ដំឡូងជ្វាមានច្រើនប្រភេទ ច្រើនពូជ ខណៈដំឡូង១ប្រភេទនេះសម្បូរជីវជាតិ ដែលសម្បូរទៅដោយវីតាមីនA វីតាមីនC និងម៉ង់ហ្គាណែសជាច្រើននៅក្នុងមួយផ្លែៗ។ ចំណុចពិសេសរបស់វា អាចប្រឆាំងនឹងជំងឺមហារីក ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយសុខភាពពោះវៀន ជួយឱ្យមុខងារខួរក្បាលដើរល្អ និងសុខភាពភ្នែកមើលភ្លឺច្បាស់ កាត់បន្ថយជំងឺភ្នែកផ្សេងៗបានយ៉ាងច្រើន។
អត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ មិនមែនគ្រាន់តែជាប៉ាន់ស្មានឬនិយាយតែមាត់នោះទេ ប៉ុន្តែមានអ្នកជំនាញបានធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍យ៉ាងជាក់ច្បាស់។ ជាក់ស្តែងនៅក្នុងHealthline បានបង្ហាញច្បាស់ៗឱ្យឃើញថា នៅក្នុងដំឡូងជ្វាពោរពេញទៅដោយជាតិរ៉ែ វីតាមីន និងហ្វាយប័រ។ នៅក្នុងដំឡូងជ្វា១ផ្លែៗតែងតែមាននូវ ប្រូតេអ៊ីន ហ្វាយប័រ វីតាមីនអេ វីតាមីនស៊ី ម៉ង់ហ្គាណែស វីតាមីនបេ៦ ប៉ូតាស្យូម និងសារជាតិល្អៗជាច្រើនទៀត។
លើសពីនេះ គេរកឃើញថាដំឡូងជ្វាគឺជាប្រភពនៃសារធាតុអង់ទីអុកស៊ីដង់ ប្រឆាំងអុកស៊ីតកម្ម ដែលការពារពីការខូចខាតនិងបំផ្លាញរ៉ាឌីកាល់សេរីដែលនាំឱ្យមានជំងឺមហារីក។ ដំឡូងជ្វាអាចកាត់បន្ថយការរលាក ដើម្បីកុំឱ្យសាច់មហារីកលូតលាស់នៅក្នុងរាងកាយ, ការពារជំងឺបេះដូង និងទប់ស្កាត់ភាពចាស់ជាងវ័យ។
លើសពីនេះ សារជាតិហ្វាយប័រ និងអង់ទីអុកស៊ីដង់នៅក្នុងដំឡូងជ្វា ដើរតួនាទីយ៉ាងល្អក្នុងការសម្រួលបញ្ហាក្រពះពោះវៀន។ វាជួយឱ្យក្រពះពោះវៀនដំណើរការល្អ និងការពារការកកើតមហារីកពោះវៀនបានយ៉ាងល្អទៀតផង។ ការញ៉ាំអាហារដែលសម្បូរសារជាតិហ្វាយប័រចំនួន២០ទៅ២៣ក្រាម អាចជួយយ៉ាងល្អក្នុងដំណើរការពោះវៀន និងមហារីកពោះវៀន។ នៅក្នុងការពិសោធន៍មួយទៀតគេរកឃើញថា ក្នុងដំឡូងជ្វា មានសារធាតុល្អៗដែលអ្នកញ៉ាំចូលទៅនាំឱ្យបាត់តេរីល្អលូតលាស់នៅក្នុងពោះវៀនធំ ដែលសុទ្ធតែជាបាត់តេរីដែលពោះវៀនត្រូវការរួមមានពពួកBifidobacterium និង Lactobacillus ដែលធ្វើឱ្យអ្នកបត់ជើងធំស្រួល មិនទល់លាមក មិនប្រឈមនឹងឬសដូងបាតនៅថ្ងៃក្រោយ។
នៅមានអត្ថប្រយោជន៍សំខាន់ៗជាច្រើនមុខទៀត ដែលមើមដំឡូងជ្វាអាចជួយសុខភាពមនុស្សជាតិនៅក្នុងពិភពលោកយើងបាន។ បើងាកមកតម្លៃវិញ នៅក្នុងប្រទេសកម្ពុជាយើងអំណោយផលក្នុងការដាំដំណាំមួយប្រភេទនេះណាស់ ជាហេតុតម្លៃរបស់វាមិនថ្លៃ ដែលប្រជាជនគ្រប់ៗរូបអាចទិញបរិភោគបានជាប្រចាំ។ ញ៉ាំច្រើនជំនួសអាហារពេលក៏បាន ជាពិសេសសម្រាប់អ្នកសម្រកគីឡូ ថែរាងជាដើម៕
អត្ថបទដោយ៖ កញ្ញា លីហួយ