិកាគ្រាប់ឈាម ដែលមិនពេញវ័យ ច្រើនហួសហេតុ។
ជំងឺមហារីកឈាមប្រភេទនេះ ច្រើនវិវដ្តលឿនរហ័ស និងមានភាពធ្ងន់ធ្ងរ ចំពោះសុខភាពក្មេង ដូចនេះការកំណត់រោគវិនិច្ឆ័យ និងការព្យាបាល បានទាន់ពេលវេលា គឺជារឿងដ៏សំខាន់ និងចាំបាច់ណាស់។
រោគសញ្ញារួមមាន៖ ក្មេងដែលកើតជំងឺមហារីកឈាមច្រើនមានភាពស្លេកស្លាំង នេះក៏ព្រោះតែ អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ។ កង្វះខាតគ្រាប់ឈាមក្រហមនេះ បណ្ដាលមកពីខួរឆ្អឹង អសមត្ថភាពមិនអាចធ្វើការបានដូចធម្មតា ។ ភាពស្លេកស្លាំងនេះអាចស្ដែងចេញ ឲ្យឃើញសញ្ញាមួយចំនួនដូចជា៖ មើលទៅក្មេងហាក់ខ្សោយ អស់កម្លាំង ងាយហត់ដង្ហក់ ពិបាកដកដង្ហើម ជាពិសេសពេលធ្វើសកម្មភាពផ្សេងៗ ឈឺតាមសន្លាក់ឆ្អឹង ឈឺឆ្អឹង ហើមកូនកណ្ដុរ មិនឃ្លានអាហារ ស្រកទម្ងន់ ហើមពោះ និងឧស្សាហ៍ក្ដៅខ្លួនដោយគ្មានមូលហេតុជាដើម ។
មូលហេតុ៖ គ្រូពេទ្យមិនបានដឹងពីមូលហេតុ ច្បាស់លាស់នៃជំងឺនេះទេ ប៉ុន្តែវាមានជាប់ពាក់ព័ន្ធកត្តាហ្សែន មានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយសារធាតុគីមីមួយចំនួន ឬធ្លាប់ប្រើប្រាស់ថ្នាំក្រោយពីបានវះកាត់ផ្លាស់ប្ដូរសិរីរៈណាមួយ -ល- ។
ការព្យាបាល៖ ការព្យាបាល អាចធ្វើឡើងដោយប្រើប្រាស់សារធាតុគីមី ការប្រើប្រាស់កាំរស្មី ការប្រើប្រាស់វិទ្យុសកម្ម និងការវះកាត់ផ្លាស់ប្ដូរខួរឆ្អឹង ។
ដើម្បីកំណត់រោគវិនិច្ឆ័យ ឲ្យបានទាន់ពេលវេលា ឪពុកម្តាយ ឬអាណាព្យាបាល គួរចេះកត់សម្គាល់រោគសញ្ញាសំខាន់ៗ នៃជំងឺមហារីកឈាម និងប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា ៕
អត្ថបទដោយ៖ ហួ ភារ៉ា