ពេលព្រឹកព្រលឹម គឺជាពេលវេលាល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា ពេលព្រឹកគឺជាពេលសិរីសួស្ដី អាហារសម្រាប់ញុំាពេលព្រឹក គឺជាអាហារដែលសំខាន់ជាងគេដូចគ្នា។ តើមានដឹងទេ ប្រសិនណាក្នុងខ្លួនអ្នកសម្បូរដោយជាតិពុល ជាតិគីមីជាច្រើន អ្នកកុំប្រាថ្នាចង់បានស្បែកភ្លឺថ្លា រលោងស្អាតអី ព្រោះក្នុងខ្លួនមានជាតិពុលច្រើនបានបង្កជាផលប៉ះពាល់ដល់សុខភាពច្រើនណាស់។
ជាការពិតណាស់យោងតាមរយៈគេហទំព័រ skinkraft បានណែនាំភេសជ្ជៈធម្មជាតិ៣មុខ ផឹកពេលព្រឹក ជួយលាងជាតិពុលខ្ទេចចេញពីក្នុងខ្លួន រួមទាំងជួយឱ្យស្បែកភ្លឺថ្លាស្អាត ទោះលាបឡេសក៏មិនដូរជាមួយស្បែកស្អាត ដោយសារការផឹកភេសជ្ជៈធម្មជាតិនេះឡើយ។
ខាងក្រោមនេះគឺជាប្រភេទភេសជ្ជៈ៣មុខលាងជាតិពុលចេញពីខ្លួនជួយស្បែកស្អាត ផឹកឆាប់បានផលគួរផឹកពេលព្រឹក
១.តែក្រូចឆ្មារ+ទឹកឃ្មុំ៖ ភេសជ្ជៈលាយគ្នា១មុខនេះ មានប្រយោជន៍មហាសាលជួយដល់ស្បែកលោកអ្នកកំពុងមានបញ្ហា។ តាមការវិភាគឱសថស្ថានធម្មជាតិ ភេសជ្ជៈតែក្រូចឆ្មារ+ទឹកឃ្មុំអាចជួយព្យាបាលទប់ស្កាត់ ការកើតរោគផ្សិត ប្រឆាំងការកើតជំងឺស្បែក។ មួយវិញទៀត វីតាមីនស៊ី ក្នុងផ្លែក្រូចអាចជួយឱ្យស្បែកក្មេងជាងវ័យ ចំណែកទឹកឃ្មុំវិញជួយកម្ចាត់បាក់តេរី ការរលាកផ្សេងៗលើស្បែក កាត់ជាតិប្រេងលើសលើស្បែកបាន ។
របៀបធ្វើ៖ ច្របាច់ក្រូចឆ្មារ១ចំណិតដាក់ចូលទឹកក្ដៅឧណ្ហៗ បន្ថែមជាមួយទឹកឃ្មុំ២ស្លាបព្រា កូរឱ្យសព្វ ហើយផឹកនៅពោះទទេមិនទាន់ញុំាអី។
២.ទឹកតាសក់+ទឹកស្ពៃ ៖ ភេសជ្ជៈលាយគ្នា១មុខនេះវិញ គឺសម្បូរដោយវីតាមីនអេ ដែលល្អសម្រាប់កម្ចាត់ជាតិពុលចេញពីខាងក្នុងខ្លួន កាត់បន្ថយអុចខ្មៅលើស្បែក ជួយឱ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង និងនាំឱ្យស្បែកមានសំណើម។
របៀបធ្វើ៖ ចិតតាសក់ចំនួនសមល្មម ស្លឹកស្ពៃ១០ទៅ១២សន្លឹក បន្ថែមទឹកឃ្មុំ១ស្លាបព្រា ក្រឡុកចូលគ្នាឱ្យម៉ដ្ឋល្អ រួចជាការស្រេច។
៣.ទឹកការ៉ុត+ទឹកមើមយ៉េន៖ ភេសជ្ជៈ១នេះគឺមានប្រយោជន៍ច្រើនណាស់ ប្រសិនណាអ្នកផឹករាល់ថ្ងៃ គឺជួយបន្សាបជាតិពុលក្នុងខ្លួន ជួយសម្រួលចលនាក្រពះពោះវៀន និងល្អសម្រាប់មុខងារថ្លើមផងដែរ។ មួយវិញទៀត អាចជួយឱ្យស្បែកស្អាតភ្លឺថ្លាមានសំណើមចេញពីខាងក្នុង។
របៀបធ្វើ៖ យកការ៉ុតច្រើនជាង មើមយ៉េន លាងឱ្យស្អាត បន្ថែមខ្ញី១ចំណិត ដុំទឹកកក២ទៅ៣ដុំ ក្រឡុកឱ្យសព្វរួចជាការស្រេច។
គូសបញ្ជាក់ឱ្យដឹងថាភេសជ្ជៈធម្មជាតិ៣ប្រភេទនេះ មានអត្ថប្រយោជន៍ជួយស្បែកខ្លាំងណាស់ ជាពិសេសអាចកម្ចាត់ជាតិពុល ចេញពីខាងក្នុងខ្លួន សម្រួលមុខងារថ្លើម ដូច្នេះអាចសាកល្បងធ្វើញុំាដោយខ្លួនឯងបាន នៅប្រភេទភេសជ្ជៈមួយណាដែលអ្នកចូលចិត្ត៕
អត្ថបទដោយ៖ ប៉ែត ធីតា