ក្មេងធាត់ជ្រុលមិនមែនជាការល្អទេ ឪពុកម្តាយគួរតែមើលពីរបបអាហារ។ ពេលក្មេងទទួលទានចំណីអាហារ ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវហើយចេះតែបណ្ដោយតាមការស្រេកឃ្លានរបស់ក្មេងនោះ វាធ្វើឱ្យក្មេងៗ ងាយប្រឈមនឹងជំងឺមួយចំនួនដូចជា បញ្ហារាងកាយ បញ្ហាផ្លូវចិត្ត បញ្ហាលើសជាតិខ្លាញ់ បញ្ហាផ្លូវដង្ហើម និងបញ្ហាបេះដូងផងដែរ។ តាមការសិក្សារបស់ស៊ុយអែតបានរកឃើញថា ក្មេងប្រុសៗ ដែលលើសគីឡូតាំងពីតូច អាចប្រឈមនឹងការខូចសាច់ដុំបេះដូង វាបណ្ដាលមកពីកើតជំងឺខ្សោយបេះដូងជាតួនាទីសំខាន់ក្នុងដំណើររាងកាយទាំងមូល”។
មានឪពុកម្តាយមួយចំនួនតូចបែបជាបណ្តោយឱ្យកូនឃ្លានអ្វីក៏ទិញឱ្យហូបដែរ។ ពេលកូនមានទម្លាប់ញ៉ាំដូចជាភេសជ្ជៈ ទឹកដោះគោរសម្បូរជាតិស្ករ អាហារមានជាតិខ្លាញ់ឬរសជាតិផ្អែមៗ លើសកម្រិតពេក នាំឱ្យកូនក្មេងនោះជាចេះតែឡើងគីឡូ។ មានលោកវេជ្ជបណ្ឌិតមួយចំនួនបានប្រាប់ថា ក្មេងដែលលើសគីឡូ នៅពេលធំពេញវ័យ ឬពេលចាស់ទៅ ពួកគេងាយនឹងមានជំងឺលើសជាតិខ្លាញ់ ទឹកនោមផ្អែម មានបញ្ហាតម្រងនោម ជាពិសេសបញ្ហាបេះដូង។
តាមវេជ្ជបណ្ឌិត Annika Rosengren ជាអ្នកដឹកនាំការសិក្សានៃសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យ Gothenburg ក្នុងប្រទេសស៊ុយអែត លោកបានបញ្ជាក់បន្ថែមថា “ការកើនឡើងអត្រាជំងឺខ្សោយបេះដូង ក្នុងចំណោមក្មេងៗ ដោយសារអត្រាកើនឡើងនៃការលើសទម្ងន់ និងជំងឺធាត់ជាដើម។ “យើងអាចកំណត់ថា ជំងឺទាំងពីរនេះមានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំងរវាងជំងឺធាត់ពេលនៅក្មេង និងជំងឺខ្សោយបេះដូង”។
បើអ្នកបញ្ចុះគីឡូកូនរបស់អ្នកនោះ ចូរនាំកូនដើរហាត់ប្រាណ និងតមចំណីអាហារ។ ចំណែកអាហារអាចញ៉ាំចម្រុះមុខមានម្ហូបសម្រាប់កូន១ពេលៗ មានដូចជា ត្រី/សាច់ ស៊ុត ផ្លែឈើដូចជាផ្លែប័រ ផ្លែប៉ោម និងហូបបន្លែលាយគ្នាគឺមានបន្លែបៃតង មានទាំងបន្លែពណ៌លឿង ចៀសវាងឲ្យកូនញ៉ាំតែសាច់សុទ្ធ ឬបន្លែសុទ្ធវាមិនសូវជាល្អដល់សុខភាពកូនប៉ុន្មានទេ។ ពេលឪពុកម្តាយកំណត់ផែនការឱ្យកូនញ៉ាំអាហារបែបសុខភាព កូនអ្នកនឹងមានសុខភាពល្អហើយស្រកគីឡូបានលឿន។ មួយទៀតកូនរបស់លោកអ្នកអាចញ៉ាំអាហារចម្រុះមុខដើម្បីមានជីវជាតិគ្រប់គ្រាន់ចិញ្ចឹមរាងកាយ ហើយទៅជួយសម្រួលដល់ពោះវៀនឱ្យដំណើរបានល្អ មិនទល់លាមកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព