តម្រងនោមឬភាគច្រើនបងប្អូនតែងហៅថាក្រលៀន ជាសរីរាង្គមានមួយគូ ស្ថិតនៅសងខាងឆ្អឹងកោង ចង្កេះ ដែលវាមានមុខងារចម្រុះជាតិពុលចេញពីចរន្តឈាមចូលតាមទឹកនោម នេះបើតាមការចែករំលែកពីលោកវេជ្ជបណ្ឌិត លឹម តាំងឡូន ជាវេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម ក្រពេញនិងអ័រម៉ូន។ លោកវេជ្ជបណ្ឌិត បានឱ្យដឹងផងដែរថា សង្កេតឃើញថាប្រជាជនខ្មែរយើងលើសពី៥០ភាគរយដែលបានធ្វើរោគវិនិច្ឆ័យឃើញជំងឺទឹកនោមផ្អែមលើកដំបូង មានការខ្សោយតម្រងនោមភ្ជាប់មកជាមួយ។
ដោយលោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការខ្សោយតម្រងនោម វាបណ្ដាលមកពីការកើនឡើងជាតិស្ករនៅក្នុងចរន្តឈាម រ៉ាំរ៉ៃយូរអង្វែង ដែលអាចបណ្ដាលឱ្យប្រព័ន្ធច្រោះទឹកនោមនៅក្នុងតម្រងនោមមានការធ្លុះធ្លាយបណ្ដើរៗ អាចឈានទៅដល់ការខ្សោយតម្រងនោមកម្រិតធ្ងន់ធ្ងរ អាចលាងឈាមឬប្តូរក្រលៀនជាដើម។ ផ្អែកតាមការឱ្យដឹងពីMayoclinic បានឱ្យដឹងថា រោគសញ្ញានៃជំងឺតម្រងនោមរ៉ាំរ៉ៃ វាអាចវិវត្តម្ដងបន្តិចៗរហូត ក្លាយជាជំងឺខូចតម្រងនោម។ ការបាត់បង់មុខងារតម្រងនោមអាចបណ្តាលឱ្យមានការប្រមូលផ្តុំសារធាតុរាវ ឬកាកសំណល់រាងកាយ ឬបញ្ហាអេឡិចត្រូលីត។
យោងតាមប្រភពMayoclinic ដដែលបានឱ្យដឹងថា អាស្រ័យលើភាពធ្ងន់ធ្ងរ នៃការបាត់បង់មុខងារតម្រងនោមអាចបណ្តាលឱ្យមានអាការដូចជា ក្អួតចង្អោរ ខ្សោយ អស់កម្លាំង បាត់បង់ចំណង់់អាហារ ហើមដៃជើងពិសេសកជើង មានបញ្ហាដំណេក នោមច្រើនឬតិចពេក ស្បែកស្ងួតរមាស់ រមួលសាច់ដុំ សម្ពាធឈាមឡើងខ្ពស់ ពិបាកដកដង្ហើមដោយសារសារធាតុរាវកើតឡើងក្នុងសួត អាចបង្កឱ្យហើមសួត និងឈឺទ្រូងក្នុងករណីសារធាតុរាវប្រមូលផ្ដុំនៅសរសៃឈាមបេះដូងជាដើម។
គួរបញ្ជាក់ផងដែរថា រោគសញ្ញាទាំងនេះមិនជាក់លាក់នោះទេ ព្រោះវាក៏អាចជារោគសញ្ញាដែលបង្កដោយជំងឺផ្សេងទៀតផងដែរ។ ហេតុនេះ បើអ្នកមានរោគសញ្ញាសង្ស័យណាមួយ លើកទឹកចិត្តឱ្យឆាប់ទៅធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យ និងធ្វើការពិនិត្យសុខភាពហោចណាស់១ឆ្នាំ១ឬ២ដង។ ជាមួយគ្នានេះ ដើម្បីថែរក្សាសុខភាពតម្រងនោមឱ្យល្អ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម ទោះជាមានបញ្ហាដល់តម្រងនោមហើយក្ដីឬនៅមិនទាន់មានបញ្ហាក្ដី លោកវេជ្ជបណ្ឌិតលើកទឹកចិត្តឱ្យពិសាថ្នាំឱ្យទៀងទាត់តាមវេជ្ជបញ្ជាព្យាយាមគ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងខ្លួនឱ្យបានល្អ។ ធ្វើលំហាត់ប្រាណ ធ្វើរបបចំណីអាហារ គួរបញ្ឈប់ការជក់បារី កាត់បន្ថយការបរិភោគខ្លាញ់សត្វ កាត់បន្ថយអំបិល(សូដ្យូម) បន្ថយជាតិស្ករ។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមស្រាប់ គួរកាត់បន្ថយពួកផូស្វ័រ ដែលសម្បូរនៅក្នុងអាហារសមុទ្រ ទឹកដោះគោ គ្រាប់ធញ្ញជាតិជាដើម៕
អត្ថបទដោយ៖ Senghong