ថ្លើមជាសរីរៈមួយ ដ៏សំខាន់ចំពោះរាងកាយ វាមានតួនាទីបញ្ចេញជាតិពុល ជួយរំលាយអាហារ ព្រមទាំងមានតួនាទីសំខាន់ផ្សេងៗទៀត ។ កោសិកាថ្លើម អាចនឹងត្រូវបានបំផ្លាញ ប្រសិនបើ មានការបង្ករោគដោយវីរុស ឬអ្នកមានទម្លាប់ផឹកស្រាច្រើនលើសកម្រិតជាប្រចាំ និងអ្នកកើតជំងឺខ្លាញ់រុំថ្លើម ដែលមិនបានព្យាបាល ឲ្យបានត្រឹមត្រូវជាដើម។
យោងតាមគេហទំព័រ mayoclinic.org មានសញ្ញាសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់ថា ថ្លើមរបស់លោកអ្នក បំពុងមានបញ្ហាហើយ ។
សញ្ញាសំខាន់រួមមាន៖ ភ្នែក និងស្បែកមានពណ៌លឿង មានឈឺឬហើមពោះញឹកញាប់ មានហើមត្រង់ភ្នែកគោ ឬត្រង់ប្រអប់ជើង មានរមាស់ស្បែក ទឹកនោមប្រែជាពណ៌ត្នោត ឧស្សាហ៍អស់កម្លាំង មានក្អួតចង្អោរ មិនឃ្លានអាហារ ឧស្សាហ៍ចេញស្នាមជាំលើស្បែក និងលាមកមានពណ៌សស្លេក -ល-។
មានកត្តាសំខាន់ៗមួយចំនួនដែលបង្កឲ្យមានបញ្ហាថ្លើម៖ អ្នកមានទម្លាប់ផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត អ្នកធាត់លើសទម្ងន់ មានដុះខ្លាញ់ក្បាលពោះ ការប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជាត្រឹមត្រូវ អ្នកជំងឺទឹកនោមផ្អែម និងអ្នកធ្លាប់មានជំងឺរលាកថ្លើមរ៉ាំរ៉ៃ -ល-។
វិធីបង្ការ៖ កាត់បន្ថយការផឹកគ្រឿងស្រវឹងលើសកម្រិតញឹកញាប់ រក្សាតុល្យភាពទម្ងន់រាងកាយ ករណីមានជំងឺរលាកថ្លើម ត្រូវព្យាបាលជាមួយគ្រូពេទ្យជំនាញ ឲ្យបានត្រឹមត្រូវ កុំទម្លាប់ញ៉ាំភេសជ្ជៈផ្អែមញឹកញាប់ ត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ឲ្យបានត្រឹមត្រូវ និងគួរចៀសវាង ការប្រើប្រាស់ឱសថបុរាណដែលគ្មានប្រភពច្បាស់លាស់ -ល-។
ចំណុចគួរកត់សម្គាល់៖ លោកអ្នកអាច មិនចាប់អារម្មណ៍ ព្រោះអាចគ្មានសញ្ញា និងរោគសញ្ញាច្បាស់លាស់ណាមួយ នៃជំងឺថ្លើមបានស្ដែងចេញឲ្យឃើញនោះទេ ជាពិសេសក្នុងដំណាក់កាលដំបូងៗ។ ប៉ុន្តែករណីកត់សម្គាស់ឃើញមាន សញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ប្រឹក្សា ជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕
អត្ថបទដោយ៖ ហួ ភារ៉ា