ដាំណាំក្បែរ ដុះពេញទីវាល សុទ្ធសឹងតែជាបន្ថែធម្មជាតិ ដែលល្អសម្រាប់សុខភាព ហើយមានរសជាតិឆ្ងាញ់ពិសារទៀតផង។ ថ្ងៃនេះចាបបៃតងមកណែនាំឱ្យអ្នកដឹងពីគុណប្រយោជន៍នៃបន្ថែក្បែរផ្ទះមួយប្រភេទ ហើយបន្ថែក្បែរផ្ទះមួយនេះមានឈ្មោះថា ពោតបារាំង (Bhindi or Lady Finger)។ ផ្លែពោតបារាំងថ្វីត្បិតតែមានរាងតូច និងមានក្លិនមិនក្រអូបក៏ពិតមែន ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពរបស់អ្នកគ្រប់គ្នា។
បើយោងតាមប្រភព Health Shots បានបញ្ជាក់យ៉ាងដូច្នេះថា ផ្លែពោតបារាំងមានមុខងារក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារសុខភាពបេះដូង និងជួយសម្រួលដល់ការរំលាយអាហារ។ អ៊ីចឹងយើងមកដឹងពីគុណប្រយោជន៍ និងរបៀបញុំារបស់ពោតបារាំងរួមមាន៖
១.គ្រប់គ្រងជាតិស្ករក្នុងឈាម
ពោតបារាំង គឺជាបន្លែដ៏អាស្ចារ្យមួយប្រភេទក្នុងការការពារការកើតជំងឺទឹកផ្អែម។ លោក Kaul បានមានប្រសាសន៍ថា ជាតិសរសៃរដ៏ខ្ពស់ដែលមាននៅក្នុងពោតបារាំងជួយដល់ការរំលាយអាហារ និងស្រូបយកកាបូអ៊ីដ្រាត ដែលជួយដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ តាមរយៈការបន្ថែមផ្លែពោតបារាំងនៅក្នុងមុខម្ហូបអាហាររបស់អ្នក អ្នកអាចគ្រប់គ្រងស្ថានភាពនៃជាតិស្ករក្នុងឈាមរបស់អ្នក ហើយការពារអ្នកពីហានិភ័យកើតជំងឺទឹកនោមផ្អែមទៀតផង។
២.ការគ្រប់គ្រងទម្ងន់
អ្នកជំនាញណែនាំថា ប្រសិនបើអ្នកមានគោលដៅចង់រក្សាទម្ងន់ ឬសម្រកទម្ងន់អ្នកអាចរាប់បញ្ចូលផ្លែពោងបារាំងជាអាហារសម្រករបស់អ្នកផងដែរ។ ជាការពិតណាស់ ផ្លែពោតបារាំងមានកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ ដែលអ្នកធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតលឿន និងកាត់បន្ថយការឃ្លានដែលមិនចាំបាច់។
៣.ធ្វើឱ្យសុខភាពពោះវៀនមានភាពប្រសើរ
ផ្លែពោតបារាំង គឺជាអាហារថាមពលដែលសម្បូរទៅដោយជាតិសរសៃ ដែលធ្វើឱ្យវាក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សុខភាពរំលាយអាហារ។ លោក Kaul បានពន្យល់បន្ថែមថា ផ្លែពោតបារាំងមានជាតិសរសៃខ្ពស់ដែលជំរុញដល់ចលនាពោះវៀនទៀងទាត់ ការពារការទល់លាមក និងរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យដំណើរការបានរលូន។ ជាការពិតណាស់ ផ្លែពោតបារាំងមានតួនាទីធ្វើឱ្យអ្នកប្រសើរឡើងនូងការរំលាយអាហារ និងរក្សាពោះវៀនឱ្យមានសុខភាពល្អ។
៤.សុខភាពបេះដូង
តាមរយៈការញុំាផ្លែពោតបារាំងក៏បានជួយថែរក្សាសុខភាពបេះដូងរបស់អ្នកផងដែរ ជាតិសរសៃរលាយដែលហៅថា pectin មាននៅក្នុងផ្លែពោតបារាំងមានតួនាទីក្នុងការរក្សាកម្រិតកូឡេស្ដេរ៉ុល ដែលធ្វើឱ្យសុខភាពល្អ។ ដោយកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុលចូលក្នុងពោះវៀន ផ្លែពោងបារាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងការបារសរសៃឈាមបេះដូងបានយ់ាងល្អ។
៥.សុខភាពភ្នែក
លោក Kaul បានមានប្រសាសន៍ថា ផ្លែពោតបារាំង គឺជាប្រភពដ៏សម្បូរបែបនៃវីតាមីនA និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lutein និង zeaxanthin ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពឱ្យល្អ។ សារធាតុចិញ្ចឹមទាំងនេះក៏មានតួនាទីការពារភ្នែកបីជំងឺដូចជា ជំងឺភ្នែកឡើងបាយ។ ប្រសិនបើអ្នកញុំាផ្លែពោតបារាំងជាទៀងទាត់ អ្នកអាចជួយការពារសុខភាពភ្នែករបស់អ្នកបានល្អ និងអាចរក្សាការមើលឃើញរបស់អ្នកបានយ៉ាងប្រសើរ៕