តាម WHO លើកឡើងថា អ្នកកើតជំងឺធ្លាក់ទឹកចិត្តអាចនាំឱ្យធ្វើអត្តឃាត។ ហើយត្រូវបានគេគិតថាមានមនុស្សជាង ៧០០.០០០នាក់បានស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ។ នៅក្នុងចំណោមអ្នកសម្រេចចិត្តធ្វើអត្តឃាតត្រូវបានគេដឹងថា ជាអ្នកមានវ័យ ១៥ទៅ២៩ឆ្នាំ។ បើអ្នកមានបញ្ហាផ្លូវចិត្តកុំអស់សង្ឃឹម មានក្បួនសង្រ្គោះផ្លូវចិត្តឱ្យរស់ឡើងវិញ។ គឺក្បួនលោកម៉ូរីតា ជាវេជ្ជបណ្ឌិតជប៉ុនដើរតាមមាគ៌ារបស់ព្រះពុទ្ធ បានបង្រៀនឱ្យមនុស្សយើងទទួលយកការពិតដូចជា ការថប់បារម្ភ ការភ័យខ្លាច និងការព្រួយបារម្ភជាដើម។ នេះជាក្បួនទាំង០៣ ដើម្បីសង្រ្គោះផ្លូវចិត្ត៖
១. ទទួលយកការពិត មានច្រកសង្រ្គោះផ្លូវចិត្ត៖ មានពាក្យគេនិយាយថា អ្នកដឹងថាខ្លួនល្ងង់ គង់តែមានចំណេះ។ ដូចគ្នាដែរថា ចូរទទួលស្គាល់ការពិតថា ខ្លួនមានបញ្ហាផ្លូវចិត្តដូចជា ស្រ្តេស ធ្លាក់ទឹកចិត្ត កំហឹង និងការភ័យខ្លាច... ការទទួលស្គាល់អារម្មណ៍ទាំងនេះ ជាជំហានទីមួយ ដើម្បីសង្រ្គោះផ្លូវចិត្ត។ លោកម៉ូរីតាបានប្រៀបធៀបអារម្មណ៍ទៅនឹងអាកាសធាតុ។ អ្នកមិនអាចព្យាករណ៍ ឬគ្រប់គ្រងអារម្មណ៍ទាំងនេះបានទេ។ អ្វីដែលអ្នកអាចធ្វើបាន គ្រាន់តែសង្គេតពីអារម្មណ៍ទាំងនេះ តាមសតិដឹង ឬពីដំណើរអារម្មណ៍”។ វានឹងរលាយអារម្មណ៍អវិជ្ជមានទាំងអស់នេះបន្តិចម្តងៗ មិនខានឡើយ។ ពេលអ្នកស្គាល់ទទួលការពិតបែបនេះ ចិត្តអ្នកក៏ក្លាហាន រកដំណោះស្រាយដែរ។
២. ផ្តោតអារម្មណ៍រស់ក្នុងពេលនេះ៖ ការពិតគឺសាមញ្ញណាស់។ ការឈឺចាប់លើរឿងអ្វីមួយប្រៀបដូចជារលាក់ភ្លើងដែរ។ គ្រាន់តែផ្តោតអារម្មណ៍ក្នុងពេលនេះ រយៈពេល៣០នាទី ដៃរលាក់ភ្លើងក៏បាតឈឺដែរ។ ការពិតអ្នកមិនព្រមទទួលបានស្គាល់នេះឯង។ អ្នកកុំព្យាយាមលុបបំបាត់រោគសញ្ញានៃអារម្មណ៍ទាំងនេះ ហើយវានឹងកើតឡើងវិញដោយខ្លួនឯង។ ហើយអារម្មណ៍ខឹង ស្អប់ និងឈឺចាប់ក៏រលាយដែរ ប៉ុន្តែលុះត្រាអ្នកព្យាយាមគ្រប់គ្រងលើការគិត និងខ្លួនអ្នកឆ្លើយតបដោយអារម្មណ៍វិជ្ជមាន។ ការព្យាបាលម៉ូរីតា មិនផ្តល់ការពន្យល់ ឬដំបូន្មានអំពីអ្វីទេ គឺអនុញ្ញាតឱ្យអ្នកជំងឺរៀនពីការសង្គេតអារម្មណ៍ដោយខ្លួនឯង ដើម្បីជាសះស្បើយដោយខ្លួនឯងតាមធម្មជាតិ។
៣. ស្វែងយល់ពីគោលបំណងជីវិត៖ នេះជាយុទ្ធសាស្រ្តរបស់លោកម៉ូរីតា ពេលអ្នកព្យាបាលជំងឺផ្លូវចិត្តរួចហើយ គាត់នឹងដាក់សំនួរថា ឱ្យអ្នកស្វែករកគោលដៅជីវិតជាអ្វី? តាមលោក Viktor frankl ជាអ្នកចិត្តសាស្រ្តសញ្ជាតិជ្វីហ្វបាននិយាយថា “ការស្វែងរកអត្ថន័យក្នុងជីវិត គឺជាកម្លាំងជំរុញដ៏មានឥទ្ធិពលក្នុងដំណើរនៃជីវិត។” មានដូចជារស់នៅ ដើម្បីកូន ដើម្បីឪពុកម្តាយ និងជួយអ្នកផ្សេងៗ...។ តាមគោលការណ៍របស់ម៉ូរីតា ដើម្បីរកចម្លើយនៃជីវិត“ តើយើងត្រូវធ្វើអ្វីក្នុងពេលឥឡូវនេះ?(សម្រាប់ជីវិតនេះ)” ៕
អត្ថបទដោយ៖ ទ្រ សុភាព