យោងតាមរយៈកិច្ចសម្ពាសន៍របស់ក្រុមការងារចាបបៃតង ជាមួយលោកវេជ្ជបណ្ឌិត អុឹង ម៉េងលាង ឯកទេស វះកាត់ជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង បានបកស្រាយប្រាប់ក្រុមការងារថាជំងឺ ក្រួសនៅក្នុងតម្រងនោម(ក្រលៀន)នេះគឺ កើតឡើងមិនកំណត់អាយុចាស់ ឬក៏ក្មេងឡើយ។កាលណាមនុស្សចេះញុំាអាហារចេះផឹកគឺអាចនឹងបង្កជាជំងឺនេះឡើងមកហើយបើមិនប្រយ័ត្ន។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រួសតម្រងនោមមនុស្សដែលមានអាយុច្រើនពួកគាត់ មានហានិភ័យកើតជាងអ្នកមានអាយុក្មេងៗ។
តួយ៉ាង ជំងឺក្រួសតម្រងនោមនេះផ្ទាល់ គេសង្កេតឃើញថាអាចកើតឡើងដោយសារកត្តានៃការរស់នៅជាប្រចាំថ្ងៃផងដែរដូចជា អ្នកនៅតាមបណ្ដាខេត្ត ស្រុកស្រែចម្ការ អ្នកនៅតាមតំបន់ភ្នំ តំបន់ទន្លេជាដើម។ ចំពោះមូលហេតុដែលអ្នករស់នៅតំបន់នោះ ប្រឈមនឹងជំងឺនេះ ដោយសារកត្តានៃការទទួលទានទឹកដែលសម្បូរដោយជាតិកាល់ស្យូម ជាតិកំបោរ សារធាតុ អ៊ុកសាឡាតនិងញុំាប្រភេទអាហារមានជាតិសូដ្យូម វីតាមីនស៊ី គ្រឿងក្នុង សូកូឡាលើសកំណត់….ជាដើម។
មួយវិញទៀត លោកវេជ្ជៈបណ្ឌិតបានបន្តថា ចំពោះរោគសញ្ញានៃជំងឺក្រួសនៅក្នុងតម្រងនោមនេះ អាចធ្វើឱ្យអ្នកជំងឺមិនដឹងខ្លួនក៏មាន ហើយជាទូទៅវាបញ្ចេញជារោគសញ្ញាដំបូងឱ្យបានដឹងខ្លះៗមានដូចជា៖
-ឈឺចាប់នៅចង្កេះខាងឆ្វេងឬក៏ខាងស្ដាំ ដោយអាស្រ័យលើក្រួសតម្រងនោមកើតលើម្ខាងមួយណានៃតម្រងនោមទាំង២។
-ឈឺនៅក្នុងពោះ អ្នកខ្លះឈឺចាប់ខ្លាំងរហូតបែកញើសពេញខ្លួនទ្រាំមិនបានក៏មាន
-ឈឺនៅគន្លាក់ក្បែរប្រដាប់ភេទ
-ករណី នោមមកចេញឈាម ក៏ជារោគសញ្ញាជំងឺក្រួសក្នុងតម្រងនោមផងដែរ។
វិធីការពារជំងឺក្រួសតម្រងនោម៖ លោកវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីការពារជំងឺក្រួសតម្រងនោម អ្នកនៅតាមជនបទ ជាពិសេសតំបន់ទន្លេ ព្រោះទឹកទន្លេមានជាតិកំបោរ និងជាតិកាល់ស្យូមខ្ពស់ អាចអនុវត្តវិធីដូចជា៖
- ប្រភេទទឹកមុននឹងញុំា គួរតែច្រោះសិនចាំទទួលទានតាមក្រោយចៀសវាង ទឹកមានជាតិកំបោរឬកាល់ស្យូមភាគរយខ្ពស់ យូរទៅបង្កជាជំងឺក្រួសក្នុងតម្រងនោមឡើងមក
- ផឹកទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ២ទៅ៣លីត្រ ព្រោះកាលណាអ្នកញុំាទឹក បានគ្រប់គ្រាន់អត្រាបង្កជាក្រួសតម្រងនោមនឹងចុះទាប។
-កុំចេះតែទិញថ្នាំតាមឱសថស្ថានញុំា គ្មានការអនុញ្ញាត្តតាមវេជ្ជបញ្ជា របស់គ្រូពេទ្យជំនាញត្រឹមត្រូវ ពិតជាមានហានិភ័យខ្លាំងណាស់។
មួយវិញទៀតលោកវេជ្ជបណ្ឌិត បានរៀបរាប់បន្ដថាជំងឺក្រួសតម្រងនោម បើមិនទៅព្យាបាលឱ្យបានត្រឹមត្រូវអាចខូចតម្រងនោមបាន អាចគ្រោះថ្នាក់ខ្លាំងដល់ជីវិតប្រឈមនឹងការ ប្ដូរតម្រងនោមឬក្រលៀននេះចេញ ហើយការប្តូរក្រលៀនទៀតសោត មិនប្រាដកថាជោគជ័យឡើយ ប្រសិនណារាងកាយមិនទទួល ដូរក្រលៀនភ្លាមអាចនិងខូចវិញភ្លាមក៏មាន ជាពិសេសមុននឹងដូរក្រលៀន គឺអ្នកជំងឺត្រូវប្រឈមនឹងការលាងឈាមជាប្រចាំទៀតដើម្បីរស់នៅបន្ត។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានណែនាំថា គួរតែព្យាយាមមកពិនិត្យសុខភាពឱ្យបានទៀងទាត់ យ៉ាងហោចណាស់៦ខែឬ១ឆ្នាំម្ដងចៀសវាងកើតជំងឺក្រួសតម្រងនោមឡើងមក ទុកយូររហូតខូចតម្រងនោមអស់ គ្រោះថ្នាក់ខ្លាំងដល់ជីវិត ពីព្រោះសម័យថ្មីនេះវិធីសាស្រ្តប្រើសម្រាប់ព្យាបាលជំងឺក្រួសនៅក្នុងតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គដួង គឺមានការរីកចម្រើនខ្លាំងណាស់ ព្យាបាលរយៈពេលខ្លី មានប្រសិទ្ធភាព គ្មានការឈឺចាប់ខ្លាំង ដូច្នេះបើអ្នកមានបញ្ហានៅស្រាលៗ ឬមានរោគសញ្ញាសង្ស័យ ប្រញាប់ទៅពិនិត្យនិងព្យាបាលឱ្យទាន់ពេលចៀសវាងទុកដល់ធ្ងន់ពិបាកព្យាបាលឡើងមក គ្រូពេទ្យជំនាញក៏ពិបាកជួយដែរ៕
អត្ថបទដោយ៖ប៉ែត ធីតា