អត់ហ៊ានផឹកកាហ្វេទេ ខ្លាចធាត់! ពាក្យមួយឃ្លានេះ ភាគច្រើនបងប្អូនដែលកំពុងសម្រកគីឡូ ថែរាង និយាយចេញមក ពេលមានអ្នកបបួលផឹកកាហ្វេ ប៉ុន្តែសំនួរសួរថា តើកាហ្វេធ្វើឱ្យយើងឡើងគីឡូ ធាត់មែនឬយ៉ាងណា? ប្រហែលជាមិនពិតទេ! កាហ្វេគ្មានសារធាតុណាមួយធ្វើឱ្យធាត់ ឬឡើងគីឡូឡើយ ប៉ុន្តែអាចមកពីជាតិស្ករ ជាតិគ្រីមផ្សេងៗដែលគេបន្ថែមនៅក្នុងកាហ្វេទៅវិញទេ ដែលជាតួអង្គធ្វើឱ្យបងប្អូនឡើងគីឡូ។ នៅក្នុងអត្ថបទនេះក្រុមការងារHealthy Cambodia បានធ្វើការសិក្សាស្រាវជ្រាវ សម្រិតសម្រាំងយកក្បួនដែលល្អបំផុតក្នុងការជ្រើសរើសកាហ្វេផឹក និងក្បួនក្នុងការផឹកកាហ្វេបែបណា ដើម្បីកុំឱ្យឡើងគីឡូ ធាត់ រាងមិនស្អាត។ ពោលគឺ ចេះក្បួននេះហើយ កាន់តែផឹក កាន់តែរាងស្អាត ដុតរំលាយខ្លាញ់អាក្រក់ចេញបានទៀត។
បើតាមការសិក្សាពី The Time of India, បច្ចុប្បន្ននេះមានមនុស្សរាប់ពាន់លាននាក់ចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ ដោយប្រើកាហ្វេ។ កាហ្វេ អាចជួយឱ្យពួកគេមានថាមពល ខួរក្បាលស្វាងពីងងុយគេង គិតបានរហ័ស និងលែងស្ពឹកស្រពន់។ ជាមួយគ្នានេះ កាហ្វេក៏អាចជួយកាត់បន្ថយចំណង់អាហារ ដែលអាចជំនួយឱ្យការសម្រកគីឡូ ថែរាង កាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែបើផឹកកាហ្វេផ្អែម ប្រហែលជាមិនសូវជាល្អសម្រាប់អ្នកសម្រកគីឡូប៉ុន្មានទេ។
សម្រាប់អ្នកថែរាង គេណែនាំឱ្យផឹកកាហ្វេធម្មតា ដោយគ្មានប្រើទឹកដោះគោផ្អែម ឬជាតិស្ករ ហើយគិតលើកាឡូរីកាហ្វេផង, ឧទាហរណ៍កាហ្វេespresso មានត្រឹមតែ៣កាឡូរី ។ ប៉ុន្តែប្រហែលជាមិនមានមនុស្សច្រើនទេ អាចផឹកកាហ្វេខ្មៅមិនថែមស្ករ, ហេតុនេះទើបគេណែនាំឱ្យប្រើស្ករបានក្នុងបរិមាណសមល្មម ក្នុងករណីអ្នកមិនអាចខ្វះស្ករបាន។ សម្រាប់កាហ្វេ១ពែង អាចដាក់ស្ករ១ស្លាបព្រាកាហ្វេ ប្រហែលនឹង១៦កាឡូរី។ ជម្រើស១ទៀត អ្នកអាចបន្ថែមទឹកឃ្មុំ ដើម្បីយករសជាតិផ្អែមឡេមៗល្អបំផុត។
លើសពីនេះ បើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកនាងLauren Manaker បានផ្តល់បទសម្ភាសឱ្យ Eat This, Not That! បានពន្យល់ទៀតថា បើអ្នកមានតិចនិច មានក្បួនក្នុងការញ៉ាំអាហារប្រចាំថ្ងៃ មិនថាគោលដៅអ្នកចង់បានរូបរាងបែបណាក៏អ្នកអាចសម្រេចបានដែរ។ នៅក្នុងករណីកាហ្វេនេះ អ្នកនាងLauren Manaker បានចែកក្បួនមួយចំនួនដែលអ្នកថែរាងគ្រប់រូប អាចយកទៅអនុវត្តតាមបាន ដើម្បីបានរាងស្អាត ដុតរំលាយខ្លាញ់ មិនធាត់ឡើងគីឡូ។
· កម្រិតជាតិស្ករ៖ កាហ្វេដាក់ស្ករអាចមិនមែនជាជម្រើសល្អទេ សម្រាប់អ្នកថែរាង។ នៅក្នុងមួយថ្ងៃអ្នកត្រូវការថាមពលប្រហែលជា២០០០កាឡូរី ស្មើរនឹងប្រមាណ៥០ក្រាមនៃជាតិស្ករ។ បើអ្នកដាក់ស្ករ១ស្លាបព្រាបាយក្នុងកាហ្វេ១កែវ ស្មើរនឹងអ្នកផឹកជាតិស្ករ១២,៥ក្រាមបាត់ទៅហើយនៅក្នុងកាហ្វេ១កែវ។ ដូចនេះ បើអ្នកចង់ផឹកផ្អែម គួរតែរើសស្ករណាដែលមានជាតិផ្អែម តែមានកាឡូរីតិច ឬស្ករពីធម្មជាតិផ្សេងៗ។
· ដាក់ម្សៅប្រូតេអ៊ីន/ម្សៅខូឡាជែនលាយបញ្ចូល៖ ការបញ្ចូលម្សៅខូឡាជែន ដែលសម្បូរនូវសារធាតុប្រូតេអ៊ីន វីតាមីន ចូលទៅក្នុងកាហ្វេ នឹងជួយឱ្យអ្នកមានថាមពលពេញលេញ មិនឃ្លានអ្វីផ្តេសផ្តាស ហើយឆ្អែតដោយមានសុខភាព និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ហើយសូមបញ្ជាក់ដែរថា មិនត្រឹមតែមានការសិក្សាទេ អ្នកជំនាញដ៏ល្បីម្នាក់ក៏បានពិសោធន៍រឿងនេះផ្ទាល់ដែរ ពោលគឺគាត់ផឹកកាហ្វេដាក់ម្សៅខូឡាជែន២សប្តាហ៍ជាប់ៗគ្នា ឃើញថាគាត់មានអារម្មណ៍ឆ្អែតតាំងពីព្រឹក ដល់អាហារថ្ងៃត្រង់តែម្តង។
· កុំផឹកកាហ្វេជំនួសអាហារ៖ មានមនុស្សមិនតិចទេ ដែលយកកាហ្វេជំនួសអាហារ។ តែធ្វើបែបនេះមិនល្អនោះទេ ទាំងសុខភាព ទាំងការថែរក្សារាង។ អ្នកគួរតែញ៉ាំអាហារដូចធម្មតា ហើយផឹកកាហ្វេដែលជាសារធាតុរាវដើម្បីជំនួយឱ្យអាហារកាន់តែឆ្អែតបានយូរ និងមានថាមពលគ្រប់គ្រាន់ បើផឹកកាហ្វេជំនួសអាហារ អ្នកអាចនឹងជួបបញ្ហានៅថ្ងៃក្រោយ។
អានមកដល់ចំណុចនេះ មានអារម្មណ៍យ៉ាងណាដែរបងប្អូនដែលកំពុងសម្រកគីឡូ? តើអាចធ្វើបានទេ? សូមរម្លឹកផងដែរថា ក្បួននេះ ទោះអ្នកមិនចង់សម្រកគីឡូក៏អាចប្រើបានដែរ ព្រោះវាជួយឱ្យមានសុខភាព មិនលើសជាតិស្ករ និងអាចរំលាយខ្លាញ់លើសដែលមិនល្អចេញបានទៀតផង។ កុំភ្លេចសាកល្បងអនុវត្តទាំងអស់គ្នាណា៎ បានលទ្ធផលបែបណាចាំប្រាប់ះHealthy Cambodia វិញផងណា៕
អត្ថបទដោយ៖ កញ្ញា លីហួយ