ការរស់នៅមិនអាចខ្វះសុខភាពមាំបានទេ។ បើអ្នកឈឺខ្វះព្រឹកល្ងាច តើអ្នកមានអារម្មណ៍បែបណា? តើអ្នកអាចរស់នៅមានអាយុវែងដែរទេ? អ្នកគួររៀនពីលោកតា Garcia ដែលមានអាយុវែង ១២០ ឆ្នាំ គាត់មានក្បួនពិសេសឱ្យអ្នករស់នៅរីករាយ សុខភាពមាំទាំ។
លោក Manuel Garcia Hernandez កើតនៅឆ្នាំ ១៨៩៦ ជាការបញ្ជាក់សំបុត្រកំណើតពីរដ្ឋ Veracruz ពីប្រទេស MeXiCo ។ លោកតា Garcia បាននិយាយពាក្យមួយឃ្លាថា “ ទោះបីគាត់មានអាយុ ១២០ ឆ្នាំ តែគាត់មានអារម្មណ៍ថា គាត់មានអាយុ ៨០ឆ្នាំតែប៉ុណ្ណោះ”។ គំនិតពិសេសមួយឱ្យអ្នករស់នៅបានយូរពេលអ្នកមានអារម្មណ៍បែបនេះ។
ចំណុចទីមួយរបស់លោកតា រស់នៅអាយុវែងនោះ គឺរស់តាមបែបជាមនុស្សសកម្ម។ តាមការស្រាវជ្រាវជាច្រើនពីមនុស្សដែលមានអាយុវែងជុំវិញពិភពលោក ដែលមានចំណុចដូចគ្នា គឺមិនមែនជាបុគ្គលហាត់ប្រាណលើកទម្ងន់ធ្ងន់ៗ ទេ តែមនុស្សសកម្ម(ជាមនុស្សរវល់)។ នេះជាផ្នែកមួយនៃពង្រឹងសុខរាងកាយឱ្យមាំ។
លោកតា Garcia មានអារម្មណ៍រីករាយ មកពីគាត់ស្រឡាញ់ការថែទាំមាន់របស់គាត់ លោកតាបាននិយាយថា “ការចិញ្ចឹមមាន់នេះ និងការងារផ្សេងៗ ធ្វើឱ្យខ្ញុំក្លាយជាមនុស្សរវល់ ឬមានភាពសកម្មច្រើននឹងការងារខ្លាំងណាស់”។ គាត់បានបន្តថា “ទោះបីខ្ញុំរវល់ការងារ ខ្ញុំក៏ចេះអស់កម្លាំងដែរ តែខ្ញុំមានអារម្មណ៍សប្បាយក្នុងចិត្ត។ ពេលខ្ញុំដេកលើគ្រែ និងអង្គុយមិនធ្វើអ្វីទេ ខ្ញុំនឹងឈឺ។” នេះបញ្ជាក់ថា មនុស្សដែលធ្វើការងារច្រើន មានសុខភាពល្អជាងអ្នកមិនបានធ្វើការងារអ្វីសោះ។ លោកតានិយាយថា “ទោះបីខ្ញុំចាស់ក៏ដោយ ខ្ញុំពិតជាខិតខំធ្វើការដូចជាយុវជនចឹង។”
ចំណុចទីពីរឱ្យលោកតា មានអាយុវែងគឺរស់នៅបែបចិត្តសាស្រ្ត។ នៅសកលវិទ្យាល័យសហរដ្ឋអាមេរិកជាច្រើនកន្លែងបានធ្វើការស្រាវជ្រាវបែបចិត្តសាស្រ្តថា “ មនុស្សដែលគ្មានអារម្មណ៍រីករាយក្នុងការរស់នៅទេ ធ្វើឱ្យមានផលប៉ះពាល់សុខភាពខ្លាំងណាស់។ ពីព្រោះថា បញ្ហាផ្លូវចិត្តនេះមានការភ្ជាប់ជាមួយរាងកាយគ្នាទៅវិញទៅមក។” តាមលោក Dale Carnegie ជាអ្នកនិពន្ធចិត្តសាស្រ្តបានលើកឡើងថា“ អ្នកជំនួញដែលគ្មានភាពរីករាយក្នុងការរស់នៅទេ ពួកឆាប់ស្លាប់”។
សូម្បីលោកតា Garcia ក៏មានចិត្តសាស្រ្តរស់នៅបែបនេះដែរ។ លោកបាននិយាយថា ““ ទោះបីគាត់មានអាយុ ១២០ ឆ្នាំ តែខ្ញុំមានអារម្មណ៍ថា គាត់មានអាយុ ៨០ ឆ្នាំប៉ុណ្ណោះ។” គាត់មិនដែលគិតថា ខ្លួនជាមនុស្សមានអាយុ ១២០ ឆ្នាំទេ ភាពវិជ្ជមានរបស់លោកតាបែបនេះ បានបង្រៀនយើងថា សុខភាពមនុស្សល្អ ឬអាក្រក់ មានការទាក់ទងជាមួយផ្លូវអារម្មណ៍។ បើអារម្មណ៍អ្នកមិនល្អដូចជា ការខឹង ការស្អប់ និងភ័យក្នុងរឿងអ្វីមួយ តើរាងកាយអ្នកមានលក្ខណៈបែបណា? អ្នកសង្កេតដោយខ្លួនឯងលមមើល អ្នកនឹងឃើញលទ្ធផលដោយខ្លួនឯង។
អ្នកត្រូវចំណាយពេលមួយផ្នែក ដើម្បីថែទាំសុខភាពរបស់អ្នកដូចហាត់ប្រាណ ពិនិត្យសុខភាពមួយឆ្នាំពីរម្តង និងលើរបបអាហារដែលមានជាតិប្រូតេអ៊ីន មានដូចជាបន្លែ ផ្លែឈើ និងត្រី...។ ហើយអ្នកត្រូវមានចិត្តសាស្រ្ត ដើម្បីសម្រួលអារម្មណ៍ឱ្យល្អ ជាពិសេសអ្នកអាចចំណាយពេលចំនួន ១០ នាទីធ្វើសមាធិលើផ្លូវដង្ហើម ដើម្បីបង្កើតការគុណពីតម្លៃជីវិតរបស់អ្នកឱ្យអារម្មណ៍មានថាមពល៕ អត្ថបទដោយ៖ ទ្រ សុភាព