ផ្លូវចិត្តជាចំណែកដ៏សំខាន់មួយសម្រាប់ជីវិតក្នុងការបន្តដំណើរទៅថ្ងៃមុខ ហើយមូលហេតុជាច្រើននៅពីក្រោយការបាត់បង់ផ្លូវចិត្តនេះពីខ្លួន រហូតគិតខ្លីឬធ្លាក់ខ្លួនឈឺធ្ងន់ជាដើម។ប៉ុន្តែបងប្អូនត្រូវចាំថារាល់ជំងឺផ្លូវចិត្តទាំងអស់គឺសុទ្ធតែអាចស្រោចស្រង់បាន។
ក្នុងនោះប្រទេសកូរ៉េដែលជាប្រទេសជឿនលឿនមួយក៏ត្រូវបានគេដឹងនិងស្គាល់ច្រើនថាមានតារាទាំងចម្រៀងនិងសម្ដែងរងការប៉ះពាល់ផ្លូវចិត្តធ្ងន់ដោយសារការនិយាយបន្តោសបង្អាប់ធ្ងន់ៗទៅលើរាតាទាំងនោះតាមបណ្ដាញសង្គម តែរឿងខ្លះទៀតដែលនៅក្រោយពីនេះទៀត បងប្អូនអាចមិនទាន់ដឹង។
តាមរយៈការសម្ភាសរវាងក្រុមការងារចាបបៃតងនឹងគ្រូចិត្តសាស្រ្តខ្មែរ លោកគ្រូវេជ្ជបណ្ឌិត សុង ម៉ិញហុង បានឱ្យដឹងថា សម្ពាធការងារខ្លាំងហួសហេតុពេក ជាមូលហេតុមួយនាំឱ្យមនុស្សអាចធ្លាក់ចូលការបាក់ទឹកចិត្តបាន និងប្រឈមមុខក្នុងការគិតខ្លី។លោកគ្រូបានលើកជាឧទាហរណ៍ជាក់ស្ដែងដូចតារាកូរ៉េខ្លះ ដោយសារការងារច្រើនពេករវល់ជាប់ៗគ្នា ហើយតម្រូវឱ្យតមអាហារ ថែមទាំងការគេងមិនគ្រប់គ្រាន់ទៀត នាំឱ្យគាត់មានអារម្មណ៍ថាគាត់រកប្រាក់មកមិនមែនដើម្បីជីវិត ហេតុនេះគាត់គិតថាជីវិតគាត់ឥតន័យនាំឱ្យគាត់គិតខ្លី និងកើតបញ្ហាបាក់ទឹកចិត្តជាដើម។
ដូចបងប្អូនដឹងហើយថាសុខភាពយើងទាំងមូលត្រូវការចាំបាច់ណាស់នូវរបបអាហារ ការគេង ការមានពេលសម្រាកលំហែខ្លះដើម្បី សុខភាពទាំងរាងកាយនិងផ្លូវចិត្ត មានដំណើរការល្អប្រសើរ ប៉ុន្តែបើខ្វះខាតចំណុចទាំងនេះហើយ យូរៗទៅរាងកាយក៏ចុះខ្សោយ ចិត្តក៏លែងរីករាយ ថែមទាំងរងពាក្យសម្ដីមិនល្អ ឬការមើលងាយពីសង្គមថែមទៀត នាំឱ្យមនុស្សគិតច្រើន តូចចិត្តច្រើន រហូតលែងមានទឹកចិត្តចង់ធ្វើអ្វីបន្តទៀត អស់សង្ឃឹមលើខ្លួនឯង រហូតបោះបង់ខ្លួនឯងចោលជាដើម។
ហេតុនេះមិនថាក្នុងនាមយើងជាមនុស្សសាមញ្ញ ឬជាតារា ត្រូវតែរៀនពីរបៀបថែផ្លូវចិត្តនិងផ្លូវកាយឱ្យល្អ នោះទើបពេលរឿងរ៉ាវផ្សេងៗនេះជីវិតចូលមក យើងរឹងមាំ និងចេះមើលែខ្លួនឯងបានល្អ មិនធ្លាក់ក្នុងរណ្ដៅនៃជំងឺផ្លូវចិត្ត។