បច្ចុប្បន្ននេះ ក្មេងភាគច្រើនញុំាអាហារសម្បូរជាតិកាឡូរីច្រើន អាហារដែលសម្បូរជាតិខ្លាញ់ឆ្អែតច្រើន និងផឹកភេសជ្ជៈមានជាតិស្ករច្រើន ជាហេតុធ្វើឱ្យពួកគេប្រឈមមុខធាត់លើសទម្ងន់។ បញ្ហាធាត់នេះជាប្រធានបទមួយក្ដៅ ដែលឪពុកម្ដាយត្រូវយល់ដឹងឱ្យបានច្បាស់អំពីផលប៉ះពាល់នៃបញ្ហាធាត់នេះ។ ប្រសិនបើក្មេងធាត់ពេក តើពួកគេនឹងជួបបញ្ហាអ្វីខ្លះ?
ជាការពិតណាស់ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានមានប្រសាសន៍ថា កុមារធាត់លើសទម្ងន់បានន័យថា(BMIលើសពី 95percentile)។ ដូច្នេះការលើសទម្ងន់នេះមានផលប៉ះពាល់ជាច្រើនដូចជា ជំងឺទឹកនោមផ្អែម លើសឈាម លើសជាតិខ្លាញ់ ពេញវ័យមុនអាយុ និងបញ្ហាអត់ដកដង្ហើមពេលគេង។
ជាក់ស្ដែង បើយោងតាម Mayoclinic បានប្រាប់ឱ្យដឹងផងដែរថា ក្មេងៗជាច្រើនទម្លាប់ញុំាខុស ក្មេងខ្លះទម្លាប់ញុំាអាហារសម្បូរកាឡូរីខ្ពស់ ក្មេងខ្លះទម្លាប់ផឹកភេសជ្ជៈផ្អែមច្រើន ដែលជាហេតុធ្វើឱ្យពួកគេប្រឈមមុខនឹងបញ្ហាធាត់។ ជាមួយគ្នានេះដែរ ក្មេងដែលជួបបញ្ហាធាត់អាចបណ្ដាលមកពីកត្តា ៦យ៉ាងនេះរួមមាន កត្តារបបអាហារ កង្វះលំហាត់ប្រាណ កត្តាគ្រួសារ កត្តាប្រើប្រាស់ថ្នាំ កត្តាសង្គម និងកត្តាចិត្តសាស្ដ្រ។
លើកពីនេះទៅទៀត នៅពេលដែលក្មេងធាត់លើសទម្ងន់ ពួកគេនឹងជួបផលវិបាករួមមាន កើតជំងឺទឹកនោមផ្អែមប្រភេទទី២ សម្ពាធឈាមខ្ពស់ ឈឺសន្លាក់ និងបញ្ហាផ្លូវដង្ហើម នេះបើយោងតាមប្រភព Mayoclinic។
មិនតែប៉ុណ្ណោះទេ បើយោងតាមប្រភពដដែលបានក្រើនរំលឹកដល់ឪពុកម្ដាយថា អ្នកជាឪពុកម្ដាយត្រូវតាមដានទម្ងន់កូនជាប្រចាំ ប្រសិនបើកូនរបស់អ្នកធាត់ខុសធម្មតា ចូលអ្នកនាំពួកគេទៅជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសកុមារ ដើម្បីតាមដានសុខភាពរបស់កូនអ្នក។
មិនខុសគ្នាទេ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានមានប្រសាសន៍ផងដែរថា ឪពុកម្ដាយដែលមានកូនធាត់គួរតែនាំកូនមកពិនិត្យសុខភាព ដើម្បីធ្វើការតាមដានជាប្រចាំ។
អត្ថបទដោយ៖ Daddy_Rath