ជឿថាម៉ាក់ៗគ្រប់រូបតែងតែគិតដល់កូន ចង់ឱ្យកូនខ្លួនឯងកើតមកសុខភាពល្អ មានកាយសម្បទារឹងមាំ មិនងាយឈឺ ហើយជាពិសេសទៀតនោះគឺខួរក្បាលឆ្លាតតាំងពីកំណើត។ ទាំងអស់នេះកើតចេញពីការថែទាំរបស់ម្តាយក្នុងអំឡុងពេលពពោះ ដោយរាប់ចាបពីផ្លូវចិត្ត លំហាត់ប្រាណ និងជាពិសេសទៅទៀតនោះគឺរបបអាហារ។
ជាការពិតណាស់ បើតាមការចែករំលែក វេជ្ជបណ្ឌិត អ៊ុត ចាន់ថា ឯកទេសសម្ភព និងរោគស្រ្តីប្រចាំនៅ មន្ទីរព្យាបាលស្រ្តី និងកុមារដំរី Domrey Mother & Child Clinic បានបញ្ជាក់ថា ទាក់ទងជាមួយរបបអាហារគឺស្រ្តីមានផ្ទៃពោះត្រូវបែងចែកឱ្យដាច់រវាងអាហារគួរញ៉ាំជាចាំបាច់ និងអាហារមិនគួរញ៉ាំជាដាច់ខាត។ ជាមួយគ្នានេះផងដែរ អាហារដែលផ្ទុកសារធាតុទាំង៤ខាងក្រោមស្រ្តីមានផ្ទៃពោះចាំបាច់គួរតែញ៉ាំឱ្យបានគ្រប់ ប្រសិនបើចង់ឱ្យកូនសុខភាពល្អ៖
១. អាហារជាតិដែក៖ ដែលមាននៅក្នុងប្រភេទសាច់ដូចជា សាច់គោ សាច់ជ្រូក សាច់ត្រី សណ្តែក...ជាដើម ដែលវាមាននាទីជួយឱ្យការលូតលាស់របស់ទារកក្នុងផ្ទៃបានល្អ ទាំងផ្នែកខួរក្បាលនិងរាងកាយ។ វេជ្ជបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើករណីស្រ្តីជាម្តាយខ្វះជាតិដែកក្នុងអំឡុងពេលពពោះនោះនឹងធ្វើឱ្យកូនងាយប្រឈមនឹងការកើតមុនខែកំណត់។
២. អាហារអូមេហ្គា៣៖ មានក្នុងប្រភេទគ្រឿងសមុទ្រផ្សេងៗ ដែលវាជួយសុខភាពភ្នែករបស់ទារកឱ្យមានសុខភាពល្អតាំងពីកំណើត។
៣. អាហារអាស៊ីតហ្វូលិក៖ សារជាតិអាស៊ីតហ្វូលីកគឺជា ប្រភេទវីតាមីនBមួយប្រភេទដែលជាធម្មតាត្រូវបានគេរកឃើញនៅក្នុងអាហារដូចជា សណ្តែកស្ងួត, ផ្លែក្រូច, ស្រូវសាលី, ស្ពៃខាត់ណា, ផ្កាស្ពៃខៀវ, ស៊ុត និងស្ពៃបៃតង។ មិនតែប៉ុណ្ណោះទេរួមទាំងមានសារធាតុជួយចិញ្ចឹមដែលចាំបាច់មុន និងអំឡុងខែដំបូងពេលមានផ្ទៃពោះ។ វាជួយការពារការខ្វះកាយសម្បទាពីកំណើត ជាពិសេសជំងឺខ្វិន។
៤. អាហារប្រូតេអ៊ីន៖ ដែលមាននៅក្នុងប្រភេទទឹកដោះគោ ឈីស សាច់ត្រី ដែលស្រ្តីមានផ្ទៃពោះចាំបាច់គួរតែញ៉ាំឱ្យបានគ្រប់គ្រាន់ ដើម្បីជួយទៅដល់ការលូតលាស់របស់កូនក្នុងផ្ទៃុ។
បន្ថែមពីលើនេះទៀត ចំពោះក្រុមអាហារគ្រោះថ្នាក់ដែលស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំនោះគឺជាប្រភេទគ្រឿងសមុទ្រដែលមានផ្ទុកសារធាតុបារតខ្ពស់។ ពិតណាស់ស្រ្តីមានផ្ទៃពោះគឺគ្រូបេទ្យណែនាំឱ្យញ៉ាំគ្រឿងសមុទ្រគឺល្អចំពោះសុខភាពកូន ប៉ុន្តែការញ៉ាំនោះត្រូវចេះជ្រើសរើសប្រភេទគ្រឿងសមុទ្រណាដែលល្អដែរ។ ក្រៅពៅនោះទៀតមានដូចជា អាហារផ្អាប់ អាហារឆៅ ស៊ុតឆៅ ភេសជ្ជៈប៉ូវកម្លាំង...ជាដើម គឺស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំនោះទេ៕
អត្ថបទដោយ៖ គន្ធា