ទឹកភ្លោះ គឺជាសារធាតុរាវ amniotic ដែលនៅក្នុងស្បូនជុំវិញទារក។ ទារកលូតលាស់នៅក្នុងថង់ទឹកភ្លោះ។ ទារកមិនអាចរស់បានដោយគ្មានទឹកភ្លោះនោះទេ ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលមានផ្ទៃពោះប្រសិនបើម៉ាក់ៗខ្វះទឹកភ្លោះ គឺប៉ះពាល់ខ្លាំងការលូតលាស់គភ៌ កូនអាចខូចតម្រងនោម កើតមកមិនគ្រប់លក្ខណៈ។
ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ clevelandclinic បានបញ្ជាក់ថា ស្បូនរបស់អ្នកចាប់ផ្តើមបង្កើតទឹកភ្លោះដើម្បីទ្រទ្រង់គភ៌ចាប់តាំងពីស្រ្តីមានផ្ទៃពោះរយៈពេល១២ថ្ងៃដំបូង។ ក្នុងអំឡុងពេល១សប្តាហ៍២សប្តាហ៍ដំបូងម៉ាក់ៗមិនអាចសម្គាល់ដឹងទេថា ទឹកភ្លោះលើសឬក៏ខ្វះ។ លុះត្រាតែគភ៌ក្នុងផ្ទៃអាយុបានចាប់ពី១២សប្តាហ៍ឡើងទៅទើបអាចសម្គាល់បាន។
ម៉ាក់ៗត្រូវតាមដាននិងសម្គាល់អាការខ្លួនឯង នៅពេលដែលមានផ្ទៃពោះរយៈពេល១២សប្តាហ៍ឡើងទៅ ប្រសិនបើម៉ាក់មានអាការដូចខាងក្រោមគឺជាសញ្ញាបញ្ជាក់ថាអ្នកកំពុងខ្វះទឹកភ្លោះ ឆាប់ទៅពិនិត្យនៅមន្ទីរពេទ្យ៖
· ម៉ាក់ៗមានលេចធ្លាយសារធាតុរាវរអិលៗចេញតាមទ្វារមាសញឹកញាប់
· ស្បូនរបស់អ្នកមានទំហំតូចជាងមុន
· អ្នកមានអារម្មណ៍ថាកូនរបស់អ្នកមិនសូវធ្វើចលនា
· ទម្ងន់របស់ម៉ាក់ៗឡើងមិនគ្រប់ ជាទូទៅម៉ាក់ម៉ាក់ដែលមានផ្ទៃពោះគឺត្រូវឡើងគីឡូខ្ពស់បំផុតត្រឹម១៥គីឡូពីគីឡូដើម ហើយទាបត្រូវឡើង១០ទៅ១២គីឡូពីគីឡូដើម។
ករណីម៉ាក់ៗមិនដឹងថាខ្លួនឯងខ្វះទឹកភ្លោះ មានអាការដូចខាងលើហើយមិនឆាប់ពិនិត្យគឺជះឥទ្ធិពលអាក្រក់ទៅដល់កូនដូចជា៖ កូនងាយនឹងខូចតម្រងនោមតាំងពីកំណើត កូនលើសខែមិនងាយឈឺពោះមិនងាយកើត ម៉ាក់ៗប្រឈមមុខជាមួយជំងឺទឹកនោមផ្អែម ទារកលូតលាស់យឺតខុសប្រក្រតី ឆ្អឹងខ្សោយ សុកទារកមានបញ្ហា...។
ប្រសិនជាម៉ាក់ៗមានអាការដូចដែលបានរៀបរាប់ខាងលើក្នុងអំឡុងពេលកំពុងពពោះចាប់ពី១២សប្តាហ៍ឡើងទៅត្រូវប្រញាប់ជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តី។ មួយវិញទៀត ប្រសិនជាអ្នកមានអាការដូចដែលបានរៀបរាប់ខាងលើ ត្រូវបង្កើនការផឹកទឹកឱ្យបាន៣ទៅ៤លីត្រក្នុងមួយថ្ងៃ ញ៉ាំបន្លែផ្លែឈើដែលសម្បូរជាតិទឹកដូចជា ឪឡឹក ទឹកដូងខ្ចី ផ្លែប៉ោម...ជាដើម ដើម្បីបំពេញចំនួនឡើងវិញ៕
អត្ថបទដោយ៖ មឿន គន្ធា