ជំងឺ
មានគម្រោងយកកូនគួរដឹង! វេជ្ជ.ប្រាប់តិចនិក៦ កាត់បន្ថយការចាញ់កូន ម៉ាក់ៗសុខភាពរឹងមាំ
Mourn Kunthea
December 14 2022
397 views

អាការៈអស់កម្លាំង ល្ហិតល្ហៃ វិលមុខ រកក្អួតចង្អោរ ចាញ់ក្លិនអាហារ ជារោគសញ្ញាចាញ់កូនដែលស្រ្តីមានផ្ទៃពោះភាពច្រើនតែងតែជួបប្រទះ។ បញ្ហានេះបង្កជាផលវិបាកខ្លាំងទៅដល់ស្រ្តីដែលកំពុងពពោះ ប៉ះពាល់ទៅដល់សុខភាពរបស់ស្រ្តីខ្លាំងផងដែរ។ ដើម្បីដោះស្រាយ និងការពារកុំឱ្យចាញ់កូននៅពេលពពោះ វេជ្ជបណ្ឌិតបានណែនាំវិធីសាស្រ្តដូចខាងក្រោមដើម្បីអនុវត្ត។

ជាការពិតណាស់ យោងតាមការណែនាំពី វេជ្ជបណ្ឌិត ឌាន ពិដោរ្តិ៍ ឯកទេសផ្នែករោគស្រ្តីនៅមន្ទីរពេទ្យក្តីសង្ឃឹមនិងស្នាមញញឹមស្រ្តី បានចែករំលែកថា ស្រ្តីដែលគ្មានគម្រោងក្នុងការមានកូន មានន័យថាមានកូនដោយមិនដឹងខ្លួន ភាគច្រើនគឺតែងតែជួបជាមួយបញ្ហាចាញ់កូន នៅពេលមានកូន។ ពីព្រោះស្រ្តីមិនបានត្រៀមលក្ខណៈ សុខភាពមិនសមស្របជាមួយការមានកូន ទើបបណ្តាលចាញ់កូនខ្លាំង។ ដូច្នេះដើម្បីកាត់បន្ថយការចាញ់កូន និងការពារស្រ្តីកុំឱ្យចាញ់់កូននៅពេលមានផ្ទៃពោះ ស្រ្តីគ្រប់រូបគួរអនុវត្តវិធីខាងក្រោម៖

១. ត្រៀមលក្ខណៈក្នុងការយកកូន៖ ចំណុចនេះគឺសំខាន់បំផុតសម្រាប់គូស្វាមីភរិយាថ្មីដែលចង់បានកូន គួរត្រៀមលក្ខណៈទុកជាមុន។ ស្រ្តីត្រូវពិនិត្យសុខភាព តាមដានរាងកាយ ញ៉ាំវីតាមីនជំនួយរាងកាយយ៉ាងហោចណាស់១ខែមុន ដើម្បីឱ្យសុខភាពរឹងមាំ។ កាលណាស្រ្តីមានសុខភាពខាងក្នុងរឹងមាំ នៅពេលមានផ្ទៃពោះគឺមិនមានបញ្ហាចាញ់កូននោះទេ។

២. តាំងចិត្តឱ្យរឹងមាំ៖ ស្រ្តីមានផ្ទៃពោះត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើផ្លូវចិត្ត ត្រូវតាំងចិត្តឱ្យរឹងមាំ កុំចុះចាញ់ ហើយត្រូវលើកទឹកចិត្តខ្លួនឯងជានិច្ចថា ត្រូវធ្វើជាម្តាយគេឱ្យបាន ត្រូវយកឈ្នះកូនឱ្យបាន មិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យកូនដឹកនាំនោះទេ។

៣. ធ្វើការបន្លប់៖ ចំណុចនេះសំខាន់បំផុតសម្រាប់ស្រ្តីដែលកំពុងមានអាការៈចាញ់កូន គឺមិនត្រូវបណ្តោយខ្លួនឱ្យនៅទំនេរ គិតតែគេងនោះទេ។ ទោះខ្លួនឯងគ្មានកម្លាំង យ៉ាងណាក៏ដោយ ត្រូវងើបមកយកឈ្នះ ធ្វើការងារស្រាលៗ ធ្វើនេះធ្វើនោះដើម្បីបន្លប់។ កាលណាអ្នកគិតតែគេង នោះអ្នករឹតតែចាញ់កូនកាន់តែខ្លាំងថែមទៀត។

៤. ញ៉ាំអាហារតិចៗតែច្រើនដង៖ ធម្មតាស្រ្តីដែលមានជួបបញ្ហាចាញ់កូនគឺញ៉ាំអ្វីមិនបានច្រើននោះទេ ប៉ុន្តែទោះជាយ៉ាងណាអ្នកត្រូវព្យាយាមញ៉ាំ ញ៉ាំតិចៗតែព្យាយាមញ៉ាំឱ្យញឹកញាប់ ដូចជាពពួកបន្លែ ផ្លែឈើ ដើម្បីឱ្យរាងកាយខាងក្នុងមានកម្លាំង ងើបមកតតាំង និងយកឈ្នះកូន។

៥. ញ៉ាំកាល់ស្យូម និងគ្លុយកូស៖ វេជ្ជបណ្ឌិត បានណែនាំថាស្រ្តីមានផ្ទៃពោះគ្រប់រូបគឺតែងតែខ្វះនូវសារធាតុកាល់ស្យូម និងគ្លុយកូស ដូច្នេះចាំបាច់ត្រូវញ៉ាំបន្លែតាមរយៈអាហារ និងផ្លែឈើណាដែលសម្បូរជាតិកាល់ស្យូម ឬក៏អាចញ៉ាំជាប្រភេទកាល់ស្យូមដែលអាចរកទិញបាននូវតាមគ្លីនិក និងមន្ទីរពេទ្យផ្សេងៗ។

៦. គេងឱ្យគ្រប់គ្រាន់៖ ពេលថ្ងៃអ្នកអាចព្យាយាមធ្វើការងារស្រាលៗបន្លប់ការចាញ់បាន ប៉ុន្តែពេលយប់ដាច់ខាងគឺត្រូវគេងឱ្យគ្រប់៧ម៉ោង ញ៉ាំទឹកឱ្យគ្រប់ គឺចាប់ពី ២លីត្រកន្លះ ទៅ៣លីត្រ និងញ៉ាំថ្នាំជាតិដែកទៅតាមការណែនាំរបស់គ្រូពេទ្យ។

សរុបមកវិញ ជម្រើសល្អបំផុតសម្រាប់ស្រ្តីដែលចង់បានកូន ទី១គឺត្រូវរៀបចំគម្រោងយកកូន ត្រៀមលក្ខណៈ ត្រៀមសុខភាពឱ្យសមស្រប និងរឹងមាំ។ ទី២ ពេលកំពុងមានផ្ទៃពោះត្រូវអនុវត្តតាមការណែនាំពីវេជ្ជបណ្ឌិតដូចខាងលើកុំខាន៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia