ជំងឺ
ជុំៗផឹកកាត់ស្ត្រេសតែញឹក ប្រយ័ត្នស្ងាត់ៗកើតមហារីក ស្លា.ប់បាត់ទាំងវ័យក្មេង
Senghong Kong
February 10 2023
336 views

មានបងប្អូនជាច្រើន និយាយថា​ផឹកស្រាតិចតួចទៅមិនអីទេ មានខ្លះទៀតថែមទាំងយល់ថាផឹកស្រាតិចតួចរាល់ថ្ងៃជំនួយសុខភាពទៀត។ នៅពេលដែលមានការនិយាយលើកឡើងពីផលវិបាកនៃការទទួលទានគ្រឿងស្រវឹង មនុស្សជាច្រើនជានិយាយឡើងថា ផឹកខ្លះទៅវាមិនអីទេ ផឹកខ្លះទៅវាមិនស្លាប់ទេ ទៅវិញ។ តាមការសិក្សានៅក្នុងឆ្នាំ២០១៥ដល់២០១៩ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណបានបណ្តាលឱ្យមានអ្នកស្លាប់ប្រហែល ១៤០,០០០នាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក។ ក្នុងនោះ ៤០ភាគរយ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការពុល និងឃាតកម្ម ក្រៅពីនោះ​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ​ បង្កឡើងដោយគ្រឿង​ស្រវឹង ដូចជា​ជំងឺ​ថ្លើម មហារីក និង​ជំងឺ​បេះដូង​ជាដើម ផ្អែកតាមការឱ្យដឹងពីCNA

មិនតែប៉ុណ្ណោះទេ យោងតាមការស្រាវជ្រាវរបស់សមាគមមហារីកអាមេរិក គ្រឿងស្រវឹងរួមចំណែកដល់ការកើតមហារីកច្រើនជាង ៧៥,០០០ករណីក្នុង១ឆ្នាំ និងការស្លាប់ដោយសារជំងឺមហារីកជិត ១៩,០០០ករណី។ ជាមួយគ្នានោះទៀត ការស្លាប់ដោយសារជំងឺថ្លើមដែលបង្កពីគ្រឿងស្រវឹង បានសម្លាប់មនុស្ស២២,០០០នាក់ក្នុង១ឆ្នាំ ក្នុងសហរដ្ឋអាមេរិក។ កាន់តែគួរឱ្យបារម្ភជាងនោះទៅទៀត ហានិភ័យបានកើនឡើងសម្រាប់មនុស្សវ័យក្មេង ដែលមានជនជាតិអាមេរិក៥,០០០ពាន់ បានស្លាប់ដោយសារជំងឺថ្លើម នៅវ័យ ពី២០ ៣០ ទៅ៤០ឆ្នាំផងដែរ ទាំងអស់នេះសុទ្ធតែបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង។

បន្ថែមពីនោះទៅទៀត គ្រឿងស្រវឹងត្រូវបានគេស្គាល់ថាជាមូលហេតុផ្ទាល់នៃជំងឺមហារីកជាច្រើនផ្សេងទៀត ដូចជាមហារីកខួរក្បាល បំពង់ក មហារីកបំពង់អាហារ មហារីកក្រពេញប្រូស្តាត មហារីកសុដន់ និងមហារីកពោះវៀនធំផងដែរ។ បកមកនិយាយពីបរិមាណ គ្រឿងស្រវឹងដែលត្រូវទទួលទានវិញ តើបរិមាណប៉ុន្មានដែលរាប់ថាច្រើន? អ្នកជំនាញបាននិយាយថា ការទទួលទានគ្រឿងស្រវឹងច្រើនជាង២កែវក្នុង១ថ្ងៃ សម្រាប់ទាំងបុរសស្ត្រី ចាត់ទុកថាច្រើនហើយ។ ជាមួយគ្នានេះដែរ អ្នកខ្លះលើកឡើងថា "មិនផឹករាល់ថ្ងៃផង ត្រឹម១សប្ដាហ៍១ដង ១ខែម្ដងតើ គ្មានផលប៉ះពាល់អីទេអ៊ីចឹង។" ត្រង់ចំណុចនេះ ក៏មានការលើកឡើងដែរថា ទោះបីជាអ្នកមិនបានផឹករាល់ថ្ងៃ ប៉ុន្តែផឹកច្រើននៅថ្ងៃចុងសប្ដាហ៍ ឬយូរៗម្ដងក្នុងចំនួនដែលច្រើន ក៏សុទ្ធតែស្ថិតក្រុមហានិភ័យផងដែរ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Tim Naimi នាយកវិទ្យាស្ថានស្រាវជ្រាវការប្រើប្រាស់សារធាតុរបស់សាកលវិទ្យាល័យVictoria របស់កាណាដាបាននិយាយថា "ហានិភ័យចាប់ផ្តើមកើនធ្លាក់ចុះ បន្ទាប់ពីមនុស្សចាប់ផ្ដើមគិតថា គ្រឿងស្រវឹងនៅក្នុងកម្រិតទាបក៏អាចប៉ះពាល់សុខភាពដែរ។”

ជាថ្មីម្ដងទៀត ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាជាច្រើនកំពុងតែប្រលូកខ្លួន ជាមួយគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ សូម្បីតែក្មេងៗវិទ្យាល័យក៏ដោយ។ សូមគិតដល់សុខភាពអ្នកផង តិចក៏ដោយ ច្រើនក៏ដោយ សុទ្ធតែអាចប៉ះពាល់សុខភាពអ្នក ទោះថ្ងៃនេះមិនទាន់អី តែវានឹងនាំហានិភ័យនៅថ្ងៃមុខ។ គួរតែព្យាយាមកាត់បន្ថយឱ្យបានច្រើនបំផុត នឹងផឹកតែក្នុងករណីចាំបាច់បានហើយ៕ 

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia