ថ្លើមគឺជាសរីរៈ ធំលំដាប់ទីពីរនៃរាងកាយមនុស្សយើង ដែលមានមុខងារសំខាន់ៗដូចជា បញ្ចេញជាតិពុលពីរាងកាយ ជួយរំលាយអាហារ លៃតម្រូវកម្រិតជាតិខ្លាញ់ ផ្ទុកជាតិស្ករ និងសម្របសម្រួលដំណើរការអរម៉ូនផងដែរ ។ ដើម្បីទទួលបានសុខភាពល្អ ការថែរក្សាសុខភាពថ្លើម គឺជារឿងដ៏សំខាន់ និងចាំបាច់ ។ ខាងក្រោមនេះ ជាចំណុចទាំង៥ ដែលលោកអ្នកគួរយកចិត្តទុកដាក់ ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ មិនងាយកើតជំងឺងាយៗ ។
១. ប្រុងប្រយ័ត្នក្នុងការផឹកស្រា៖ ការផឹកស្រាច្រើន និងញឹកញាប់ ជាមូលហេតុដ៏ចម្បង ដែលបណ្ដាលឲ្យកើតជំងឺក្រិនថ្លើម រលាកថ្លើម និងជំងឺមហារីកថ្លើម ។ លោកអ្នកគួរ កាត់បន្ថយការញ៉ាំស្រាឲ្យបានច្រើនបំផុត ។
២. រក្សាអនាម័យ៖ លោកអ្នកចាំបាច់ត្រូវលាងសម្អាតចំណីអាហារឲ្យបានស្អាតល្អ ជាពិសេសបន្លែ និងផ្លែឈើ ត្រី សាច់ ដែលបានទិញមកពីផ្សារ ព្រោះវាអាចមានផ្ទុកសារធាតុ ដែលបង្កគ្រោះថា្នក់ដល់សុខភាព ជាពិសេសសរីរៈថ្លើមនេះតែម្តង ។
៣. ការពារពីជំងឺរលាកថ្លើម៖ ជំងឺរលាកថ្លើមប្រភេទ B និងប្រភេទ C អាចជាមូលហេតុដ៏ចម្បងដែលបណ្ដាលឲ្យកើតជំងឺថ្លើមធ្ងន់ធ្ងរ ដូចជាជំងឺមហារីកថ្លើមជាដើម ។ លោកអ្នកអាចបង្ការជំងឺរលាកថ្លើមប្រភេទB បានតាមរយ
ៈការចាក់វ៉ាក់ស៊ាំងបង្ការ ។ ការរស់នៅប្រកបដោយអនាម័យ និងឲ្យតម្លៃដល់សុវត្ថិភាពនៃការរួមភេទជាដើម ។
៤. ប្រុងប្រយ័ត្នជាមួយការប្រើប្រាស់ថ្នាំ៖ ការប្រើប្រាស់ថ្នាំពេទ្យដោយគ្មាន វេជ្ជបញ្ជាគឺជាមូលហេតុដ៏សំខាន់ ដែលបណ្ដាលឲ្យមានជំងឺថ្លើមធ្ងន់ធ្ងរ ។ ក្រៅពីនេះ ការប្រើប្រាស់ថ្នាំខ្មែរ ក៏ជាបញ្ហាខ្លះផងដែរ ។ កន្លងមក មានប្រជាជនខ្មែរមិនតិចទេ ដែលមានបញ្ហាសុខភាព ក្រោយបានប្រើប្រាស់ថ្នាំខ្មែរ ដែលគ្មានប្រភពច្បាស់លាស់ ។
៥. ហាត់ប្រាណ និងញ៉ាំឲ្យបានត្រឹមត្រូវ៖ ការហាត់ប្រាណទៀងទាត់ជួយលោកអ្នកមានសុខភាពល្អ ។ ក្រៅពីនេះ ការមានរបបចំណីអាហារត្រឹមត្រូវ គឺជារឿងដ៏សំខាន់ ។ ការញ៉ាំបន្លែ ផ្លែឈើ អាហារសរសៃ អាហារមានខ្លាញ់តិច និងអាហារមានជាតិស្ករទាបជាដើម ៕
អត្ថបទដោយ៖ហួ ភារ៉ា
ប្រភព៖ www.hopkinsmedicine.org